ភ្នំពេញៈ ប្រទេសកម្ពុជាបានសម្រេចបញ្ជូនកងយោធពលខេមរភូមិន្ទជាង ៤០០ នាក់ទៅកាន់ប្រទេសម៉ាលី និងស៊ូដង់ខាងត្បូងដើម្បីបំពេញការងារក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ បើទោះជាធ្លាប់មានអ្នករងគ្រោះដល់ជីវិតក៏ដោយ ។
ពិធីជួបជុំគ្នាមួយបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុងកាលពីព្រឹកម្សិលមិញ ដើម្បីជូនដំណើរក្រុមរក្សាសន្តិភាពមួយក្រុមថ្មីទៅកាន់ប្រទេសនៅតំបន់អាហ្វ្រិកកណ្ដាលនេះ។
ក្នុងចំណោមទាហានមួកខៀវកម្ពុជាចំនួន ៤២៨ នាក់ដែលត្រូវចេញដំណើរគឺមាន ក្រុមគ្រូពេទ្យ អ្នកដោះមីន និងអ្នកបើកឡានដែលនឹងត្រូវទៅកាន់ប្រទេសម៉ាលី និងស៊ូដង់ខាងត្បូងនៅថ្ងៃសុក្រនេះ។
កម្ពុជាបច្ចុប្បន្នមានកងទ័ពចំនួន ៨១៣ នាក់នៅក្នុងប្រទេសដែលខ្ទេចខ្ទីនៅក្នុងសង្គ្រាមលើពិភពលោក។ ចាប់តាំងពីឆ្នាំ ២០០៦ ក្រុមរក្សាសន្តិភាពកម្ពុជាចំនួន ៥២៥៧ នាក់បានបំពេញបេសកកម្មរក្សាសន្តិភាព ប៉ុន្តែមិនមែនទាំងអស់ទេដែលត្រឡប់មកកាន់ស្រុកកំណើតវិញដោយមានជីវិតនោះ។
បន្ទាប់ពីមានការវាយប្រហារនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលដែលបានសម្លាប់មន្ត្រីរក្សាសន្តិភាពកម្ពុជាចំនួន ៤ នាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនការប្តេជ្ញាចិត្តរបស់កម្ពុជាទ្វេដង ដោយសន្យាថានឹងបង្កើនចំនួនមន្ត្រីរក្សាសន្តិភាព។
ថ្លែងក្នុងពិធីកាលពីម្សិលមិញនេះដែរ នាយឧត្តមសេនីយ៍លោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា ប្រទេសកម្ពុជាមិនរាថយឡើយ ប៉ុន្តែបានប្តេជ្ញាបង្កើនកម្លាំងបន្ថែម បើទោះបីកងទ័ពកម្ពុជាត្រូវបានរងការវាយប្រហារពីក្រុមឧទ្ទាមនៅប្រទេសម៉ាលី ក៏ដោយ។
ក្រៅពីនេះលោកក៏បានឆ្លៀតឱកាសលើកឡើងអំពីបញ្ហា «បដិវត្តន៍ពណ៌» ដែលរដ្ឋាភិបាលបានបង្ក្រាបទៅលើគណបក្សប្រឆាំងផងដែរ។
លោក ប៉ុល សារឿន បានបន្តថា៖ «ដើម្បីបុព្វហេតុការពារសន្តិភាព និងការពារសន្តិសុខជាតិ ស្ថិរភាពនយោបាយ និងវិបុលភាពនៃសង្គមកម្ពុជា ប្រទេសជាតិបានអនុវត្តវិធានការច្បាប់យ៉ាងមុតមាំ និងតឹងរ៉ឹង និងបានរារាំងមិនឲ្យមានបដិវត្តន៍ពណ៌ដោយជោគជ័យដែលជាល្បិចរបស់គណបក្សប្រឆាំងក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។
តំណាងអង្គការសហប្រជាជាតិ លោក Alexandre Huyanh បានសរសើរស្ត្រី ២៤ នាក់ដែលចូលរួមនៅក្នុងក្រុមរក្សាសន្តិភាពនេះ។
លោកបានថ្លែងថា៖ «ការងារយោធាតម្រូវឲ្យមានសេចក្តីក្លាហានពីអ្នកទាំងអស់គ្នា ប៉ុន្តែវាត្រូវការសេចក្តីក្លាហាន ពិសេសដើម្បីបំបែកឧបសគ្គយេនឌ័រ និងទទួលបានអាជីពក្នុងវិស័យមួយដែលពោរពេញដោយវត្តមានមនុស្សប្រុស»៕ PS