ភ្នំពេញៈ រាជរដ្ឋាភិបាលរបស់ប្រទេសថៃ បានសម្រេចបន្តសុពលភាពនៃការស្នាក់នៅ និងធ្វើការដល់ពលករខ្មែររហូតដល់ខែមីនា ឆ្នាំ ២០២២ ដោយតម្រូវឱ្យនិយោជក ឬតំណាងនិយោជកត្រូវនាំពលករទៅដាក់ពាក្យស្នើសុំបន្តទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារចាប់ពីខែសីហា ដល់ចុងខែតុលា ឆ្នាំ ២០២០។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃស្តីពីការបន្តស្នាក់នៅ និងធ្វើការសម្រាប់បងប្អូនពលករខ្មែរក្នុងស្ថានភាពនៃជំងឺកូវីដ ១៩ ដែលកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអង្គារម្សិលមិញនេះបានឱ្យដឹងថា ចំពោះពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ រដ្ឋាភិបាលថៃបានសម្រេចបន្តសុពលភាពការស្នាក់នៅ និងធ្វើការដល់ពលករខ្មែរចំនួន ៤ ក្រុម។
សម្រាប់ក្រុមទី១ គឺពលករដែលចូលមកធ្វើការក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចប់កិច្ចសន្យាការងារ ៤ ឆ្នាំ។ ក្រុមទី២ គឺជាក្រុមពលករដែលចូលមកធ្វើការក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានអស់សុពលភាពស្នាក់នៅ និងនៅធ្វើការដោយសារនិយោជកចាស់ឈប់ជួល ហើយមិនអាចធ្វើការប្តូរនិយោជកបានទាន់ពេលវេលាតាមច្បាប់កំណត់។ ឯពលករក្រុមទី៣ គឺពលករព្រមទាំងអ្នកនៅក្នុងបន្ទុកធ្លាប់បានបញ្ជាក់អត្តសញ្ញាណ និងមានលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរដែលអស់សុពលភាពស្នាក់នៅ និងធ្វើការចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ដោយសារនិយោជកពុំបាននាំទៅដំណើរការចុះបញ្ជីឈ្មោះតាមប្រព័ន្ធអនឡាញឱ្យបានទាន់ពេលវេលា។ សម្រាប់ក្រុមចុងក្រោយគឺក្រុមទី៤ គឺពលករដែលចូលមកធ្វើការព្រឹកវិលល្ងាច និងតាមរដូវតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
ស្ថានទូតកម្ពុជាបានបញ្ជាក់ថា៖ «សម្រាប់ក្រុមទី១ ទី២ និងទី៣ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការបណ្តោះអាសន្នចាប់តាំងពីដើមខែសីហា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១ ប៉ុន្តែក្នុងអំឡុងពេលនេះ ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ និយោជក ឬតំណាងនិយោជកត្រូវនាំពលករខ្មែរទៅដំណើរការដាក់ពាក្យស្នើសុំបន្តទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារឱ្យបានរួចរាល់ចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០»។
សេចក្តីជូនដំណឹងនេះបានឲ្យដឹងថា សម្រាប់ពលករក្នុងក្រុមទី៤ គឺត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការបណ្តោះអាសន្នចាប់ពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២០ ប៉ុន្តែក្នុងអំឡុងពេលនេះ ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ និងនិយោជក ឬតំណាងនិយោជកត្រូវនាំពលករទៅធ្វើដំណើរការដាក់ពាក្យស្នើសុំបន្តទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារឱ្យបានរួចរាល់ចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ខែតុលា ឆ្នាំ ២០២០។
លោក ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារមិនអាចសុំការអធិប្បាយបានទេកាលពីថ្ងៃអង្គារម្សិលមិញនេះ។ ចំណែកលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការបន្តសុពលភាពនៃការស្នាក់នៅ និងធ្វើការគឺជារឿងមួយល្អសម្រាប់ពលករដែលកំពុងនៅប្រទេសថៃ ប៉ុន្តែមានចំណុចមួយចំនួនដែលរដ្ឋាភិបាលកម្ពុជាត្រូវគិតចំពោះពលករខ្មែរនៅពេលដែលថៃបន្តបិទប្រទេសរបស់គេដែលស្ថានភាពសេដ្ឋកិច្ចនៅប្រទេសគេក៏មិនទាន់បានល្អប្រសើរដែរ ដោយសារមានក្រុមហ៊ុនឯកជនជាច្រើនទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដោយបន្តព្យួរ បិទ និងកាត់បន្ថយកម្លាំងពលកម្មកម្មករជាដើម។
លោក មឿន តុលា បានថ្លែងថា៖ «ខ្ញុំគិតថា អ្វីដែលរដ្ឋាភិបាលរបស់យើងត្រូវធ្វើគឺគួរពិចារណាជួយពលករខ្មែរយើងដែលបាត់បង់ការងារ បាត់បង់ចំណូលនៅថៃដោយការផ្តល់នូវជំនួយឧបត្ថម្ភផ្សេងៗ ស្បៀងអាហារ ឬថវិកាជាដើម។ មួយវិញទៀតគឺការជួយដោះបន្ទុករបស់ក្រុមគ្រួសារពួកគាត់នៅស្រុកកំណើតដែលជំពាក់បំណុលធនាគារ ឬអ្នកណាម្នាក់ គួរតែរដ្ឋាភិបាលជួយសម្រួលដោយការបន្ថយការប្រាក់ ឬពន្យារការបង់មួយរយៈដើម្បីដោះស្រាយជីវភាព»៕
វីដេអូ៖