ភ្នំពេញៈ មន្ត្រីពាក់ព័ន្ធបានឱ្យដឹងពីថ្ងៃ ៧ កុម្ភៈថា ក្នុងសប្ដាហ៍ទី ១ ដើមខែកុម្ភៈនេះគ្រោះអគ្គិភ័យបានបង្កឱ្យមនុស្សនៅភ្នំពេញ និងខេត្តចំនួន ២ យ៉ាងតិច ៣ នាក់រងរបួស និងឆេះខូចខាតអគារសាលារៀន ១ ខ្នងមាន ៤ បន្ទប់ ឃ្លាំងស្តុកទំនិញចំនួន ២ ព្រមទាំងឆេះខូចខាតព្រៃឈើជាង ១០០ ហិកតា។
លោក ព្រំ យ៉ន ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីថ្ងៃ ៦ កុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងក្នុងខណ្ឌចំនួន ២ ក្នុងរាជធានីភ្នំពេញ បង្កឱ្យបុរស ២ នាក់រងរបួស និងឆេះខូចខាតទំនិញក្នុងឃ្លាំងចំនួន ២ អស់ទាំងស្រុង។
បើតាមលោក យ៉ន នៅព្រឹកថ្ងៃ ៦ កុម្ភៈ មានគ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញទំហំ ១៦ ម៉ែត្រ x២៥ ម៉ែត្រធ្វើពីដែក ប្រក់ស័ង្កសី នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ទំនិញក្នុងឃ្លាំងដែលភាគច្រើនជាកាវបិទស្បែកជើង និងសាំងក្រអូប រួមទាំងសម្ភារមួយចំនួនទៀតត្រូវបានឆេះអស់ ហើយបានបង្ករបួសមនុស្ស ២ នាក់ក្នុងនោះម្នាក់ឈ្មោះ Peng Quiyun អាយុ ២៩ ឆ្នាំជាជនជាតិចិន ជាប្រធានផ្នែកគ្រប់គ្រងទំនិញក្នុងឃ្លាំង និងម្នាក់ទៀតឈ្មោះ ជ័យ ស៊ីធឿន អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ។
លោកបានបន្តថា ក្រោយពីអគ្គិភ័យនេះត្រូវបានពន្លត់អស់ ស្រាប់តែនៅម៉ោង ១២:៣០ នាទីក្នុងថ្ងៃដដែលនោះក៏មានគ្រោះអគ្គិភ័យមួយទៀតកើតឡើងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយបានឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តទំហំ ៥ ម៉ែត្រ x៧ ម៉ែត្ររួមទាំងទំនិញក្នុងឃ្លាំងនោះខូចខាតទាំងស្រុង។
លោក យ៉ន បានបញ្ជាក់ថា៖ «ករណីឆេះឃ្លាំងទំនិញទាំង ២ នេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង»។
លោកបានឱ្យដឹងដែរថា ចាប់ពីដើមខែមករារហូតមកទល់ពេលនេះនៅភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើងចំនួន ១២ ករណី និងបានបង្កឱ្យមនុស្សចំនួន ២ នាក់ស្លាប់ និង ២ នាក់ទៀតរងរបួស។
ជុំវិញគ្រោះអគ្គិភ័យនេះដែរ លោក ប៊ុត អាន នាយផ្នែកបង្ការ និងពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅយប់ថ្ងៃទី ៥ ខែកុម្ភៈ មានគ្រោះអគ្គិភ័យមួយកើតឡើងនៅក្នុងសាលាបឋមសិក្សាកែវវិជ័យក្នុងភូមិកែវ វិជ័យ ឃុំកណ្តៀង។
ករណីនេះបានបង្កឱ្យ លោក អ៊ុយ លាងហាក់ អាយុ ៤៨ ឆ្នាំជានាយកសាលាបឋមសិក្សាខាងលើរងរបួសស្រាល បន្ទាប់ពីគាត់បានព្យាយាមទៅរំដោះសត្វគោ ២ ក្បាលរបស់គាត់ដែលផ្ញើទុកក្នុងបន្ទប់ អគារសាលារៀន ១ ខ្នងនោះ តែមិនបានសម្រេច។
លោក អាន បញ្ជាក់ថា៖ «លោកនាយកសាលាបានរងរបួសជើង ហើយគោទាំង ២ ក្បាលរបស់គាត់បានងាប់នៅក្នុងហេតុការណ៍ភ្លើងឆេះនោះ។ ចំណែកសំណង់អគារសាលាទំហំ ៦ ម៉ែត្រ x៣២ ម៉ែត្រមាន ៤ បន្ទប់ ធ្វើពីឈើប្រក់ក្បឿង រួមទាំងសម្ភារសិក្សាមួយចំនួនត្រូវបានឆេះខូចខាតអស់ទាំងស្រុង»។
