
កុមារមានជំងឺគ្រុនឈាមដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ កាលពីខែមិថុនា ឆ្នាំ ២០១៩។ ហុង មិនា
ភ្នំពេញៈ មន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជាបានធូរស្រាលច្រើន និងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន បើទោះបីក្នុងរយៈពេលជិត ១១ ខែនេះមានអ្នកឆ្លង និងកើតជំងឺគ្រុនឈាមជាង ៦ ម៉ឺននាក់ ដែលជាចំនួនកើនឡើងជិត ៣ ដង បើធៀបនឹងឆ្នាំមុននោះក៏ដោយ។
លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា គិតចាប់ពីខែមករាដល់ពាក់កណ្តាលខែវិច្ឆិកានេះមានអ្នកឆ្លង និងកើតជំងឺគ្រុនឈាមទូទាំងប្រទេសជាង ៦ ម៉ឺននាក់។ ចំនួននេះមានការកើនឡើងច្រើនជាងឆ្នាំមុនជិត ៣ ដង ប៉ុន្តែស្ថានភាពនៃជំងឺនេះអាចគ្រប់គ្រងបាន។
បើទោះបីការឆ្លងដែលមានការកើនឡើងចន្លោះពី ២ ទៅ ៣ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ នោះក៏ដោយ ប៉ុន្តែលោកបញ្ជាក់ថា ចំនួនអ្នកស្លាប់បានថយចុះ ដោយក្នុងរយៈពេលជិត ១១ ខែនេះគឺមានអ្នកស្លាប់ដោយសារជំងឺនេះតែជាង ៤០ នាក់ប៉ុណ្ណោះ។ លោកអះអាងថា ឆ្នាំនេះគឺជាឆ្នាំនៃការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេលចន្លោះពី ៥ ទៅ ៦ ឆ្នាំម្តង។
លោកបញ្ជាក់ថា៖ «យើងមានការថយចុះស្ទើរគ្រប់ខេត្តទាំងអស់ ហើយខេត្តដែលកើនច្រើន គឺខេត្តណាដែលមានប្រជាជនច្រើនដែលយើងរាប់ចាប់ពីរាជធានីភ្នំពេញ។ អ្នកស្លាប់គឺយើងមាន (តួលេខ) ៤៥ ឬ ៤៦ នាក់ ឥឡូវហ្នឹងសរុបទៅជាង ៤០ នាក់ ព្រោះវាមានការប្រែប្រួល»។
ក្នុងរយៈពេលនៃការផ្ទុះជំងឺនៅឆ្នាំនេះលោក លាង ឫទ្ធា បានឲ្យដឹងថា ក្រសួងសុខាភិបាលបានប្រើប្រាស់ថ្នាំអាល់បែតជាង ២០០ តោន និងថ្នាំបាញ់ផ្សេងទៀតជាង ៣ ០០០ លីត្រ ដើម្បីសម្លាប់ដង្កូវទឹកទូទាំងប្រទេស និងដើម្បីការពារប្រជាពលរដ្ឋពីជំងឺគ្រុនឈាមដែលចម្លងចេញពីមូសខ្លា។
លោកបន្ថែមថា៖ «យើងមិនមានការខ្វះខាត (ថ្នាំ) អីទេ គឺគ្រប់គ្រាន់ល្មម ហើយបើជំងឺនេះងើបឡើងវិញ ក៏យើងមានសម្ភារៈគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងដែរ។ យើងមានការយកចិត្តទុកដាក់ខ្ពស់ណាស់ ពីថ្នាក់ដឹកនាំជាពិសេសឯកឧត្តមរដ្ឋមន្ត្រី»។
លោកស្រី ឱ វណ្ណឌិន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍តាមប្រព័ន្ធតេឡេក្រាមពីម្សិលមិញថា៖ «ជំងឺគ្រុនឈាមបានធូរស្រាលច្រើនណាស់ក្នុងពេលបច្ចុប្បន្ន។ ក្រសួងបានទប់ស្កាត់ការរាតត្បាតបានល្អប្រសើរ»។
លោកស្រី ស៊ិន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំដែលជាខេត្តមួយស្ថិតក្នុងអត្រាខ្ពស់ដែលមានអ្នកកើតជំងឺគ្រុនឈាមនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា រយៈពេលជាង ៤០ សប្តាហ៍ គឺមានជាង ១ ០០០ ករណី គិតចាប់ពីការផ្ទុះជំងឺនេះដំបូង។ ប៉ុន្តែមិនមានករណីស្លាប់នោះទេ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំដែលបានស្វែងរកសេវាព្យាបាលនៅក្នុងខេត្ត។
ជាមួយគ្នានេះលោកក៏បានឱ្យដឹងថានៅពេលនេះសម្រាប់ស្ថានភាពនៃជំងឺគ្រុនឈាមនៅក្នុងខេត្តកំពង់ធំគឺបានថយចុះ និងស្ទើរតែគ្មានការឆ្លងថ្មីកើតឡើងផងដែរ។
លោកស្រី ស៊ិន បានបញ្ជាក់ថា៖ «ពីដើមឆ្នាំមកយើងបានចុះអប់រំប្រជាពលរដ្ឋយើងឲ្យយល់ដឹងអំពីការការពារ និងពីស្ថានភាពនៃជំងឺគ្រុនឈាម ហើយបើមានសង្ស័យឲ្យឆាប់បញ្ជូនមកមណ្ឌលសុខភាព និងមន្ទីរពេទ្យឱ្យទាន់ពេលដើម្បីព្យាបាល។ ទន្ទឹមនឹងនេះ យើងក៏បើកយុទ្ធនាការដាក់ថ្នាំសម្លាប់ដង្កូវទឹក នៅតាមភូមិនានា ដែលប្រឈមខ្លាំង»។
យោងរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា គិតចាប់ពីថ្ងៃទី ១ មករា ១៥ វិច្ឆិកា ឆ្នាំនេះឲ្យដឹងថាមន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យព្យាបាលជំងឺដល់កុមារចំនួន ៨៧៥ ២០៨ នាក់។ ក្នុងចំនួន កុមារទាំងនោះមានជាង ៣៣ ០០០ នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដែលត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ៕