មណ្ឌលគិរី: ប្រជាសហគមន៍ស្រែពកជាង ១០០ គ្រួសារនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា បានចោទក្រុមហ៊ុន ហ៊ាងលី ថានៅតែបន្តឈូសឆាយដីព្រៃក្នុងតំបន់ជម្រកសត្វព្រៃស្រែពកហើយបានស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ ប៉ុន្ដែមន្ត្រីថាក្រុមហ៊ុនបានបញ្ឈប់សកម្មភាពតាមកិច្ចសន្យាហើយ។
តំណាងសហគមន៍ការពារតំបន់ធម្មជាតិពូជ្រៃម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រុមហ៊ុន ហ៊ាង លី បានឈូសឆាយរំលើងគល់ព្រៃឈើសហគមន៍ក្នុងទីតាំងខាងលើធ្វើឱ្យខូចខាតព្រៃឈើ ១០៦៣ ដើម និងផ្ទៃដី ១៥x១៥០០ ម៉ែត្រ។ សកម្មភាពនេះពុំមានការអនុញ្ញាតទេហើយថែមទាំងបានរំលោភសិទ្ធិជនជាតិដើមភាគតិចទៀតផង។
លោកថា៖ «ក្រុមហ៊ុនហ្នឹងបានធ្វើសកម្មភាពឈូសឆាយដីព្រៃខុសច្បាប់ ដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធទេ ប៉ុន្ដែសម្រាប់តំបន់នេះគឺមានច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ យើងឃើញថានៅពេលអាជ្ញាធរចុះទៅ ពួកគាត់ក៏ផ្អាកសកម្មភាព តែពេលមន្ត្រីទៅវិញអស់ក៏ចាប់ផ្ដើមបន្តទៀត ខ្ញុំថា បើគ្មានវិធានការក្ដៅទេ គឺវានៅតែអ៊ីចឹង»។
តាមពាក្យបណ្តឹងរបស់សហគមន៍តំបន់នោះទៅអភិបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ២៩ ខែមិថុនាឆ្នាំនេះបានបង្ហាញថា ក្រុមហ៊ុន ហ៊ាង លី បានយកអេស្កាវ៉ាទ័រ ១ គ្រឿងឈូសឆាយដីព្រៃសហគមន៍ចាប់តាំងពីមុនបោះឆ្នោតដែលមានឈ្មោះ ឆៃ លី ជាអ្នកបញ្ជា ហើយបានឈូសឆាយដីទំហំ ១៥x១៥០០ ម៉ែត្រនៅចំណុចកិនថ្ម នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយមានទាំងការសាងសង់ស្នាក់ការ និងឃ្លាំងដាក់គ្រឿងចក្រទីនោះផងដែរ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានថ្លែងពីម្សិលមិញថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះលោកបានចុះទៅឃាត់ក្រុមហ៊ុន និងបានឲ្យធ្វើកិច្ចសន្យាផ្អាកសកម្មភាពបណ្តោះអាសន្នដើម្បីរង់ចាំលិខិតអនុញ្ញាតផ្លូវការសិន។
លោកបន្តថាដីដែលក្រុមហ៊ុនកំពុងឈូសឆាយនោះស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមហ៊ុនទេ ដោយក្រុមហ៊ុនគ្រាន់តែឈូសដីព្រៃធ្វើផ្លូវចូលក្នុងទីតាំងរោងចក្រកិនថ្មប៉ុណ្ណោះ។
លោកថា៖ «ក្រុមហ៊ុនអត់មានសកម្មភាពអ្វីទៀតទេ គេធ្វើនៅកន្លែងចាស់ហើយដូចជាអត់មានឈូសចូលក្នុងដីព្រៃសហគមន៍ទេ»។
លោកបន្ថែមថាករណីនេះក្រសួងបរិស្ថានធ្លាប់បានចុះពិនិត្យមើល ២ លើកហើយ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ណែនាំក្រុមហ៊ុនកុំឲ្យឈូសឆាយក្រៅពីរង្វង់ដីដែលខ្លួនទទួលបាន ហើយមានការសម្របសម្រួលរវាងក្រុមហ៊ុនជាមួយនឹងខាងសហគមន៍ ប៉ុន្តែភាគីសហគមន៍ទាមទារសំណង តែលោកមិនទាន់ដឹងថា ការសម្របសម្រួលនេះដល់ណាហើយទេ។
លោក អៀង ម៉េងលី មន្ត្រីសម្របសម្រួលអង្គការ ADHOC ប្រចាំខេត្តមណ្ឌលគិរីបានប្រាប់ថា លោកមិនទាន់បានទទួលព័ត៌មាននេះទេ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំអត់ដឹងផង ព្រោះរវល់ការងារនៅតាមតំបន់ស្រុកផ្សេងទៀត ចាំមើលខ្ញុំស៊ើបអង្កេតសិន»។
ចំណែកតំណាងក្រុមហ៊ុន ហ៊ាង លី ដែលរងការចោទប្រកាន់ពីប្រជាសហគមន៍ក៏មិនអាចទាក់ទងសុំការបញ្ជាក់បានដែរកាលពីម្សិលមិញ៕