កណ្តាលៈ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តកណ្តាលកាលពីម្សិលមិញ បានបញ្ជូនជនសង្ស័យជាឪពុកចុងម្នាក់ ដែលចាប់រំលោភសេពសន្ថវៈលើកូនចុងរបស់ខ្លួន ទៅសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ នៅស្រុកពញាឮ។
លោកស្រី ឈឹម វណ្ណនី ស្នងការរងខេត្តកណ្តាលទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងកាលពីម្សិលមិញថាជនសង្ស័យឈ្មោះ បូ វុន អាយុ ៣៧ ឆ្នាំ រីឯក្មេងស្រីរងគ្រោះដែលជាកូនចុងឈ្មោះ ស.ម អាយុ ១៦ ឆ្នាំ។
លោកស្រីបញ្ជាក់ថា៖ «បុរសម្នាក់នេះបានសារភាព ហើយសមត្ថកិច្ចជំនាញរបស់ខ្ញុំ បានបំពេញនីតិវិធីបញ្ជូនជននេះបន្តទៅតុលាការហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់»។
លោកដួង សេង អធិការ ស្រុកពញាឮ ឲ្យដឹងថា ក្មេងស្រីរងគ្រោះជាមនុស្សមានសតិមិនសូវគ្រប់។ លោកថា លោកទទួលបានពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី ២២ ខែ ឧសភា។
លោកបញ្ជាក់ថា៖ «ជនសង្ស័យបានសារភាពថា គាត់បានចាប់រំលោភសេពសន្ថវៈ លើកូនស្រីចុងរបស់គាត់ពិតប្រាកដមែន និងទើបតែបានម្តងទេ»។
លោកបានថ្លែងតាមសម្តីស្រ្តីម្តាយក្មេងរងគ្រោះថា កាលពីព្រឹកថ្ងៃទី ២២ ខែ ឧសភា ម្តាយនិងយាយក្មេងស្រីរងគ្រោះ បានបាត់កូនហើយបាននាំគ្នាដើររកតែរកមិនឃើញ។ លុះមួយសន្ទុះក្រោយមក ក្មេងស្រីរងគ្រោះបានទៅដល់ផ្ទះ ពេលនោះម្តាយបានសួរថា ទើបមកពីណា នាងប្រាប់ថា ទើបមកពីជួប ពូ វុន។ ដោយឃើញគូទខោកូនប្រឡាក់ដី និងមានជាប់សំរាមផងនោះ ម្តាយ និងយាយនាង ក៏មានការសង្ស័យ ហើយជជីកសួរទើបនាងប្រាប់ត្រង់ថា៖ «ពូវិន បានចាប់ខ្ញុំរំលោភ»។
ពេលនោះស្រ្តីជាម្តាយបានប្តឹងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចបានហៅជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលឃុំ ទើបជនសង្ស័យសារភាពថា គាត់ទើបតែបានចាប់កូនចុងរំលោភបានតែម្តងទេ ហើយលោកក៏ឃាត់ខ្លួនគាត់តែម្តង។
រីឯក្មេងស្រីរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ឪពុកចុងរបស់នាងបានប្រាប់នាងឲ្យទៅជួបគាត់នៅកន្លែងមួយ ដែលធ្លាប់ជួបគ្នាកាលពីមុន ហើយនាងក៏បានទៅជួបគាត់តាមការប្រាប់។
បើតាមលោក ដួង សេង ចំពោះករណីនេះ សមត្ថកិច្ចរបស់លោកសន្និដ្ឋានថា សកម្មភាពរបស់ជនសង្ស័យមិន មែនកើតឡើងតែម្តងទេ ព្រោះជនសង្ស័យប្រាប់ក្មេងរងគ្រោះថា ឲ្យទៅកន្លែងដើម។ ដូច្នេះអាចថា សកម្មភាពដែលជនសង្ស័យ ប្រព្រឹត្តមកលើក្មេងរងគ្រោះអាចលើសពីម្តង៕