ភ្នំពេញៈ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយប្រមាណ ៩២៥ ៦៣០ ដុល្លារ តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន ២ ដើម្បីប្រើប្រាស់ដោយផ្ដោតលើសុខភាពកុមារ និងការបោសសម្អាតមីនក្នុងខេត្ដកំពង់ធំ និងក្រចេះក្រោមគម្រោងជំនួយឥតសំណង។
ពិធីផ្តល់ជំនួយនេះ បានធ្វើឡើងដោយមានការចុះហត្ថលេខានៅស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីម្សិលមិញ ក្នុងនោះភាគីជប៉ុនតំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
និងភាគីអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុនតំណាងដោយលោកស្រី យូមីកូ មីណាមី នាយិកា អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិប្រចាំកម្ពុជា និងលោក ស៊ឹអិណាហ្គា ណូរិយ៉ូស៊ិ ប្រធានតំណាងអង្គការ JMAS ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ការផ្ដល់ជំនួយនេះបានបង្ហាញថា «គម្រោងសល្យសាស្ត្រកុមារប្រចាំខេត្តក្រចេះ» និង «គម្រោងការបោសសម្អាតមីននិងគ្រាប់បែកចង្កោម» (ក្នុងឆ្នាំទី១) រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាចំនួន ២៣៧ ៦៦៦ ដុល្លារ ដែលមានអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិប្រចាំកម្ពុជា (FIDR) ជាអ្នកទទួលជំនួយនិងអនុវត្ដគម្រោងនេះ។
សេចក្ដីប្រកាសព័ត៌មានដដែល ថា គម្រោងនេះ អង្គការ FIDR នឹងលើកកម្ពស់ទៅលើប្រព័ន្ធសល្យសាស្ត្រកុមារក្នុងខេត្តក្រចេះតាមរយៈការបណ្តុះបណ្តាលបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមណ្ឌលសុខភាពក្នុងខេត្ត/ក្រុង។
តាមរយៈគម្រោងនេះនឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល មិនត្រឹមតែក្នុងការគ្រប់គ្រងមន្ទីរពេទ្យនិងប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីពង្រឹងក្នុងការវិភាគរកជំងឺដំណាក់កាលដំបូងនិងការព្យាបាលផងដែរ។ ក្រៅពីនោះអង្គការនឹងទាក់ទងជាមួយសហគមន៍រួមទាំងអ្នកជំងឺ និងគ្រួសាររបស់ពួកគាត់ដើម្បីផ្តល់ការអប់រំផ្នែកសុខភាព។
ដោយឡែកគម្រោងផ្ទេរបច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោយក្នុងការបោសសម្អាតមីនក្នុងខេត្តកំពង់ធំ (ឆ្នាំទី២) ថវិកាចំនួន ៦៨៧ ៩៦៤ ដុល្លារ ដែលមានអង្គការជប៉ុន (JMAS) ជាអ្នកអនុវត្ដគម្រោង។
ក្នុងគម្រោងនេះ អង្គការ JMAS នឹងអភិវឌ្ឍលើបច្ចេកទេសមេកានិចក្នុងការបោសសម្អាតមីន ដោយប្រើម៉ាស៊ីនដោះមីន ម៉ាស៊ីនដោះគ្រាប់បែកចង្កោមនិង ដ្រូនទៅក្នុងតំបន់សម្បូរទៅដោយគ្រាប់មីននិងគ្រាប់បែក
ចង្កោមនៅលាយបញ្ចូលគ្នា។
អង្គការ JMAS នឹងផ្ទេរវិធីសាស្ត្របោសសម្អាតដែលមានប្រសិទ្ធភាពនិងមានសុវត្ថិភាពទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងគោលបំណងពង្រឹងសមត្ថភាពនិងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់
CMAC ក្នុងការធ្វើឱ្យប្រទេសជាតិមានសុវត្ថិភាព។
លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងថា ជាដំបូង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ២៣៨ ០០០ ដុល្លារដល់អង្គការ FIDR ក្នុងខេត្តក្រចេះ ដោយអង្គការនេះនឹងបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យដើម្បីពង្រឹងប្រព័ន្ធសល្យសាស្ត្រកុមារហើយផ្តល់ការអបរំអំពីសុខភាពដល់ប្រជាជនដែលរស់នៅក្នុងតំបន់ រួមទាំងអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។
លោកបន្ដថា៖ «អ្នកជំងឺកុមារដែលទទួលការវះកាត់នឹងអាចត្រូវបានរកឃើញនិងព្យាបាលនៅដំណាក់កាលដំបូង ហើយសុខភាពកុមារនៅក្នុងតំបន់នឹងបានប្រសើរឡើង»។
បើតាមលោកឯកអគ្គរាជទូតជប៉ុន អង្គការនេះនឹងផ្ទេរបច្ចេកទេសក្នុងការប្រើម៉ាស៊ីនដោះគ្រាប់បែកចង្កោម និង ដ្រូននៅក្នុងតំបន់សម្បូរទៅដោយគ្រាប់មីននិងគ្រាប់បែកចង្កោមនៅលាយបញ្ចូលគ្នាទៅឱ្យ CMAC។
តាមរយៈគម្រោងនេះលោកសង្ឃឹមថា ប្រជាជនដែលរស់នៅក្នុងតំបន់នឹងបានរួចផុតពីការភ័យខ្លាចនៃគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ ហើយនឹងរួមចំណែកក្នុងការអភិវឌ្ឍក្នុងតំបន់បន្ថែមទៀត៕