ភ្នំពេញៈ នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance លោកស្រី Suwanna Gauntlett កំពុងប្រឈមនឹងបណ្ដឹងពីកញ្ញា ធី សុវណ្ណថាពីបទ «រើសអើង» ដោយចោទថាអង្គការនេះ បានហាមនាងចូលរួមក្នុងកម្មវិធីបោះជំរុំនៅតំបន់អារ៉ែង នៅថ្ងៃទី ២៦ ខែមករានេះ។
កញ្ញា ធី សុវណ្ណថា ប្រធានអង្គការក្រៅរដ្ឋាភិបាលមួយ និង អ្នកនយោបាយវ័យក្មេងបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅព្រឹកនេះថា កញ្ញានឹងប្តឹងលោកស្រី លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance ទៅតុលាការខេត្តកោះកុងពីបទ «រើសអើង» តាមមាត្រា ២៦៥ ដោយសារលោកស្រីបានបដិសេធវត្តមានកញ្ញាក្នុងការបោះជំរុំនៅតំបន់អារ៉ែងនៅថ្ងៃទី២៦ ខែមករានេះ ខណៈដែលកញ្ញាត្រូវបានទទួលការអនុញ្ញាតពីលោកស្រីអភិបាលខេត្តកោះកុង មិថុនា ភូថង រួចរាល់នោះ។
ក្នុងនោះដែរ កញ្ញា ធី សុវណ្ណថា ក៏បានសរសេរសារនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «នាងខ្ញុំទទួលការ “រើសអើង” និងការប្រមាថដ៏ធ្ងន់ធ្ងរពីលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance បានបដិសេធវត្តមានខ្ញុំក្នុងការបោះជំរុំ នៅតំបន់អារ៉ែង ថ្ងៃទី២៦ ខែមករានេះ ដោយនាងខ្ញុំបានទទួលការអនុញ្ញាតពីលោកជំទាវអភិបាលខេត្តកោះកុង មិថុនា ភូថង រួចរាល់ហើយ។
កញ្ញា សរសេរថា៖ «តើលោកស្រីជានរណា មានសិទ្ធិអ្វីបដិសេធវត្តមានខ្ញុំ? នេះជាការប៉ះពាល់ធ្ងន់ធ្ងរលើកិត្តិយសរបស់ខ្ញុំ ខ្ញុំទុកពេលឲ្យលោកស្រី ៣ ថ្ងៃធ្វើលិខិតសុំទោសខ្ញុំ ជាសាធារណ: និងផ្តល់ប្រាក់សងជំងឺចិត្តខ្ញុំ ១០ ម៉ឺនដុល្លា បើលោកស្រីមិនព្រមខ្ញុំនឹងប្តឹងលោកស្រីទៅតុលាការខេត្តកោះកុង ពីបទ “រើសអើង” មាត្រា ២៦៥ នេះជារបួសចាស់របស់ខ្ញុំ ខ្ញុំស្អប់ និងឈឺចាប់បំផុត ចំពោះអ្នកដែល ប្រមាថមើលងាយ រើសអើងខ្ញុំ ក្នុងតម្លៃណាក៏ដោយ ខ្ញុំទាមទារយុត្តិធម៌ឲ្យបានបើខ្ញុំមិនអាចទទួលបានយុត្តិធម៌ ក្នុងរឿងនេះទេ ខ្ញុំមិនទៅជាន់ដីអារ៉ែង ខេត្តកោះកុងទៀតទេ»។
លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance នៅមិនទាន់ឆ្លើយតបនឹងការព្រមានប្តឹងនេះនៅឡើយទេ។
ស្ថាប័ន Wildlife Alliance ជាអង្គការមានទស្សនៈវិស័យលើការងារកិច្ចការពារ និងអភិរក្សធនធាន ព្រៃឈើ សត្វព្រៃ និងជីវចម្រុះនិងជីវចម្រុះនៅកម្ពុជាគឺចាប់តាំងពីឆ្នាំ២០០០ រហូតមក ដោយមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា៕