ព្រះសីហនុៈ «បឹងព្រែកទប់» ជាបឹងធម្មជាតិមួយកន្លែង ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលធ្លាប់ជាប្រភពទឹកសាប សម្រាប់ផលិតទឹកស្អាត ឲ្យប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុប្រើប្រាស់នោះ នឹងត្រូវកែលម្អ ទៅជាតំបន់ទេសចរណ៍វិញ នាពេលអនាគត។ នេះបើតាម លោក ឱ សារឿន អ្នកនាំពាក្យខេត្ដព្រះសីហនុ ប្រាប់ភ្នំពេញបុស្ដិ៍ នៅថ្ងៃអង្គារនេះ។
លោក សារឿន បានថ្លែងថា គោលដៅទៅថ្ងៃខាងមុខ ជារួមគឺត្រូវកែលម្អបឹងនេះ ឲ្យបានស្អាតទៅជាតំបន់ទេសចរណ៍ និងលែងទុកជាកន្លែងផ្គត់ផ្គត់ទឹកស្អាតទៀតហើយ ដោយផ្លាស់ប្ដូរការផ្គត់ផ្គត់ទៅទីតាំងនៅប្រភពទឹកក្បាលឆាយវិញ។
លោកបានបន្ដថា៖ «ពេលនេះយើងមិនអាចពឹងផ្អែកលើបឹងព្រែកទប់នេះបានទៀតទេ ចំពោះការផ្គត់ផ្គង់ទឹកស្អាតព្រោះតម្រូវការមានការកើនឡើងជាគំហុក។ អញ្ចឹងបានជាពេលថ្មីៗនេះ ការសម្រេចចិត្ដរបស់ជំនាញ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ដ បានសម្រេចថា យើងឈប់ប្រើប្រាស់ទឹកបឹងព្រែកទប់នេះ ជាការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្ដទៀតហើយ»។
លោក សារឿន បានបង្ហាញថា មូលហេតុដែលផ្លាស់ប្ដូរបឹងព្រែកទប់នេះលែងឲ្យប្រើប្រាស់ គឺទីមួយបឹងនេះមានទំហំតូចមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ ទីពីរ ពីមុនមិនសូវមានកំណើនមនុស្ស បឹងនេះអាចផ្គត់ផ្គង់បាន ប៉ុន្ដែពេលនេះសន្ទុះប្រជាពលរដ្ឋមានការកើនឡើង ហើយភ្ញៀវទេសចរក៏ច្រើន បឹងនេះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ។
លោកបន្ថែមថា៖ «ជារួមខេត្ដមានផែនការថា មិនប្រើប្រាស់វា(បឹងព្រែកទប់)ទៀតទេទៅមុខ ដោយសារតែយើងរៀបចំ ប្រភពអាងទឹកស្អាតនៅក្បាលឆាយរួចហើយ។ បច្ចុប្បន្ននេះ មន្រ្ដីជំនាញ កំពុងតែរៀបចំបណ្ដាញតទុយ៉ូ ប្ដូរចំពោះការប្រើប្រាស់ទឹកទៅក្បាលឆាយវិញ។ ដូច្នេះ តំបន់ព្រែកទប់ យើងមានការកែលម្អឲ្យមាន ជារមណីយដ្ឋាន កម្សាន្ដទេសចរណ៍ ទៅថ្ងៃអនាគតវិញ»។
លោក សារឿន បានអះអាងថា ថ្វីដ្បិតតែបច្ចុប្បន្ននៅតំបន់បឹងព្រែកទប់ នៅមានការប្រើប្រាស់ទឹកខ្លះ ប៉ុន្ដែជាការប្រើប្រាស់ទៅលើការផ្គត់ផ្គង់ទៅលើការអភិវឌ្ឍក្នុងវិស័យសំណង់ដែលកំពុងកើតឡើងយ៉ាងគំហុកប៉ុណ្ណោះ។
លោកបញ្ជាក់៖«ឥឡូវយើងទើបតែបានកប់បណ្ដាញបំពង់ទុយ៉ូមេ ពេលរៀបចំរួចរាល់ យើងលែងឲ្យប្រើទឹកនៅបឹងព្រែកទប់នេះទៀតហើយ»។
បើតាមលោក សារឿន ការអភិវឌ្ឍនៅតំបន់បឹងព្រែកទប់នេះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្ដ និងផ្ដល់ការវិនិយោគទៅដល់ក្រុមហ៊ុនឯកជនជាអ្នកសាងសង់។ ប៉ុន្ដែលោកមិនទាន់អាចបញ្ជាក់បានថា នឹងត្រូវផ្អាកការប្រើប្រាស់ទឹកនៅបឹងព្រែកទប់ និងផ្ដើមកែលម្អទៅជាទីរមណីយដ្ឋានទេសចរណ៍នៅពេលណាទេ ព្រោះកំពុងសិក្សា និងវាយតម្លៃ។
លោក នេត ភក្រ្ដា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងដែរថា ក្រសួងគាំទ្រទៅលើគម្រោងរបស់សាលាខេត្តដែលអភិរក្សតំបន់ព្រែកទប់នេះ និងកែច្នៃទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
