ភ្នំពេញៈ បណ្តាញជាតិនៃប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ដែលមានសារៈសំខាន់ក្នុងការជួយសម្របសម្រួលសេវារហូតដល់ថ្នាក់មូលដ្ឋាន ឥឡូវនេះកំពុងត្រូវបានដកចេញពីសកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ក្រោមជំនួយថ្មីរបស់អង្គការមូលនិធិសកល ខណៈមានការលើកឡើងនូវក្តីបារម្ភ «ធ្ងន់ធ្ងរ»។ នេះបើតាមអ៊ីមែលផ្ទៃក្នុងមួយកាលពីពេលថ្មីៗនេះដែលផ្ញើទៅមន្ត្រីរដ្ឋាភិបាល និងការសម្ភាសជាមួយអង្គការក្រៅរដ្ឋាភិបាល។
បញ្ហានេះកើតមានបន្ទាប់ពីក្តីបារម្ភដែលលើកឡើងកាលពីខែតុលាដោយក្រុមអង្គការក្រៅរដ្ឋាភិបាលអនាមិកមួយក្រុម និងប្រជាជនដែលរស់នៅជាមួយមេរោគអេដស៍ដែលនិយាយថាសំឡេងរបស់ពួកគេមិនត្រូវបានឮ។
លោក សន សុធារិទ្ធិ អ្នកសម្របសម្រួលជាតិសម្រាប់ការតស៊ូមតិរបស់បណ្តាញ CNP+ បានផ្ញើលិខិតមួយលើកឡើងពីក្តីបារម្ភចុងក្រោយកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៧ ។
អ៊ីមែលនេះបានផ្ញើទៅប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏ជាប្រធានយន្តការសម្របសម្រួលប្រចាំប្រទេស (CCM) ឬគេស្គាល់ថា CCC ក្នុងប្រទេសកម្ពុជាផងដែរនោះដែលសម្របសម្រួលសកម្មភាពរបស់អង្គការមូលនិធិសកលផ្ញើទៅប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងផ្ញើទៅសមាជិកគណៈកម្មាធិការជ្រើសរើសដែលសម្រេចថា តើអង្គការក្រៅរដ្ឋាភិបាលណាមួយត្រូវទទួលបានថវិកា។
មន្ត្រីមួយចំនួនបានបញ្ជាក់អំពីភាពត្រឹមត្រូវនៃអ៊ីមែល និងលិខិតនេះ។
លិខិតនេះឲ្យដឹងថា៖ «ពលរដ្ឋដែលរស់នៅជាមួយបណ្តាញមេរោគអេដស៍ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើការជាមួយរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនៅក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជាពិសេសដើម្បីធានានូវនិរន្តរភាពនៃសេវាគាំពារ និងឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍នាពេលអនាគត និងស្វែងរកករណីឆ្លងថ្មី»។
នៅក្នុងលិខិតនេះបានឲ្យដឹងទៀតថាបណ្តាញនោះបានសុំឲ្យមន្ត្រីរដ្ឋាភិបាលពិចារណាលើក្តីបារម្ភរបស់ពួកគេ។
លោក ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ថ្លែងថា គណៈកម្មាធិការដឹកនាំប្រយុទ្ធនឹងមេរោគអេដស៍បានសម្រេចទៅលើធាតុនៃជំនួយ ហើយគណៈកម្មាធិការនឹងជ្រើសរើសអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តសកម្មភាពទាំងនោះ។
