ព្រះសីហនុៈ ស្រ្តីដែលមានវ័យ ៣៩ ឆ្នាំឈ្មោះអ៊ុក ចេតនា មានកូនប្រុស ២ នាក់ក្នុងបន្ទុក អង្គុយនៅលើគ្រែឫស្សីប្រហែលជា ៤ ម៉ែត្រ ៤ ជ្រុងដែលជាទីតាំងផ្ទះនៅក្នុងក្បាលដីដែលមានទទឹង ៥០ ម៉ែត្រនិងបណ្ដោយ ១០០ ម៉ែត្រត្រូវបានអាជ្ញាធរកម្ទេចចោល ព្រោះតែរងការចោទប្រកាន់ចូលទៅទន្ទ្រានដីរដ្ឋកាលពីពាក់កណ្ដាលឆ្នាំ ២០១៨ បានបង្ហាញនូវកង្វល់ និងសុំដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយឲ្យបានរស់នៅលើទីតាំងដីចាស់ដែលបានរស់នៅតាំងពីឆ្នាំ ២០០៩ ដែលទីតាំងនោះត្រូវបានទិញតពីគេ។
អ្នកស្រី អ៊ុក ចេតនា ដៃកំពុងកាន់លិខិតផ្ទេរកម្មសិទ្ធិដីធ្លី ១ សន្លឹក ដែលមានការបញ្ជាក់ត្រឹមតែសាក្សីជាប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នា និងប្រធានក្រុមក្នុងភូមិប៉ុណ្ណោះ។ អ្នកស្រីបានបង្ហាញនូវក្ដីអស់សង្ឃឹម កាលពីថ្ងៃទី ១២ ខែ មីនា ខណៈដែលទើបតែចេញមកពីតុលាការខេត្ដព្រះសីហនុបន្ទាប់ពីតុលាការខេត្ដបានកាត់ក្ដីឲ្យបងប្រុសរបស់អ្នកស្រីជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ។
កំពុងធ្វើការនៅក្នុងរោងចក្រឲ្យក្រុមហ៊ុនចិនមួយ អ្នកស្រី ចេតនា ថ្លែងថា៖ «ខ្ញុំសុំអង្វរទៅរដ្ឋាភិបាល និងអាជ្ញាធរឲ្យជួយ ដោះស្រាយចំពោះបញ្ហាដីធ្លីរបស់ពួកខ្ញុំផង និងដោះលែងបងប្រុសខ្ញុំដែលត្រូវគេចាប់ដាក់គុកទាំងអយុត្ដិធម៌»។
អ្នកស្រី អ៊ុក ចេតនា ជាប្រជាពលរដ្ឋមួយរូបក្នុងចំណោមប្រជាពលរដ្ឋជាង ២០០ គ្រួសារ ដែលកំពុងឈរនៅទីតាំងដីនៃតំបន់ព្រែកទឹកសាបក្បាលឆាយស្ថិតនៅភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ បានអះអាងថា បងប្រុសរបស់អ្នកស្រី ឈ្មោះ អ៊ុក ចេតនី ត្រូវបានអាជ្ញាធរចាប់ខ្លួន និងត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៥ ឆ្នាំ ក្នុងបទចោទចូលទៅទន្រ្ទានយកដីរបស់រដ្ឋស្ថិតនៅតំបន់ព្រែកទឹកសាបក្បាលឆាយនេះ។
អ្នកស្រីបន្ដថា ក្រៅពីអាជ្ញាធរបានចាប់បងប្រុសអ្នកស្រីតាំងពីជាងពាក់កណ្ដាលឆ្នាំ ២០១៨ ពលរដ្ឋ ៥នាក់ទៀតក៏ត្រូវបានអាជ្ញាធរខេត្ដព្រះសីហនុ ដែលដឹកនាំដោយអតីតអភិបាលរងខេត្ដព្រះសីហនុ លោក ស្រ៊ន់ ស្រ៊ន បានចាប់ឃាត់ខ្លួន និងមិនទាន់បានដោះលែងឲ្យមានសេរីភាពវិញទេ។ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក ស៊្រន ដើម្បីសុំអធិប្បាយបានទេ។
