កំពង់ឆ្នាំងៈ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឱ្យសមត្ថកិច្ចឃុំខ្លួនបុរសម្នាក់នៅថ្ងៃទី ២៨ ខែវិច្ឆិកា ដោយចោទប្រកាន់ជនសង្ស័យពីបទក្លែងបន្លំឯកសារ (យានយន្ត) និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ។ នេះបើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបញ្ជាក់កាលពីថ្ងៃអាទិត្យ។
លោក ហង្ស សុជាតិ ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាជនសង្ស័យឈ្មោះ ឃឹម ប៊ុនធឿន មានលំនៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ខណៈដែលជនសង្ស័យកំពុងធ្វើដំណើរនៅឃុំខ្សា ស្រុករលាប្អៀរ។
លោក ហង្ស សុជាតិ បានថ្លែងថា៖ «ជនសង្ស័យបានប្រើប្រាស់រថយន្តពាក់ស្លាកលេខក្លែងក្លាយ»។
បើតាមមន្ត្រីអាវុធហត្ថរូបនេះជនសង្ស័យមានមុខរបរបើកហ្គារ៉ាស់ជួសជុលរថយន្ត និងប្រមូលទិញ-លក់រថយន្តដែលនាំចូលគេចពន្ធពីប្រទេសវៀតណាម។ នៅថ្ងៃឃាត់ខ្លួនជននោះ សមត្ថកិច្ចជំនាញបានរកឃើញរថយន្ត LEXUS RX 400h ពណ៌ស ១ គ្រឿងដែលជនសង្ស័យកំពុងប្រើប្រាស់មានពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ BD-9326 និងប្រភេទរថយន្តទំនើបៗជាច្រើនទៀតដែលមានតម្លៃចន្លោះចាប់ពី ៧ ៥០០ ដុល្លារ ទៅ ២០ ០០០ ដុល្លារអាមេរិក។
លោកបានបន្ថែមថា តាមការស្រាវជ្រាវស្លាកលេខភ្នំពេញ BD-9326 ជាស្លាកលេខរបស់រថយន្ត HIGH- LANDER ស៊េរីឆ្នាំ ២០០២ ពណ៌ខ្មៅដែលមានម្ចាស់កម្មសិទ្ធិឈ្មោះ GUO CHAO-YANG។ ក្រៅពីស្លាកលេខនេះសមត្ថកិច្ចក៏បានរកឃើញស្លាកលេខរថយន្តមួយចំនួនផ្សេងទៀតដែលសង្ស័យ ជនសង្ស័យប្រមូលទិញ «ផលចោរកម្ម» ផងដែរ។
កាលពីរសៀលថ្ងៃសៅរ៍ ជនសង្ស័យខាងលើត្រូវបានមន្ត្រីជំនាញមន្ទីរយុត្តិធម៌ខេត្តកំពង់ឆ្នាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីមានចំណាត់ការបន្តតាមនីតិវិធីច្បាប់។
ជុំវិញករណីនេះលោក អ៊ីត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា ក្រោយពីបញ្ចប់ការស៊ើបសួរ ជនសង្ស័យត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារ(យានយន្ត) និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ»។ ករណីនេះ តុលាការក៏បានបង្គាប់ឱ្យសមត្ថកិច្ចនគរបាលយុត្តិធម៌នាំយកជនសង្ស័យទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត ដើម្បីធ្វើការស្រាវជ្រាវបន្ថែម និងរង់ចាំការបើកសវនាការជំនុំជម្រះជាក្រោយ។
ជាមួយគ្នានេះលោកព្រះរាជអាជ្ញាក៏បានអំពាវនាវដល់សាធារណជន ដែលបានបាត់ស្លាកលេខរថយន្ត ឬក៏បាត់រថយន្តនាពេលកន្លងមកនោះ ពួកគេអាចមកពិនិត្យ និងទំនាក់ទំនងផ្ទាល់នៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយត្រូវភ្ជាប់មកជាមួយនូវឯកសាររថយន្តមកជាមួយផង៕