អង្គការ Khana បានដាក់សំណើសុំជំនួយរួមទាំងបណ្តាញ ២ ទៀតរបស់ប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍គឺបណ្តាញ CPN+ និងបណ្តាញ AUA ដែលជាដៃគូរបស់ខ្លួន។ អង្គការសេវាសង្គ្រោះបន្ទាន់កាតូលិក (CRS) ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរួមជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួន ៤ ទៀត ប៉ុន្តែមិនមានបណ្ដាញក៏បានដាក់សំណើសុំជំនួយផងដែរ។
លោក ផល្លា ថ្លែងថា គណៈកម្មាធិការដឹកនាំប្រយុទ្ធនឹងមេរោគអេដស៍បានយល់ស្របថាបណ្តាញទាំង ២ នោះគួរតែត្រូវរក្សាទុក។
ទោះយ៉ាងណាក្តី គណៈកម្មាធិការជ្រើសរើសបានផ្តល់ជំនួយទៅអង្គការ CRS ប៉ុន្តែក្រោយមកបានសម្រេចថាអង្គការក្រៅរដ្ឋាភិបាល និងអន្តរជាតិនានាត្រូវតែបញ្ចូលបណ្តាញទាំង ២ នោះ។
នៅថ្ងៃទី ២៦ ខែធ្នូអង្គការ CRS បានសម្រេចបញ្ចូលតែបណ្តាញ AUA ហើយមិនយកបណ្តាញ CPN+ ទេ។
កាលពីថ្ងៃទី ២ ខែមករាលោក សុធារិទិ្ធ បានថ្លែងថាបណ្តាញដែលមានសមាជិក ៣០ ម៉ឺននាក់មានអ្នកសម្របសម្រួលប្រចាំខេត្តនានាដាក់នៅតាមគ្លីនិកព្យាបាលជំងឺអេដស៍ចំនួន ៣៩ ក្នុងចំណោមគ្លីនិក ៦៧ ទូទាំងប្រទេសដែលតួនាទីរបស់បណ្តាញនេះគឺស្រដៀងនឹងបុគ្គលិកសង្គម។ បណ្តាញនេះផ្តល់ប្រាក់ខែដល់ពួកគេ ហើយមន្ទីរពេទ្យផ្តល់កន្លែងជាថ្នូរនឹងការឧបត្ថម្ភរបស់ពួកគេ។
លោកថ្លែងបន្តថា គំរូនេះមានប្រសិទ្ធភាពចំពោះការចំណាយមានប្រសិទ្ធភាព និងចីរភាព។
លោកថ្លែងថា នេះមិនមែនជា «ការប្រយុទ្ធគ្នាដើម្បីថវិកា» ទេប៉ុន្តែអំពីក្តីបារម្ភចំពោះការសម្របសម្រួលសេវាពីថ្នាក់ជាតិចុះទៅតាមភូមិតាមជនបទដែលលោកមានមន្ទិលសង្ស័យថា តើអង្គការក្រៅរដ្ឋាភិបាលទាំងនោះនឹងអាចចុះទៅដល់ឬអត់។
លោកថា៖ «[បណ្តាញ] កម្មវិធីគឺដើម្បីបង្កើនកម្រិតការសម្របសម្រួលសេវាគាំទ្រ»។ «យើងមិនមែនកំពុងព្យាយាមបញ្ចុះបញ្ចូលដើម្បីថវិកាទេ ប៉ុន្តែយើងកំពុងគាំទ្ររដ្ឋាភិបាលសម្រាប់ការគាំទ្រសេវាជាពិសេសក្នុងអំឡុងគម្លាតថវិកា»។
លោក ជុំ សុផា នាយកប្រតិបត្តិនៃសម្ព័ន្ធសុខភាព និងការអភិវឌ្ឍ និងជាសមាជិកនៃ CCC ថ្លែងថា «វាមិនយុត្តិធម៌» ដែលគណៈកម្មាធិការជ្រើសរើសជ្រើសរើសអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិជាជាងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលមានបណ្តាញ។
