ភ្នំពេញៈ គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំ កាលពីថ្ងៃសុក្រ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានអនុម័តសេចក្តីព្រាងច្បាប់មួយ ស្តីពីរបបសន្តិសុខសង្គម (បសស) ដើម្បីផ្តល់អត្ថប្រយោជន៍ដល់កម្មករ និយោជិត ខណៈសង្គមស៊ីវិលបារម្ភពីតម្លាភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ នៅពេលចេញជារូបរាង។
កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកថា ច្បាប់នេះមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីរាជការ និងកម្មករ កម្មការិនី ទាំងក្នុងពេលបំពេញការងារ និងពេលឈប់សម្រាកពីការងារជាពិសេសគឺ កិច្ចគាំពារសម្រាប់ស្រ្តី។
លោក ហ៊ុន សែន សរសេរថា៖ «រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ដោះស្រាយក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រើនថែមទៀត ដើម្បីបងប្អូនទទួលបាននូវផលប្រយោជន៍កាន់តែច្រើន និងមានជីវភាពរស់នៅកាន់តែល្អប្រសើរ»។
សេចក្តីព្រាងច្បាប់នេះមានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គមកម្ពុជាតាមគោលការណ៍សាមគ្គីធម៌ និងសមធម៌សង្គម ដែលមាន ៤ ផ្នែក គឺផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ។
ការតាក់តែងសេចក្តីព្រាងច្បាប់នេះគឺដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាក្នុងសង្គម សម្រាប់បុគ្គលិក ដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា ច្បាប់ស្តីពីរបបសន្តិសុខសង្គមមានការប្រញាប់ ហើយនៅសប្តាហ៍ក្រោយនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភា។
លោកបញ្ជាក់ថា៖ «ហើយ (ច្បាប់) នេះជាសេចក្តីត្រូវការ និងការយកចិត្តទុកដាក់របស់សម្តេចនាយករដ្ឋមន្ត្រី (ហ៊ុន សែន)»។
លោក ស៊ីផាន បន្ថែមថា នៅពេលច្បាប់ចេញជារូបរាងការអនុវត្តច្បាប់នឹងធ្វើឡើងទៅតាមច្បាប់ ហើយអ្នកដែលមិនអនុវត្តតាមច្បាប់គឺជារឿងខុស។ លោកបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយធ្វើយុទ្ធនាការបង្ហាញពីច្បាប់នេះដើម្បីឱ្យការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅថាសង់ត្រាល់ ប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថាលោកស្វាគមន៍សេចក្តីព្រាងច្បាប់នេះ ព្រោះមានការដាក់បញ្ចូលកម្មករ និយោជិតទៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺកម្មករធ្វើការងារផ្ទះ។ ប៉ុន្តែលោកថា គួរតែពង្រីកវិសាលភាពឱ្យបានទូលំទូលាយជាងនេះទៀតបានពេញលេញទៅដល់វិស័យឯកជន និងគ្រប់វិស័យទាំងអស់។
លោកថា៖ «កាលណាច្បាប់ហ្នឹងចេញ ការទទួលបាននូវការបង់វិភាគទានអំពីកម្មករ និយោជិត ឬក៏នៅក្នុងវិស័យសាធារណៈ គឺជាការតម្កល់នូវកញ្ចប់ថវិកាមួយ ដែលមានទំហំមួយធំ។ អ៊ីចឹង វាទាមទារឱ្យមានការគ្រប់គ្រង ដោយតម្លាភាព អភិបាលកិច្ច និងប្រសិទ្ធភាពនៅក្នុងការទូទាត់ ឬប្រើប្រាស់ដើម្បីធានាថាវិភាគទានអ្នកដែលបង់ចូលហ្នឹង គឺគាត់អាចទទួលមកវិញដោយនីតិវិធីមួយឬក៏ដោយមានការទទួលខុសត្រូវនៅក្នុងការផ្តល់សេវាត្រឡប់មកវិញ»។
លោក ឃុន ថារ៉ូ បន្តថា ចំណុចដែលលោកបារម្ភ គឺនៅក្នុងច្បាប់មិនបាននិយាយលម្អិតអំពីនីតិវិធីក្នុងការធានាឱ្យមានអភិបាលកិច្ច និងប្រសិទ្ធភាព ជាពិសេសការធានាអំពីនិរន្តរភាព។ ទោះយ៉ាងណាលោកថា នេះគឺជាជំហានមួយវិជ្ជមានក្នុងការឈានទៅរករបបគាំពារសង្គមមួយ។ បើប្រៀបធៀបបណ្តាប្រទេសជិតខាង កម្ពុជាដើរនៅក្រោយគេ ព្រោះកម្ពុជាមានរបបគាំពារសង្គមផ្នែកសុខភាព គ្រោះថ្នាក់ការងារ ហើយពេលនេះពង្រីកវិសាលភាពទៅដល់សោធននិវត្តន៍។ ដើម្បីឱ្យបានពេញលេញ ច្បាប់នេះគួររំលេចឱ្យមានរបបគាំពារសង្គមខណៈមិនមានការងារធ្វើ។
លោកបន្ថែមថា អាណត្តិក្រុមប្រឹក្សាក្នុងបេឡាជាតិរបបសន្តិសុខសង្គមត្រូវតែមានការចូលរួមពីវិស័យឯកជន វិស័យសាធារណៈ រាជរដ្ឋាភិបាល ក៏ដូចជាតំណាងកម្មករ និយោជិត ឬនិយោជកដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ។
អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ កាលពីម្សិលមិញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