ភ្នំពេញៈ ទណ្ឌិតប្រមាណ ៤៦០ នាក់ ក្នុងនោះស្រីចំនួន ៤៩ នាក់ ត្រូវបានស្នើលើកលែងឬបន្ធូរបន្ថយទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដែលមន្ត្រីពន្ធនាគារ និយាយថា ពួកគេមួយចំនួន អាចនឹងត្រូវបានលើកលែងទោសទាំងស្រុងនិងខ្លះទៀតអាចបន្ថយពីទោសមួយជីវិតមក ២០ ឆ្នាំ។
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការលើកលែង និងបន្ធូរបន្ថយទោស កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានី-ខេត្ត ពន្ធនាគាររាជធានី-ខេត្ត ចំនួន ១៨ និងមណ្ឌលអប់រំ កែប្រែចំនួន ៤ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោក សុច សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ បានថ្លែងមុនកិច្ចពិភាក្សាពីម្សិលមិញថា ក្នុងកិច្ចប្រជុំនេះ នឹងពិនិត្យមើលសំណើដែលបានស្នើឡើងលើបញ្ជីទណ្ឌិតចំនួន ៤៦០ នាក់ ក្នុងនោះស្រីចំនួន ៤៩ នាក់ ដោយមានការស្នើលើកលែងទោស និងបន្ធូរបន្ថយទោស។
លោកបន្តថា ចំពោះសំណើទាំងនេះ គឺផ្តោតទៅលើ ទណ្ឌិត ដែលបានអនុវត្តទោសនៅក្នុងពន្ធនាគារបាន ១ ភាគ ៣ នៃ ទោសសរុបទាំងមូល និងទណ្ឌិតដែលអនុវត្តទោសបាន ២ ភាគ ៣ នៃទោសទាំងមូល ហើយគណៈកម្មការនឹងធ្វើការវាយតម្លៃឲ្យបានហ្មត់ចត់ ដើម្បីឲ្យការលើកលែងទោស និងបន្ធូរបន្ថយមានភាពសុក្រឹត និង ឈរលើគោលការណ៍ មនុស្សធម៌ជាធំ។
លោកបញ្ជាក់ថា៖ «ការវាយតម្លៃនេះគឺអាស្រ័យទៅលើឯកសារពាក់ព័ន្ធសាលក្រម សាលដីការបស់តុលាការចូលជាស្ថាពរ ដើម្បីយើងនឹងរៀបចំជាព្រះរាជក្រឹត្យ ហើយយើងផ្តោតអារម្មណ៍ទៅអំពើដែលប្រព្រឹត្តហ្នឹង ដែលមិនមែនជាការកាចសាហាវ ធ្ងន់ធ្ងរ ប៉ះពាល់ដល់សង្គម និងភាពមិនរាងចាលរបស់ជនល្មើសដែលប្រព្រឹត្តហ្នឹង ដែលគណៈកម្មការថ្នាក់ជាតិ នឹងពិនិត្យឲ្យបានល្អិតល្អន់»។
ចំណែកគោលការក្នុងការលើកលែងទោសចំពោះអ្នកទោសជាស្ត្រី តាមការស្នើឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោក សុផាន់ណារ៉ា ក៏អះអាងដែរថា គណៈកម្មការ កំពុងពិនិត្យ និងជំរុញលើបញ្ហានេះ ព្រោះស្ត្រីភាគច្រើនដែលកំពុងជាប់ពន្ធនាគារ គឺមានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ហើយពួកគេគឺសុទ្ធតែជាស្ត្រីដែលមានកូន តូច ខណៈដែលស្ត្រីប្រមាណ ២ ៤៤១ នាក់ កំពុងជាប់ក្នុងពន្ធនាគារ។
