កំពង់ស្ពឺ: ប្រជាពលរដ្ឋប្រមាណជាង ១០០ គ្រួសារបានបង្ហាញការព្រួយបារម្ភពីការបណ្ដេញចេញពីតំបន់កំពុងរស់នៅនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ដែលជាបរិវេណឧទ្យានជាតិ ក្រោយពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានបដិសេធសំណើសុំវៀលដីទំហំប្រហែល ២៥០ ហិកតា។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង កាលពីម្សិលមិញបានបដិសេធសំណើពលរដ្ឋសុំវៀលដីពីទំហំ ២៥០ ហិកតាពីឧទ្យានជាតិគិរីរម្យស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ដោយអះអាងថាដីតំបន់នេះមានព្រះរាជក្រឹត្យហាមឃាត់ ប៉ុន្ដែតំណាងពលរដ្ឋព្រួយបារម្ភខ្លាចអាជ្ញាធរបណ្ដេញចេញពីដីភូមិ និងយកដីពួកគាត់ទៅឲ្យក្រុមហ៊ុនវិនិយោគវិញ។
លោក វ៉ី សំណាង អះអាងថាបើប្រជាពលរដ្ឋនៅតំបន់នោះជួបបញ្ហាខ្វះខាតដីពិតប្រាកដមែន អាជ្ញាធរនឹងពិចារណា ប៉ុន្ដែអាជ្ញាធរមិនអាចអនុញ្ញាតឲ្យជនខិលខូចយកលេសរាយការណ៍ពីកង្វះខាតរបស់ប្រជាពលរដ្ឋ ដើម្បីកេងចំណេញ និងក្លែងបន្លំយកជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
លោក សំណាង ថ្លែងថា៖ «អាជ្ញាធរនឹងមិនធ្វើអ្វីមួយដែលបង្កឲ្យប៉ះពាល់ពួកគាត់ទេ ប៉ុន្ដែអាជ្ញាធរនឹងមិនបណ្ដោយឲ្យជនខិលខូចឆ្លៀតឱកាសឈូសឆាយ ឬទន្ទ្រានកាប់បំផ្លាញព្រៃឈើ និងធ្វើឲ្យប៉ះពាល់ដល់ឧទ្យានជាតិគិរីរម្យដែរ។ ក្នុងនាមអាជ្ញាធរត្រូវតែការពារតំបន់នោះ ដើម្បីរក្សាតំបន់ទេសចរណ៍ជាតិ និងលើកកម្ពស់វិស័យបរិស្ថាន ឬការប្រែប្រួលអាកាសធាតុ»។
លោក វ៉ី សំណាង អះអាងផងដែរថា៖ «បើយើងបណ្ដែតបណ្ដោយទៅគឺពួកគាត់ចេះតែទន្ទ្រានកន្លែងនេះ កន្លែងនោះឥតឈប់ឈរ ហើយពេលយើងសួរទៅគាត់ឆ្លើយថា សុទ្ធតែអ្នកអត់មានដី ប៉ុន្ដែខ្ញុំមានដីសង្គមកិច្ចដែរតើ ម្ដេចក៏ពួកគាត់មិនមកយក? ហើយមិនដឹងជាមកពីណាខ្លះទេ? ចេះតែសម្លឹងមើលឃើញតំបន់ព្រៃហ្នឹង ហើយបើពួកគាត់ជាអ្នកអត់ដីពិតប្រាកដ គឺយើងនៅមានដីសង្គមកិច្ចសម្រាប់ជូនគាត់ដែរតើ»។
លោក ឡុង បូរិន តំណាងប្រជាពលរដ្ឋជាង ១០០ គ្រួសាររស់នៅភូមិចំការតែ និងភូមិថ្មី ឃុំចំបក់ គឺជាអ្នកស្នើដីចំនួន ២៥០ ហិកតាបានអះអាងថា រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ស៊ូគីម៉ិច ចំនួន ២០០០ ហិកតា និងផ្ដល់ផ្ទៃដីសម្បទានឲ្យក្រុមហ៊ុន A2A របស់ជប៉ុនចំនួន ២០០០ ហិកតា ហើយបច្ចុប្បន្នរដ្ឋាភិបាលបានសម្រេចពង្រីកបន្ថែមឈានដល់ចំនួន ៩០០០ ហិកតាសម្រាប់ឲ្យទៅក្រុមហ៊ុនវិនិយោគ។
លោក បូរិន ថ្លែងថា៖ «ដោយហេតុនេះក្រុមប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងចំពោះការបណ្ដេញចេញពីផ្ទះដោយបង្ខំ និងចង់ចៀសវាងការប៉ះទង្គិច និងទំនាស់ដីធ្លីជាយថាហេតុជាមួយក្រុមហ៊ុនវិនិយោគនានា យើងស្នើតំបន់នេះ ព្រោះតំបន់នេះត្រូវបានគេប្រគល់ឲ្យក្រុមហ៊ុន បើគ្មានវត្តមានក្រុមហ៊ុនទេ ប្រជាពលរដ្ឋក៏មិនបាច់ស្នើដែរ ព្រោះយើងមិនចង់មានទំនាស់ជាមួយក្រុមហ៊ុន។ ឥឡូវនេះយើងកំពុងតែព្រួយបារម្ភខ្លាំងណាស់ ខ្លាចតែគេបណ្ដេញចេញពីភូមិទៀត»។
លោក ជ័យ ហ៊ីម មេឃុំចំបក់ ស្រុកភ្នំស្រួច បានថ្លែងថាការសម្រេចនេះគឺជាសិទ្ធិរបស់ថ្នាក់ដឹកនាំ ប៉ុន្ដែប្រជាពលរដ្ឋទាំងនោះពិតជាមានការខ្វះខាតដីធ្លីពិតប្រាកដមែន ហើយពួកគាត់បានរស់នៅទីនោះតាំងពីឆ្នាំ ១៩៨០ រហូតមកដល់ឆ្នាំ ២០១៨ នេះនៅតែមិនទាន់បានដីដោយស្របច្បាប់នៅឡើយ។
លោកមេឃុំអះអាងថា មិនដឹងពីករណីដែលមានជនខិលខូចនៅពីក្រោយខ្នងទេ ប៉ុន្ដែពាក់ព័ន្ធនឹងករណីរំលោភដីព្រៃ និងកាប់ទន្ទ្រានដីតំបន់ឧទ្យានជាតិគិរីរម្យកន្លងមកនោះគឺមិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំរបស់លោកកំពុងគ្រប់គ្រងទេ៕