រតនគិរីៈ តំណាងសហគមន៍ជនជាតិទំពូនម្នាក់ ក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានមន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃការិយាល័យដែនជម្រកសត្វព្រៃលំផាត់ កោះឲ្យចូលខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីឆ្លើយបំភ្លឺជុំវិញករណីកាប់គាស់ រុករាន និងឆ្ការដីព្រៃ ក្នុងតំបន់ការពារធនធានធម្មជាតិ។
យោងតាមលិខិតកោះហៅរបស់ការិយាល័យដែនជម្រកសត្វព្រៃលំផាត់ ចុះថ្ងៃ១៤ ខែកញ្ញា ឆ្នាំ ២០១៨ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី១៩កញ្ញានេះ លោក ខាំ នីន ដែលជាសកម្មជនការពារព្រៃឈើដ៏សកម្មម្នាក់ក្នុងសហគមន៍ភូមិកែងសាន់ និងដែលធ្លាប់បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តរតនគិរីប្រឆាំងមន្ត្រីមូលដ្ឋានភូមិ-ឃុំក៏ដូចជាមេដឹកនាំសហគមន៍របស់គាត់រួមទាំងមន្ត្រីជាន់ខ្ពស់សំខាន់នៃស្ថាប័នជំនាញមួយចំនួនពីបទពាក់ព័ន្ធ និង អនុគ្រោះចំពោះបទល្មើសព្រៃឈើដោយមិនទប់ស្កាត់ ការកាប់រាន ឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិនិងលក់បន្តដោយខុសច្បាប់ទាន់ពេលវេលាផងដែរនោះត្រូវបាន លោក សាន សានី ប្រធានការិយាល័យដែនជម្រកសត្វព្រៃលំផាត់កោះឲ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញសំណុំរឿងបទល្មើសធនធានធម្មជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក ខាំ នីន ដែលអះអាងថា គាត់ពុំធ្លាប់បានប្រព្រឹត្តបទល្មើស កាប់រានដីព្រៃក្នុងតំបន់ការពារធនធានធម្មជាតិទាល់តែសោះនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៩កញ្ញានេះថាលោកនឹងទៅឆ្លើយបំភ្លឺតាមកាលកំណត់។
លោក នីន បានបញ្ជាក់ថា៖«ខ្ញុំមិនដឹងថាតើលិខិតកោះហៅនោះ វាមានពាក់ព័ន្ធនឹងបណ្ដឹងរបស់យើងខ្ញុំកាលពីឆ្នាំមុនឬយ៉ាងណានោះទេ ប៉ុន្តែតាមរយៈលិខិតនោះ រូបខ្ញុំហាក់ដូចជាមានបុគ្គលណាម្នាក់ប្ដឹងចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស កាប់គាស់ រុករាននិងកាប់ឆ្ការដីព្រៃ ក្នុងតំបន់ការពារធនធានធម្មជាតិដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន»។
លោក នីន បានបន្តថា៖«ទោះជាបែបណាក្ដី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខ្ញុំនឹងទៅឆ្លើយបំភ្លឺជុំវិញករណីនេះតាមកាលកំណត់ របស់សមត្ថកិច្ចជំនាញ»។
ជុំវិញករណីនេះ លោក សាន សានី ប្រធានការិយាល័យដែនជម្រកសត្វព្រៃលំផាត់មិនអាចទាក់ទងសុំការពន្យល់បានទេនៅថ្ងៃទី១៩កញ្ញានេះ ប៉ុន្តែ បើតាម លោក ញ អង្គួត មេភូមិកែងសាន់ថា លោក ខាំ នីន ត្រូវបានអ្នកភូមិកែងសាន់មួយចំនួនប្ដឹងទៅមន្ត្រីបរិស្ថានដើម្បីជាការព្រមានចំពោះភាពរឹងរុះរបស់គាត់ដែលតែងរាយការណ៍ព័ត៌មានពីសកម្មភាពរបស់ពួកគេរឿងចូលកាប់ទន្ទ្រានដីព្រៃទៅឲ្យអ្នកសារព័ត៌មាននិងផ្សព្វផ្សាយបន្ដធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរថ្នាក់ខេត្តនិងថ្នាក់ជាតិ។
លោក អង្កួត បានបញ្ជាក់ថា៖«ខាំ នីន វាធ្លាប់កាប់ឆ្ការព្រៃរាប់សិបហិកតាយកទៅដាំស្វាយចន្ទី ហើយក្រោយមកវាលក់យកលុយធ្វើផ្ទះ និងទិញម៉ូតូ ល្អៗជិះ។ លុះក្រោយមកអ្នកភូមិគេនាំគ្នាកាប់ឆ្ការព្រៃធ្វើចម្ការ និងលក់ដូរខ្លះទៅឲ្យអ្នកមកពីក្រៅសហគមន៍ វាក៏រាយការណ៍ប្រាប់អ្នកសារព័ត៌មាន ពិសេសខាងវិទ្យុអាស៊ីសេរីធ្វើឲ្យអ្នកភូមិមួយចំនួនខឹងសម្បា ហើយនាំគ្នាប្ដឹងប្រឆាំងនឹងវាវិញអ៊ីចឹងទៅ»។
លោកអង្កួតបានបន្តថា៖«អ្នកភូមិកែងសាន់ប្រមាណជាង៣០០គ្រួសារគ្មានគ្រួសារណាមួយដែលមិនកាប់រានដីព្រៃធ្វើចម្ការនោះទេ ព្រោះពួកយើងរស់នៅអាស្រ័យលើការដាំដុះ នេសាទ បរបាញ់និងរុករកអនុផលព្រៃឈើ ហើយពួកយើងក៏ចង់មានឡានជិះនឹងគេដែរ»។
បើតាមលោក អង្កួត ការកាប់រានដីព្រៃរបស់ប្រជាសហគមន៍ក្នុងតំបន់នោះគឺដើម្បីពង្រីកដីកសិកម្មរបស់ពួកគេប៉ុណ្ណោះ ហើយព្រៃដែលពួកគេកាប់រាននោះជាដីព្រៃរបស់សហគមន៍ មិនមែនជាដីក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់នោះទេ។
យោងតាមបណ្ដឹងរបស់លោកខាំ នីន និងតំណាង៣នាក់ផ្សេងទៀតក្នុងសហគមន៍ភូមិកែងសាន់ រួមទាំងលោក ប៉ែន ប៊ុណ្ណារិ៍ មន្ត្រីអង្កេតជាន់ខ្ពស់សមាគមអាដហុកខេត្តរតនគិរីដែលបានប្ដឹងទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ បានបង្ហាញថា សកម្មភាពកាប់បំផ្លាញព្រៃសហគមន៍ភូមិកែងសាន់ក្នុងឃុំសេដា ស្រុកលំផាត់ ដែលចាប់ផ្ដើមផុលផុសនៅពីឆ្នាំ ២០១៤ រហូតដល់ចុងឆ្នាំ ២០១៧ នោះ ត្រូវបានគេប៉ាន់ប្រមាណអស់ជាង ១០០០ ហិកតា ហើយក្នុងអំឡុងពេលនោះ អាជ្ញាធរពាក់ព័ន្ធ រួមទាំងមេសហគមន៍ក្នុងមូលដា្ឋនត្រូវបានគេរាយការណ៍ថាពុំបានទប់ស្កាត់បទល្មើសនេះទាន់ពេលនោះទេ៕