អ្នកស្រី ចេតនា ថ្លែងថា៖ «បើរដ្ឋឲ្យពួកខ្ញុំចេញពីដីនេះ ដោយយកទៅជាដីរបស់រដ្ឋ ពួកខ្ញុំមិនសោកស្ដាយទេ និងមិនឈឺចាប់ទេ ប៉ុន្ដែមកដេញពួកខ្ញុំចេញ តែបែរជាឲ្យប្រជាពលរដ្ឋផ្សេងមករស់នៅលើដីពួកខ្ញុំ ឥឡូវគេធ្វើផ្ទះលើដីពួកខ្ញុំរួចអស់ហើយ»។
អ្នកស្រីបន្ដ៖ «យើងមិនដឹងទៅនិយាយជាមួយអ្នកដែលគេមករស់នៅធ្វើផ្ទះនៅលើដីយើងយ៉ាងម៉េច បើពួកគាត់ក៏ត្រូវអាជ្ញាធររឹបអូសយកដីអស់ដែរ ហើយឲ្យមករស់នៅទីនេះ។ អ៊ីចឹងពួកខ្ញុំមានតែសូមសំណូមពរដល់អាជ្ញាធរ ពិសេសរាជរដ្ឋាភិបាលសូមជួយដោះស្រាយឲ្យពួកខ្ញុំផង ព្រោះដីពួកខ្ញុំនេះ សុទ្ធតែបានទិញគេអស់លុយច្រើនណាស់ មានអ្នកខ្លះខំទៅចងការប្រាក់ធនាគារយកមកទិញដីនេះ ឥឡូវគេយកអស់»។
អ្នកស្រី ឆេង មុំ អាយុ ៤៩ ឆ្នាំ បានឲ្យដឹងដែរថា អាជ្ញាធរបានមកដេញពួកអ្នកស្រីចេញពីដីដែលពួកអ្នកស្រីរស់នៅ ដាំដំណាំ ដោយប្រាប់ថា ជាដីតំបន់ទឹកស្អាតក្បាលឆាយ ប៉ុន្ដែអាជ្ញាធរបែរជាឲ្យប្រជាពលរដ្ឋដទៃមកសាងសង់ផ្ទះរស់នៅទៅវិញ។
អ្នកស្រីបន្ដថា៖ «គេដេញប្រជាជនរស់នៅទីនេះមិនឲ្យរស់នៅតែបែរជាយកប្រជាជនពីទីណាទេមកដាក់ឲ្យរស់នៅវិញ។ បើឲ្យនៅ នៅទាំងអស់គ្នាទៅ តែនេះមិនដឹងយកប្រជាពលរដ្ឋមកពីទីណាខ្លះទេមកដាក់់ឲ្យរស់នៅ»។
ប្រជាពលរដ្ឋរងវិវាទដីធ្លីក្នុងតំបន់ព្រែកទឹកសាបក្បាលឆាយប្រមាណ ២០០ គ្រួសារ ស្ថិតនៅភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ បានសំណូមពរដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលអាជ្ញាធរខេត្ដព្រះសីហនុ បានរឹបអូសដីរបស់ពួកគាត់ទៅបែងចែកឲ្យប្រជាពលរដ្ឋផ្សេង ខណៈពួកគាត់អះអាងថាមានលិខិតទិញលក់ដីត្រឹមត្រូវ និងរស់នៅយូរណាស់មកហើយ។
កំពុងជួបជុំគ្នានៅទីតាំងដីដែលអះអាងថា ជាដីរបស់ខ្លួន (ពលរដ្ឋ) ស្ថិតនៅតំបន់ព្រែកទឹកសាបក្បាលឆាយ ក្នុងភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ភ្ជាប់ដោយកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីម្នាក់ពី ១ ទៅ ៣ ប្លង់ដី ដោយបានអះអាងថា ដីរបស់ពួកគាត់ ត្រូវបានលោក ស្រ៊ន់ ស៊្រន អតីតអភិបាលរងខេត្ដព្រះសីហនុ បានដេញពួកគាត់ចេញ រួចដកហូតដីទៅបែងចែកទៅឲ្យប្រជាពលរដ្ឋដទៃដែលស្ថិតនៅភូមិផ្សេងទៀត និងត្រូបានអាជ្ញាធរយកដីដែរនោះ។
កិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋក្នុង ២០០ គ្រួសារនេះ ភាគច្រើនបានចុះកិច្ចសន្យាផ្ទេរសិទ្ធិក្នុងអំឡុងឆ្នាំ ២០១៣-២០១៤-២០១៦ និងឆ្នាំ ២០១៧ ដោយបានឃើញ និងបញ្ជាក់ដោយលោក សួន សុភាព ប្រធានក្រុមទី ១៨ នៃភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុនេះ ថា ពិតជាបានទទួលឃើញការផ្ទេរសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋពីម្នាក់ទៅម្នាក់ពិតប្រាកដមែន។
ក្រៅពីមានការទទួលដឹងឮចំពោះការផ្ទេរកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋត្រឹមតំណាងក្រុមនៅតំបន់ព្រែកទឹកសាបក្បាលឆាយដដែលនេះ ប្រជាពលរដ្ឋក៏បានធ្វើលិខិតកិច្ចសន្យាផ្ទេរសិទ្ធិដោយខ្លួនឯង ត្រឹមមានសាក្សីទទួលស្គាល់ជាពលរដ្ឋសាមញ្ញ ពី ៣ ទៅ ៤ នាក់ ចំពោះការទិញលក់ដីនៅតំបន់ព្រែកទឹកសាបក្បាលឆាយនេះ ដោយមិនមានអាជ្ញាធរមូលដ្ឋានដឹងឮចំពោះការផ្ទេរសិទ្ធិដីធ្លីនេះទេ។
លោក ង៉ែត វុទ្ធី ដែលអះអាងថាអាជ្ញាធរបានដេញពួកគាត់ចេញ និងយកប្រជាពលរដ្ឋផ្សេងមកដាក់ឲ្យរស់នៅលើដីរបស់ពួកគាត់ដែរនោះ បានបញ្ជាក់ថា៖ «អ្នកដេញពួកខ្ញុំ ជាគេញដូចធ្មេញអាណាអ៊ីចឹង នៅពេលដែលយើងឲ្យលុយ ឬយើងនិយាយរឿងលុយជាមួយ ពួកគាត់នឹងកាត់ឆ្វៀលកន្លែងហ្នឹងមួយឲ្យហើយ។ មកដេញពួកខ្ញុំចេញ ហើយយកកូនចៅគាត់មកដាក់ឡើងពេញទាំងអស់»។
អ្នកស្រី ប៉ែន វិសាល ប្រជាពលរដ្ឋមួយរូបដែលទទួលបានដីពីអាជ្ញាធរខេត្ដដែលបានចែកឲ្យ និងបានសាងសង់ផ្ទះឈើប្រក់ដំបូលស័ង្កសីផងនោះបានប្រាប់ថា រដ្ឋបាលខេត្ដព្រះសីហនុបានចេញចុងសន្លឹក (ប័ណ្ណសម្គាល់ដី) ឲ្យអ្នកស្រី ក្នុងផ្ទៃដីទំហំ ៥ គុណ ២០ ម៉ែត្រ ដើម្បីឲ្យរស់នៅ។
អ្នកស្រីបន្ដថា៖ «ចុងសន្លឹកនេះ សម្រាប់កាន់សម្គាល់ទីតាំងដីដែលជាដីរបស់យើង។ ចុងសន្លឹកនេះគេចែកឲ្យខ្ញុំពីខេត្ដមក»។
លោក ស៊ន សុផាត តំណាងសហគមន៍ដីធ្លីខេត្ដព្រះសីហនុ និងធ្លាប់បានចុះអង្កេតផ្ទាល់នៅតំបន់ដីវិវាទនេះដែរបានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ២០០ គ្រួសារដែលអាជ្ញាធរដេញចេញពីដីមិនឲ្យរស់នៅនោះ ជាពលរដ្ឋរស់នៅទីតាំងដីនោះតាំងពីយូរណាស់មកហើយ ចំណែកក្រុមប្រជាពលរដ្ឋដែលអាជ្ញាធរឲ្យមករស់នៅនោះលោកមិនដឹងមកពីណាទេ។
លោកបន្ដថា៖ «ពាក់ព័ន្ធជាមួយពលរដ្ឋ ១ ក្រុមទៀតដែលមករស់នៅនោះខ្ញុំមិនស្គាល់ទេ តែប្រហែលជាមានការរៀបចំពីក្រុមអ្នកខិលខូច តែយើងមិនបានដឹងច្បាស់ទេ គ្រាន់តែដឹងថា ប្រជាពលរដ្ឋដែលជាអ្នកមកចាប់ដី មករស់នៅ ដាំដំណាំនៅទីនេះដំបូងគឺមានតែក្រុមប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរដេញចេញនោះមកនៅដំបូងគេបង្អស់ហើយ»។
