ព្រះសីហនុៈ អាជ្ញាធរខេត្ដព្រះសីហនុ បានសម្រេចអនុវត្ដវិធានការ ឈូសឆាយផ្ទះប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លី នៅភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ដោយអនុវត្ដតាមអនុក្រឹត្យ លេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៦ ដែលបានកំណត់ក្នុងតំបន់ទឹកស្អាតក្បាលឆាយ។
លោកអ៊ី ធារិន ប្រធានចាត់ចែងអន្តរវិស័យខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថា អាជ្ញាធរខេត្ដនឹងមិនមានដំណោះស្រាយអ្វីឲ្យប្រជាពលរដ្ឋនោះទេ ដោយសារតែពលរដ្ឋមួយចំនួននោះរស់នៅក្នុងតំបន់ដីរបស់រដ្ឋអភិរក្សទឹកស្អាតក្បាលឆាយ។
លោកបន្ដថា៖ «ក្រុមការងារចុះទៅព្រឹកមិញនេះគឺបានបន្ដកាយដីតាមព្រំប្រទល់តាមអនុក្រឹត្យលេខ ១១៦។ ឥឡូវនេះខ្ញុំកំពុងជួបជាមួយប្រជាពលរដ្ឋ ដែលគាត់មកសាលាខេត្ដ គឺយើងបន្ដកំណត់តាមព្រំប្រទល់ដែលរាជរដ្ឋាភិបាលបានកំណត់ ប៉ុន្ដែវាមានប៉ះពាល់ប្រជាពលរដ្ឋមួយចំនួន ដែលពួកគាត់កំពុងមកសាលាខេត្ដនេះ»។
ទាក់ទងនឹងការស្នើសុំអន្ដរាគមន៍របស់ប្រជាពលរដ្ឋក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីនៅចំណុចខាងលើនេះ លោក ធារិន នៅតែបញ្ជាក់ថា មិនមានដំណោះស្រាយអ្វីឡើយ។
ដោយមិនអស់ចិត្ត ប្រជាពលរដ្ឋជាង ១០០ គ្រួសារ នៅក្នុងតំបន់ខាងលើនោះបាន បន្ដស្នើទៅលោកយន្ដ មីន អភិបាលខេត្ដព្រះសីហនុ ដើម្បីអន្ដរាគមន៍ដោះស្រាយបញ្ហាដីធ្លី របស់ពួកគាត់ ដោយពួកគាត់បានបញ្ជាក់ថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ១១៦ អនក្រ.បកចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៦ បានកំណត់ឲ្យកាត់ដីនៅតំបន់ទឹកស្អាតក្បាលឆាយទៅឲ្យពួកគាត់រួចហើយ ប៉ុន្ដែអាជ្ញាធរមិនទាន់បែងចែកឲ្យ។
លោកលឹម វាសនា តំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីទាំងជាង ១០០ គ្រួសារ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថា នាព្រឹកថ្ងៃទី ១៤ នេះ អាជ្ញាធរខេត្ដព្រះសីហនុ បានមកកំណត់ព្រំប្រទល់ ដោយមានបាញ់ថ្នាំ បញ្ជាក់ទីតាំងព្រំប្រទល់ ដើម្បីកំណត់ឈូសឆាយ ដែលក្នុងនោះ មានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង ២០ ខ្នងផ្ទះផងដែរ។
លោកបានបន្ដថា៖ «ពួកគាត់ចុះមក មិនមានលិខិតបញ្ជាក់ ឬសេចក្ដីប្រកាស ឬមានដំណោះស្រាយណាមួយឲ្យដល់ប្រជាពលរដ្ឋនោះទេ។ ពួកគាត់មកគ្រាន់តែប្រាប់ថា មកអនុវត្ដបទបញ្ជាតាមអនុក្រឹត្យលេខ ១១៦ នឹងបន្ដចុះឈូសឆាយនៅល្ងាចនេះតែម្ដង ហើយក្នុងព្រំប្រទល់ដែលគេបានកំណត់ឈូសឆាយនោះក៏មានប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ២០ ខ្នងផ្ទះដែរ» ។
លោកវាសនា បានឲ្យដឹងថា ពេលនេះប្រជាពលរដ្ឋ មិនដឹងមានដំណោះស្រាយអ្វីទេ។ លោកបញ្ជាក់ថា៖ «យើងមិនដឹងធ្វើម៉េចទេល្ងាចនេះគេឈូសឆាយផ្ទះប្រជាពលរដ្ឋហើយ។ ពេលនេះប្រជាពលរដ្ឋកំពុងស្វះស្វែងរកដំណោះស្រាយដែរ ប៉ុន្ដែគ្មានប្រសិទ្ធភាពទេ ព្រោះអំណាចគេធំជាង»។
បើតាមលោក វាសនា ប្រជាពលរដ្ឋជាង ១០០ គ្រួសារ បានមករស់នៅលើទីតាំងដីក្នុងតំបន់ខាងលើ តាំងពីឆ្នាំ ២០១៤ រហូតមក។
លោកសាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឲ្យដឹង ពីម្សិលមិញថា រដ្ឋបាលខេត្តព្រះសីហនុនឹងចុះទៅទីតាំងកើតហេតុខាងលើ ដើម្បីវាស់វែងដីទៅតាម អនុក្រឹត្យ លេខ ១១៦ របស់រាជរដ្ឋាភិបាល។
លោកបានថ្លែងថា៖ «រដ្ឋបាលខេត្ដយើងនឹងចុះទៅវាស់វែង និងកាយព្រំដីផ្ដាច់តាមអនុក្រឹត្យលេខ ១១៦។ យើងកាយព្រំនេះ កំណត់តាមអនុក្រឹត្យ មានន័យថា យើងកាយព្រំកំណត់ដីរវាងដីអនុក្រឹត្យ និងដីរបស់ពលរដ្ឋប្រើប្រាស់។ ប៉ុន្ដែមិនមែនទៅបែងចែកដីអីទេ»។
លោកសុធារិទ្ធិបន្ថែមថា៖ «ព្រោះដីក្នុងអនុក្រឹត្យដែលខ្ញុំគ្រប់គ្រង ខ្ញុំត្រូវការព្រំដូចផ្ទះយើងរស់នៅអ៊ីចឹង ដើម្បីបែងចែកឲ្យច្បាស់ ត្រឹមណាជាដីរបស់រដ្ឋ និងត្រឹមណាជាដីរបស់ប្រជាពលរដ្ឋ» ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានគាំទ្រចំពោះការអនុវត្ដវិធានការរបស់អាជ្ញាធរខេត្ដតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
លោកបានបន្ដថា៖ «យើងសង្កេតឃើញថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្ដព្រះសីហនុ បានយកចិត្ដទុកដាក់ បែងចែកដីធ្លីឲ្យប្រជាពលរដ្ឋ ឲ្យបានរស់នៅសមរម្យ តែពេលនេះ អាជ្ញាធរខេត្ដបានចុះអនុវត្ដតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីកំណត់ដីនៅតំបន់ទឹកស្អាតក្បាលឆាយរបស់រដ្ឋ។ កន្លងមករដ្ឋបាលខេត្ដបានចែកដីឲ្យពលរដ្ឋអស់ហើយ»៕