ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោយបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតមន្ត្រី ៨ រូបទៀតនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ឱ្យចូលខ្លួនដើម្បីសួរនាំនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ពាក់ព័ន្ធទៅនឹងអំពើឧបឃាត ខណៈអ្នកនាំពាក្យតុលាការអះអាងថា ដីកានោះជាការជូនដំណឹងដល់ភាគីពាក់ព័ន្ធឱ្យដឹងជាមុន។
តាមដីកាកោះឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង លោក សេង ហៀង ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបង្គាប់ឱ្យលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោកស្រី ជូឡុង សូមូរ៉ា និងលោក នុត រំដួល ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៨ ព្រឹកជាកំហិត ដើម្បីឆ្លើយដោះសាការចោទប្រកាន់ពីបទឧបឃាតប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៩។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សាលាដំបូងរាជធានីភ្នំពេញពិតជាបានចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតមន្ត្រីរបស់គាត់ ៨ រូបទៀតឱ្យចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ដីកានោះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានយកទៅបិទនៅអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ។
លោកបន្តថា ការចេញដីកានេះគឺដើម្បីជូនដំណឹងទៅដល់ភាគីពាក់ព័ន្ធបានដឹងប៉ុន្តែបើការចូលខ្លួន ឬមិនចូលបង្ហាញខ្លួនយ៉ាងណានោះគឺអាស្រ័យលើភាគីពាក់ព័ន្ធនោះ។
លោកថ្លែងថា៖ «ការចេញដីកាឱ្យចូលខ្លួននេះបានន័យថាអញ្ជើញពួកគាត់ឱ្យចូលសវនាការជំនុំជម្រះ។ ដីកានោះជាការជូនដំណឹងតែចូលមិនចូលយើងមិនដឹងទេ។ ពួកគាត់ត្រូវចោទពីបទឧបឃាតតាមមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌ»។
បទឧបឃាតតាមបញ្ញត្តិមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌចែងថាឧបឃាតគឺជាការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើនក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឱ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។ យោងបទចោទនេះ ប្រសិនបើតុលាការរកឃើញថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ៩ រូប ពិតជាបានប្រព្រឹត្តមែននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីដីការបស់តុលាការនោះទេ ដោយអ្នកទាំងនោះកំពុងស្ថិតនៅក្រៅប្រទេស៕
វីដេអូ៖