
សិក្ខាសាលាទាក់ទងនឹងជំងឺផ្លូវចិត្តកាលពីម្សិលមិញ។ ផា លីណា
ភ្នំពេញៈ វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យា សាស្ត្រាចារ្យចិត្ដវិទ្យា និងអ្នកជំនាញសុខភាពផ្លូវចិត្ដបានអះអាងថា ជំងឺផ្លូវចិត្ដជាជំងឺដែលអាចព្យាបាលឲ្យជាបាន ប៉ុន្ដែយុវជន និងពលរដ្ឋខ្មែរខ្លះមិនទាន់យល់ដឹង និងមិនសូវទៅពិគ្រោះជាមួយអ្នកជំនាញឡើយ។
លោក មុន្នី សុត្ថារា វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យា និងជាអនុប្រធាននាយកដ្ឋានជំងឺទូទៅនៃមន្ទីរពេទ្យព្រះកុសុមៈ បានថ្លែងក្នុងកម្មវិធីអប់រំសុខភាពផ្លូវចិត្តមួយនៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េកាលពីម្សិលមិញថា នៅមន្ទីរពេទ្យរបស់លោកក្នុង ១ ថ្ងៃមានអ្នកជំងឺផ្លូវចិត្ដពី ៣០ ទៅ ៥០ នាក់បានមកពិគ្រោះ និងព្យាបាល។ ដោយឡែកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានអ្នកជំងឺទៅព្យាបាលចាប់ពី ២០០ ទៅ ៣០០ នាក់ ក្នុង ១ ថ្ងៃ។
លោកថា៖ «ភាគច្រើនយុវជនយើងអត់សូវទៅរកការព្យាបាល ខ្លួនឯងទេ។ បើអ្នកមករកសេវាព្យាបាលភាគច្រើនជាមនុស្សដែលពេញវ័យហើយមានវិបត្ដិផ្សេង» ។
លោកបានឲ្យដឹងថា អ្នកមករកសេវាព្យាបាលនៅមន្ទីរពេទ្យភាគច្រើនមិនបានដឹងខ្លួនថា មានជំងឺផ្លូវចិត្ដទេ គ្រាន់តែដឹងថាបញ្ហាសុខភាពក្នុងខ្លួនជាដើម។
លោកថា៖ «ជាដំបូងពួកគាត់ត្អូញត្អែរតែរឿងរាងកាយទេដល់ពេលយើងវិភាគឲ្យជ្រៅទើបដឹងថា គាត់មានជាប់ទាក់ទិនទៅនឹងជំងឺផ្លូវចិត្ដ និងវិបត្ដិផ្លូវចិត្ដរបស់ពួកគាត់» «ពួកគាត់នៅមានការរើសអើង និងការខ្មាស់អៀនទើបមិនសូវមករកសេវាព្យាបាលជំងឺផ្លូវចិត្ដ ទោះបីពួកគាត់ដឹងខ្លួនថា មានជំងឺផ្លូវចិត្ដហើយក៏ដោយក៏ពួកគាត់មិនហ៊ាននិយាយជាចំហដែរ»។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំចង់ប្រាប់សាធារណជនទាំងអស់ថា ជំងឺផ្លូវចិត្ដមិនមែនអាក្រក់ទេ.វាជាជំងឺដែលព្យាបាលបាន»។
លោក ផាន់ ចាន់ពៅ សាស្ដ្រាចារ្យផ្នែកចិត្ដវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងថា អ្នកមានជំងឺផ្លូវចិត្ដហើយលាក់បាំងមិនទៅរកសេវាព្យាបាលនោះ ជំងឺប្រភេទនេះនឹងវិវឌ្ឍទៅជាបញ្ហាផ្លូវចិត្ដធ្ងន់ធ្ងរ។
លោកថា៖ «បញ្ហាផ្លូវចិត្ដធ្ងន់ធ្ងរនោះ អ្នកជំងឺមានសភាពដូចជា មិនឲ្យតម្លៃខ្លួនឯង ធ្វើឲ្យខ្លួនឯងមានភាពអស់សង្ឃឹម អត់មានជំនឿចិត្ដលើខ្លួនឯង និងចុងក្រោយគាត់ឈានដល់គិតថា ខ្លួនគាត់គឺមិនអាចរស់នៅបានទៀតទេ»។
ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យផ្នែកការអភិវឌ្ឍគុណធម៌ ចរិយាវិទ្យា ភាពជាអ្នកដឹកនាំព្រះពុទ្ធសាសនា និង ចិត្តវិទ្យានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ មានសង្ឃដីកាថា៖ «ដើម្បីធ្វើឲ្យមានស្ថានភាពផ្លូវចិត្ដរឹងប៉ឹង យើងត្រូវមានស្មារតីគ្រប់គ្រងផ្លូវចិត្ដឲ្យបានល្អ»។
យុវតី សេរី វិច្ឆិកា និស្សិតវិទ្យាស្ថានភាសាបរទេស (IFL) ដែលបានចូលរួមក្នុងសិក្ខាសាលានេះដែរ បានឲ្យដឹងថា នាងមានជំងឺផ្លូវចិត្ដយូរហើយ ប៉ុន្ដែមិនដឹងកន្លែងព្យាបាល។
យុវតីរូបនេះបន្ដថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំដឹងខ្លួនឯងថាខ្ញុំមានបញ្ហាផ្លូវចិត្ដ។ ខ្ញុំកំពុងតែព្យាយាមបិទបាំងខ្លួនឯង ចំណែកគ្រួសារខ្ញុំមិនសូវជឿរឿងជំងឺផ្លូវចិត្ដនេះទេ ពួកគាត់មានគំនិតបុរាណនិយម»។
វិច្ឆិកា ថា៖«ពេលខ្ញុំចង់ទៅនិយាយរឿងជំងឺផ្លូវចិត្ដជាមួយគ្រួសារខ្ញុំថា ខ្ញុំចង់ទៅពិនិត្យសុខភាពមើល គឺពួកគាត់មិនឲ្យទៅដាច់ខាតប៉ុន្ដែបើប្រាប់គាត់ថា យើងឈឺរាងកាយ ឈឺបេះដូងបានគាត់ឲ្យខ្ញុំទៅពិនិត្យ។ អ៊ីចឹងខ្ញុំមានតែស្វែងរកវិធីព្យាបាលដោយខ្លួនឯង៕