លោកបន្ដថា៖«ចំពោះប្រភពទឹកសម្រាប់ផ្គត់ផ្គង់ក្រុងព្រះសីហនុ តំបន់ការពារក្បាលឆាយជាប្រភពទឹកសាបដែលត្រូវបានយកមកប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ក្រុងព្រះសីហនុ។ យើងមិនមានការព្រួយបារម្ភណាមួយលើកង្វះប្រភពទឹកសាបសម្រាប់ប្រើប្រាស់ទេ។ ក្រសួងគាំទ្រទៅលើគម្រោងរបស់សាលាខេត្តដែលអភិរក្សតំបន់ព្រែកទប់នេះ»។
តាមអនុក្រឹត្យស្ដីពីការបង្កើតតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្ដីកម្ពុជាបានបង្ហាញថា សម្រេចបង្កើតតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដែលមានផ្ទៃដីទំហំ ១៦,៣ ហិកតា ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
ដោយមានគោលបំណង ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ក្នុងតំបន់អភិរក្សទឹកសាបបឹងព្រែកទប់។ ផ្ដល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្ដរភាព។ លើកកម្ពស់ការចូលរួមរបស់សហគមន៍ មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដព្រះសីហនុ សោកស្ដាយចំពោះគម្រោងនៃការអភវឌ្ឍបឹងព្រែកទប់នេះ ដោយបញ្ឈប់ការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបែបនេះ។
អ្នកស្រីបានរំឭកថា បឹងព្រែកទប់នេះ ជាបឹងដែលប្រជាពលរដ្ឋនៅក្នុងក្រុងទទួលផលទឹកស្អាតតាំងពីយូរណាស់មកហើយ បើមិនមានទឹកស្អាតនៅទីនេះប្រើប្រាស់ទេ ការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុអាចប្រឈមនឹងការលំបាក។
លោកស្រី សុធារី បន្ថែម៖«ទោះជាយ៉ាងណា យើងបានត្រឹមតែលើកឡើង ប៉ុន្ដែមិនអាចហាមឃាត់គម្រោងអភិវឌ្ឍនេះបានទេ ប៉ុន្ដែយើងដឹងហើយថា បច្ចុប្បន្នប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុមានតែទឹកស្អាតនៅបឹងព្រែកទប់នេះមួយប៉ុណ្ណោះក្នុងការប្រើប្រាស់ បើទៅយកទឹកពីក្បាលឆាយមកប្រើ ខ្ញុំគិតថា មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ»។
លោក ភារម្យ ជាប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់២ ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃចន្ធនេះថា ពួកគាត់មានការព្រួយបារម្ភណាស់ព្រោះ គាត់ឃើញផ្ទៃបឹងព្រែកទប់ត្រូវបានគេរំលោភចាក់ដីទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិឯកជនជាបន្ដបន្ទាប់ធ្វើឲ្យផ្ទៃបឹងរួមតូចទៅៗ ដែលបឹងធម្មជាតិមួយនេះ បានផ្ដល់ទេសភាពលម្អក្រុងព្រះសីហនុ និងផ្ដល់ទឹកសាបសម្រាប់ពលរដ្ឋប្រើប្រាស់តាំងពីយូរយារណាស់មកហើយនោះ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា បានលើកឡើងអំពីកង្វស់ស្រដៀងទៅនឹងប្រជាពលរដ្ឋរស់នៅក្នុងព្រះសីហនុនេះដែរ គាត់ ក៏បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាមេត្ដាថែរក្សាបឹងធម្មជាតិទឹកសាបនេះទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផង។
គួររំឭកថា បឹងព្រែកទប់កាលពីដើមឡើយមានផ្ទៃបឹងធំទូលាយរហូតដល់រាប់រយហិកតា បន្ទាប់មកក៏ត្រូវបានធ្លាក់រួមតូចទៅៗ។ អំឡុងឆ្នាំ២០០៥ ផ្ទៃបឹងត្រូវបានគេទន្ទ្រានរហូតមកនៅជាង ៦០ហិកតា ក្រោយមកទៀតផ្ទៃបឹងនៅសល់ជាង ១៦ ហិកតា។
នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចកាត់ផ្ទៃដឺទំហំ ១១,៥០ ហិកតា ចេញពីតំបន់អភិរក្សទឹកសាបបឹងព្រែកទប់បន្ដទៀត តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយរក្សាទុកផ្ទៃដីទំហំ ៤,៨០ ហិកតាជាតំបន់អភិរក្សទឹកសាបបឹងព្រែកទប់វិញ៕