លោក អ៊ុង ប៉ូលីន នៅអង្គការ UNAIDS បានថ្លែងថាក្នុងនាមជាសមាជិកនៃគណៈកម្មាធិការជ្រើសរើសដែលបានចុះហត្ថលេខា «រក្សាការសម្ងាត់» មិនអាចធ្វើអត្ថាធិប្បាយអំពីសេចក្តីសម្រេចរបស់គណៈកម្មាធិការនេះជាសាធារណៈបានទេ។ ប៉ុន្តែលោកថាអនុសាសន៍ត្រូវបានផ្ញើទៅ CCC សម្រាប់ការអនុម័តចុងក្រោយ។
លោក មូលី ប្រធាន CCC ថ្លែងថាគណៈកម្មាធិការប្រចាំប្រទេសបានកំណត់លក្ខខណ្ឌ ២ រួចហើយទៅ CRS ដើម្បីបំពេញលក្ខខណ្ឌមួយគឺពិនិត្យមើលឡើងវិញចំពោះការរៀបចំរបស់ដៃគូរបស់ខ្លួនដើម្បីធានា «ភាពជាដៃគូរឹងមាំ»ជាមួយអង្គការដែលដឹកនាំដោយពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ និងអ្នកដែលមានវត្តមានរួចហើយនៅកន្លែង ART។ លក្ខខណ្ឌទី ២ គឺរក្សាថវិកាដដែល។
បើតាមឯកសារនៅក្នុងអ៊ីមែលដោយឡែកពីគ្នាការផ្តល់ជំនួយសម្រាប់ការព្យាបាល និងគាំពារគឺចំនួន ៤,៣ លានដុល្លារ។
លោក ផល្លារ ថ្លែងថាក្តីបារម្ភឥឡូវនេះគឺការចំណាយរដ្ឋបាលខណៈ CRS នឹងត្រូវកែសម្រួលថវិកាដើម្បីបញ្ចូលបណ្តាញទាំង ២ នោះ។ លោកថា៖ «ពួកគេ [បណ្តាញ] គឺសំខាន់ណាស់»។
Jennifer Hardy ដែលធ្វើការនៅ CRS បានបង្វែរសំណួរទៅក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ (NCHADS) ។
ប៉ុន្តែលោក លី ពេញសុន ប្រធាន NCHADS បានថ្លែងថាលោក «មិនមានសមត្ថកិច្ច» លើបញ្ហានេះ។
លោក ជួប សុខចម្រើន ប្រធានប្រតិបត្តិនៃអង្គការ Khana ថ្លែងថាវាគួរឲ្យខកចិត្តដែលឃើញបណ្តាញនោះមិនទទួលបានថវិកាដើម្បីបន្តបេសកកម្មសំខាន់របស់ខ្លួនសម្រាប់ឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា។
លោកថ្លែងតាមអ៊ីមែលថា៖ «យើងយល់ថាមិនមានថវិកាគ្រប់គ្រាន់»។ «ទោះយ៉ាងណាក្តីតួនាទីរបស់ CPN+ និងវត្តមានរបស់ពួកគេដែលនៅតាមសហគមន៍...បានរួមចំណែកចំពោះការរកឃើញករណីកើនឡើង [និង] ការផ្តល់ការគាំទ្រទៅអ្នកដែលទើបចុះឈ្មោះថ្មីៗក្នុងការព្យាបាលរោគអេដស៍»។
វត្តមានរបស់បណ្តាញនេះក៏បានជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាផ្លូវចិត្ត និងការរើសអើងក្នុងសង្គមផងដែរហើយការបាត់បង់ការគាំទ្រការផ្តល់សេវាពាក់ព័ន្ធ នឹងរោគអេដស៍របស់បណ្តាញនេះគឺជា «ការបាត់បង់សំឡេងអ្នកសកម្មអំពីមេរោគអេដស៍»។
លោកស្រី Gretchen Lyons អ្នកនាំពាក្យនៅអង្គការមូលនិធិសកលបានថ្លែងថា វាអាចថាអង្គការទទួលបន្តយូរៗទៅមានការផ្លាស់ប្តូរប៉ុន្តែ CCC នៅតែប្តេជ្ញាចិត្តឲ្យមានការចូលរួមពីពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍៕ PS