ក្រចេះ: ទឹកទន្លេមេគង្គខេត្តក្រចេះ និងទន្លេមេគង្គក្នុងខេត្តលួងប្រាបាងប្រទេសឡាវ អាចស្រកចុះពីកន្លះម៉ែត្រ ទៅ ១ ម៉ែត្រកន្លះ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៩ ខែមេសានេះ ស្របពេលទឹកទន្លេមេគង្គក្នុងខេត្តឈៀងរ៉ៃប្រទេសថៃ អាចស្រកពីជិត ១ ម៉ែត្រទៅជាង ១ ម៉ែត្រចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២១ ខែ មេសា ដោយសារតែការទប់ទឹកទំនប់វារីអគ្គិសនីនៅចិន។ នេះបើតាមការជូនដំណឹងរបស់គណៈកម្មការទន្លេមេគង្គ។
ក្រសួងធនធានទឹក ប្រទេសចិនបានជូនដំណឹងទៅកាន់គណៈកម្មការទន្លេមេគង្គកាលពីថ្ងៃទី ៨ ខែមេសាថា មូលហេតុនាំឱ្យមានការស្រកចុះទឹកទន្លេមេគង្គនៅប្រទេស ថៃ ឡាវ និងកម្ពុជានេះ គឺដោយសារវារីអគ្គីសនី Jinghong ស្ថិតនៅទន្លេមេគង្គលើឡានឆាង ក្នុងខេត្តយូណាន ប្រទេសចិនត្រូវការទប់ទឹកសម្រាប់ប្រារព្ធពិធីបុណ្យមួយរបស់ជនជាតិដើមតៃដែលមានប្រពៃណីជះទឹកដាក់គ្នា ហើយនឹងធ្វើឱ្យលំហូរទឹកដែលតែងហូរធ្លាក់មកកាន់ទន្លេមេគង្គក្រោម ត្រូវកាត់បន្ថយបរិមាណជិតពាក់កណ្ដាល នៅក្នុងរយៈពេល ៧ ថ្ងៃ ក្នុងខែមេសានេះ។
ក្រសួងធនធានទឹកចិនបន្តថា ចាប់ពីថ្ងៃទី ១១ ខែ មេសា ទំនប់វារីអគ្គិសនី Jinghong ចាប់ផ្ដើមកាត់បន្ថយបរិមាណលំហូរទឹកពី ២ ពាន់ ឬ ៣ ពាន់ម៉ែត្រគុប មកនៅត្រឹម ១ ៥០០ ឬ ១ ៦០០ ម៉ែត្រគុប ក្នុងរយៈពេល ១ វិនាទី ដែលការកាត់បរិមាណលំហូរទឹកនេះនឹងបន្តទៅដល់ថ្ងៃទី ១៧ ខែ មេសា មុនបើកឱ្យមានលំហូរទឹកពីវារីអគ្គិសនី Jinghong ដូចធម្មតាវិញ។
លោក លាង ប៊ុនលាភ អ្នកសម្របសម្រួលអង្គការទន្លេ ៣ បានសម្តែងការព្រួយបារម្ភថា ការកាត់បន្ថយបរិមាណទឹកហូរចេញពីវារីអគ្គិសនីប្រទេស ចិន ហើយធ្វើឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះស្រកចុះប្រហែល ១ ម៉ែត្រនេះ នឹងអាចធ្វើឱ្យទឹកទន្លេកាន់តែឡើងកម្ដៅ ដែលនាំឱ្យងាប់ត្រីប្រភេទខ្លះ ហើយនឹងអាចប៉ះពាល់ដល់ពលរដ្ឋក្នុងតំបន់មួយចំនួន ត្រូវប្រឈមការខ្វះទឹក។
លោកថា កាលណាទឹកទន្លេកាន់តែស្រកនោះនឹងធ្វើឲ្យអណ្ដូងពលរដ្ឋត្រូវរីងទឹក។ «កាលណាទឹកទន្លេមេគង្គស្រកគឺធ្វើឱ្យទឹកនៅក្រោមដីរឹតតែអត់មានទៅទៀត ដែលប៉ះពាល់ទៅដល់ជីវភាពមនុស្ស និងសត្វ»។
ចំណែកលោក ឈ្នៀង លន ជាប្រជាសហគមន៍នេសាទ នៅអន្លង់អភិរក្សផ្សោតព្រែកកាំពី ស្រុកសំបូរ ខេត្តក្រចេះ បានថ្លែងថា ការស្រកទឹកទន្លេនេះ នឹងមិនធ្វើឱ្យប៉ះពាល់សត្វផ្សោត។ «ទោះស្រក ១ ម៉ែត្រទៅ ២ ម៉ែត្រទៀតក៏មិនអីដែរ ព្រោះទឹកអន្លង់ (សត្វផ្សោត) វានៅជ្រៅ»។
ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបកស្រាយបន្ថែមពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានទេពីថ្ងៃម្សិលមិញដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
ប៉ុន្តែក្រសួងធនធានទឹកប្រទេសចិនបានអះអាងថា អំឡុងពេលកាត់បន្ថយបរិមាណលំហូរទឹកចេញពីទន្លេឡានឆាងមកទន្លេមេគង្គក្រោមនេះ នឹងមិនធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទន្លេ និងមនុស្សឡើយ ប៉ុន្តែការជូនដំណឹងនេះ គឺធ្វើឡើងដើម្បីឲ្យពលរដ្ឋរស់នៅតាមដងទន្លេមេគង្គក្រោម ត្រៀមខ្លួនទប់ទល់ហានិភ័យណាមួយដែលអាចកើតឡើងជាយថាហេតុប៉ុណ្ណោះ៕