បើតាមលោក សុផាត ពលរដ្ឋដែលអាជ្ញាធរដេញចេញនោះ សុទ្ធតែប្រជាពលរដ្ឋក្រីក្រ មករស់នៅធ្វើការរោងចក្រ និងធ្វើសំណង់នៅទីតាំងនោះជាយូរមកហើយ។
ជុំវិញការដោះស្រាយបញ្ហាវិវាទដីធ្លីក្នុងខេត្ដព្រះសីហនុ ស្ថិតក្នុងតំបន់ព្រែកទឹកសាបក្បាលឆាយនេះ កាលពីសប្ដាហ៍មុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីចុះទៅសិក្សាស្រាវជ្រាវ និងកំណត់អត្ដសញ្ញាណដី និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះរួចហើយ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្រុមការងារចំពោះកិច្ចដែលក្រសួងបានបង្កើត នឹងត្រូវចុះអនុវត្ដការងារ សិក្សាស្រាវជ្រាវ និងពិនិត្យលើបញ្ហាដីធ្លី នៅទីតាំងខាងលើចាប់ពីថ្ងៃដែលក្រសួងបានចេញសេចក្ដីសម្រេចកាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៩។
លោកបន្ដថា៖ «ក្រុមការងារចេញនៅក្នុងលិខិតហ្នឹង គាត់ចាប់ផ្ដើមចេញទៅធ្វើការងារហ្នឹងហើយ។ ពួកគាត់កំពុងសម្របសម្រួលពេលវេលាជាមួយរដ្ឋបាលដែនដីនៅមូលដ្ឋាន ដើម្បីចុះទៅពិនិត្យស្ថានភាពលើកិច្ចការងារនេះ»។
ទាក់ទងនឹងក្ដីបារម្ភរបស់ពលរដ្ឋថា ទីតាំងមានវិវាទដីធ្លីនៅក្នុងខេត្ដព្រះសីហនុ ស្ថិតនៅតំបន់ព្រែកទឹកសាបក្បាលឆាយ គឺស្ថិតនៅភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ប៉ុន្ដែនៅក្នុងសេចក្ដីសម្រេចបង្កើតក្រុមការងារចុះដោះស្រាយ ដែលក្រសួងដែនដីបានចេញកាលពីសប្ដាហ៍មុន បានកំណត់ទីតាំងនៅក្នុងសង្កាត់ ២ ក្រុងព្រះសីហនុវិញ ដែលជាទីតាំងគ្មានវិវាទដីធ្លី។
លោក សេង ឡូត បានបញ្ជាក់ថា៖ «ក្រុមការងារគាត់ចេះធ្វើការងារ និងដឹងថាធ្វើការងារបែបណាហើយ សុទ្ធតែជាអ្នកជំនាញ និងមានបទពិសោធ»។
លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បានឲ្យដឹងថា ជាគោលជំហរអាជ្ញាធរខេត្ដព្រះសីហនុ បានយកច្បាប់ជាគោលក្នុងការដោះស្រាយបញ្ហាដីធ្លីនានារបស់ប្រជាពលរដ្ឋនេះ ប៉ុន្ដែត្រូវដោះស្រាយជាជំហានៗ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុរូបនេះបានថ្លែងបន្ដថា៖ «យើងធ្វើបណ្ដើរ យើងសម្របសម្រួលសិក្សាបណ្ដើរ បើពិនិត្យទៅថា ពួកគាត់ជាប្រជាពលរដ្ឋដែលរស់នៅទីនេះយូរមកហើយ អាជ្ញាធរគេនឹងកត់ត្រាទុក និងយកមកពិគ្រោះពិភាក្សា ប៉ុន្ដែលើកលែងតែពួកគាត់មកពីឆ្ងាយ (មកពីខេត្តនានាហើយ) មិនច្បាស់លាស់»៕