តាមលោក សុច សុផាន់ណារ៉ា ជាទូទៅក្នុង ១ ឆ្នាំ មានការស្នើលើកលែងទោស បន្ធូរបន្ថយទោស ចំនួន៣ដង គឺបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យអុំទូក និងពិធីបុណ្យវិសាខបូជាជាដើម តែកាលពីឆ្នាំ ២០១៨ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានការបន្ធូរបន្ថយទោស និងលើកលែងទោស ទណ្ឌិតជាស្ត្រីមួយចំនួន ដូចជាក្នុងពិធីគម្រប់ខួប និងសម្ពោធវិមានឈ្នះឈ្នះជាដើម។
លោក អ៊ុច ពង្ស អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ បាននិយាយថា តាមសំណើរបស់គណៈកម្មការថ្នាក់រាជធានី-ខេត្ត ក្នុងការបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការស្នើសុំលើកលែងទោសទាំងស្រុងដល់ទណ្ឌិតមានចំនួន ៧២ នាក់ (ស្ត្រី ៣ នាក់)។
ដោយឡែកពីទោសមួយជីវិត មកជាប់ពន្ធនាគារ ២០ ឆ្នាំវិញ មានចំនួន ៧ នាក់ (ស្ត្រី ៣ នាក់) ហើយការបន្ធូរបន្ថយទោសចំនួន ១២ ខែ មាន ១៤៤ នាក់ (ស្ត្រី ២១ នាក់) ចំណែកបន្ធូរបន្ថយទោសចំនួន ៩ ខែ មាន ៩២ នាក់ (ស្ត្រី ៨ នាក់) និងបន្ធូរបន្ថយទោស ៦ ខែ គឺមានចំនួន ១៨២ នាក់ (ស្ត្រី ១៥ នាក់)។
លោកបញ្ជាក់ថា៖ «មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត បានដាក់សំណើមក ស្នើសុំឲ្យគណៈកម្មការថ្នាក់ជាតិ ពិនិត្យវាយតម្លៃតែប៉ុណ្ណោះ។ ដូច្នេះទាំងនេះ គ្រាន់តែជាការស្នើរបស់គណៈកម្មការរាជធានីខេត្ត។ តែយើងមិនទាន់បានប្រជុំអនុម័ត ថាតើសម្រេចឲ្យប៉ុន្មាននាក់ទេ រង់ចាំការពិនិត្យវាយតម្លៃចប់សិន»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកចង់ឃើញការស្នើសុំនៃការលើកលែង និងបន្ធូរបន្ថយទោសនេះមានតម្លាភាព ដោយពុំមានភាពលម្អៀង សម្រាប់អ្នក ទោសទាំងអស់ទូទាំងប្រទេស ជាពិសេសសម្រាប់អ្នកទោសមនសិការទាំងផ្នែកនយោបាយ ដីធ្លី និងសិទ្ធិមនុស្សជាដើម។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថា ការពិនិត្យ និងវាយតម្លៃហ្នឹង វាបានសុក្រឹតប៉ុនណាទេ ប៉ុន្តែខ្ញុំមានការព្រួយបារម្ភ នៅពេលឮថា ភាគច្រើននៃអ្នកទោសដែលស្នើលើកលែងទោស និងបន្ធូរបន្ថយទោសទាំងនោះ សុទ្ធតែជាអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ជាពិសេសនោះគឺបទល្មើសគ្រឿងញៀន។ រដ្ឋាភិបាល ហាក់ឲ្យតម្លៃ អ្នកប្រព្រឹត្តនូវបទល្មើសឧក្រិដ្ឋផ្សេងៗជាងអ្នកដែលគាត់ធ្វើកិច្ចការងារសង្គម ក្នុងការទទួលបាននូវសិទ្ធិនេះ»។
បន្ថែមពីនេះលោកនិយាយថា រដ្ឋាភិបាលគួរពិចារណាចំពោះអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងនោះ ដើម្បីឲ្យពួកគេមានសេរីភាពផងដែរ ជាជាងលើកលែងទោស និងបន្ធូរបន្ថយទោសសម្រាប់តែអ្នកទោសដែលជាប់ពាក់ព័ន្ធ នឹងបទល្មើស និងទោសឧក្រិដ្ឋផ្សេងដែលអាចបង្កផលប៉ះពាល់ជាថ្មីដល់សង្គម៕