បើតាមលោក អាន គ្រោះអគ្គិភ័យនេះក៏បង្កឡើងពីការផ្ទុះឆ្លងចរន្តអគ្គិសនី។
លោកបានបន្តថា៖ «យើងពិតជាមានការភ្ញាក់ផ្អើលនៅពេលមានភ្លើងឆេះសាលា បែរជានៅក្នុងបន្ទប់នៃអគារសិក្សានោះ មានចិញ្ចឹមសត្វគោទៅវិញ»។
ជុំវិញករណីនេះ លោក អ៊ុយ លាងហាក់ បានប្រាប់ថា អគារនោះជាអគារចាស់ ដែលប្រើប្រាស់ជារោងជាង និងរោងបាយ ព្រមទាំងជាបន្ទប់ដាក់សម្ភារហើយមានទំនេរ ១ បន្ទប់ គាត់ក៏សុំការអនុញ្ញាតពីគណៈកម្មការសាលាដាក់គោរបស់គាត់ ២ ក្បាលបណ្ដោះអាសន្ន ព្រោះខ្លាចចោរលួច ដោយសារគាត់ត្រូវរុះរើផ្ទះចាស់ដែលមានចម្ងាយជាង ១ គីឡូម៉ែត្រពីសាលាមកនៅជិតសាលាវិញ។
ដោយឡែកលោក ម៉ឹង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងសប្ដាហ៍ទី ១ នៃខែកុម្ភៈនេះមានករណីភ្លើងឆេះព្រៃកើតឡើងដោយបានឆេះរាលដាលដល់ព្រៃចម្ការធ្នង់ក្នុងតំបន់អភិរក្សបង្កការខូចខាតអស់ ១០៥ ហិកតា។ ករណីនេះក្រុមមន្ត្រីជំនាញសង្ស័យលើពលរដ្ឋ ៣ គ្រួសារដែលរស់ក្នុងភូមិអង្កាញ់ឃុំ-ស្រុកស្វាយលើ ជាប់តំបន់ព្រៃអភិរក្សនេះ។
លោក ប៊ុនលឹម បានថ្លែងថា៖ «ករណីភ្លើងឆេះព្រៃនៅកម្ពុជាមិនមែនកើតឡើងពីធម្មជាតិនោះទេគឺកើតឡើងពីសកម្មភាពមនុស្ស។ យើងសង្ស័យមានគេលួចដុតដើម្បីចាប់សត្វព្រៃ ឬដើម្បីទន្ទ្រានយកដីព្រៃមកកាន់កាប់ជាលក្ខណៈឯកជនដោយខុសច្បាប់»។
ទោះជាបែបណាលោក ប៊ុនលីម មិនបានប្រាប់ឱ្យដឹងអំពីអត្តសញ្ញាណពលរដ្ឋទាំង ៣ គ្រួសារដែលសមត្ថកិច្ចសង្ស័យនោះទេ។ លោកថា៖ «នៅពេលនេះ ក្រុមមន្ត្រីជំនាញយើងកំពុងបន្តនីតិវិធីស៊ើបសួរពួកគេម្ដង ១ គ្រួសារៗដើម្បីស្វែងរកការពិត»។
ក៏ប៉ុន្តែបើតាមលោក ប៊ុនលីម ក្រុមមន្ត្រីជំនាញនៅពុំទាន់រកឃើញមានភ័ស្ដុតាងដាក់បន្ទុកលើគ្រួសារនោះទេ។ ក្រុមមន្ត្រីជំនាញកំពុងបន្តស៊ើបអង្កេតករណីនេះដោយអះអាងថា នឹងនាំជនបង្កភ្លើងព្រៃនេះទៅឱ្យតុលាការផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។
លោកថា៖ «ជនបង្កបទល្មើសភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនាត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ១ ឬបទល្មើសជលផលថ្នាក់ទី ១ ដែលត្រូវជាប់ពន្ធនាគារពី ៣ ឆ្នាំទៅ ៥ ឆ្នាំ ឬពី ៥ ឆ្នាំទៅ ១០ ឆ្នាំតាមបញ្ញត្តិមាត្រា ៩៧ នៃច្បាប់ស្តីពីព្រៃឈើ និងមាត្រា ៩៨ នៃច្បាប់ស្តីពីជលផល»។
ជុំវិញករណីភ្លើងឆេះព្រៃនេះដែរ លោក ស្រី រ៉ា ប្រធានដែនជម្រកសត្វព្រៃភ្នំសំកុះ ដែលស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានឱ្យដឹងដែរថា កាលពីថ្ងៃ៥ ខែកុម្ភៈមានករណីភ្លើងឆេះព្រៃរាលដាលចូលក្នុងដែនជម្រកអស់ប្រមាណ ២ ហិកតាផងដែរ។
ជាមួយគ្នានេះលោក រ៉ា ក៏បានសង្ស័យដែរថា ករណីនេះទំនងជា មានពលរដ្ឋលួចដុតដោយសារពួកគេចង់បានដីនៅតំបន់នោះយកធ្វើជាកម្មសិទ្ធិ៕