កណ្តាល: ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណជាង ៥០០ នាក់/អង្គ រស់នៅភូមិពោធិ៍ធំ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯមកាលពីម្សិលមិញបានប្រមូលផ្ដុំគ្នាតវ៉ាដោយចោទលោកគ្រូ/អ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍ធំចំនួន ៦ នាក់ថាបានឃុបឃិតគ្នាលួចលក់ដី «វត្តសារិកាកែវ» ទៅឲ្យឈ្មួញជាឧកញ៉ាមានអំណាច។
លោក ខូយ ស្រេងប្រជាពលរដ្ឋម្នាក់រស់នៅភូមិពោធិ៍ធំបានឲ្យដឹងថាលោកគ្រូ និងអ្នកគ្រូចំនួន ៦ នាក់បានឃុបឃិតគ្នាលួចលក់ដីដែលគ្រប់គ្រងដោយព្រះចៅអធិការវត្តសារិកាកែវដោយមិនបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងព្រះសង្ឃបានដឹងនោះទេ។
លោកបន្តថាដីនេះមានទំហំប្រមាណជាង ១០០ ម៉ែត្រការ៉េស្ថិតនៅជិតវត្តសារិកាកែវ ហើយគ្រប់គ្រងដោយព្រះចៅអធិការវត្តចាប់តាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ។ លុះដល់ឆ្នាំ ១៩៩៩ លោកគ្រូ អ្នកគ្រូ បានសុំខ្ចីដីនោះប្រើប្រាស់សម្រាប់ឲ្យបណ្ដុះបណ្ដាលសិស្សរៀនដាំដំណាំ និងបន្លែផ្សេងៗ និងធ្វើជាកន្លែងពិសោធន៍ទាក់ទងនឹងវិស័យកសិកម្មរហូតដល់ឆ្នាំ ២០១៥ មានឈ្មួញជាច្រើននាក់បានចុះមកសួររកទិញដី លោកគ្រូ អ្នកគ្រូបម្រុងនឹងលក់ ប៉ុន្ដែត្រូវបានហាមពីពលរដ្ឋ និងព្រះសង្ឃបានជោគជ័យ។
លោក ស្រេង បញ្ជាក់ថា៖ «ដីគេបម្រុងលក់ម្ដងហើយកាលពីឆ្នាំ ២០១៥ ប៉ុន្ដែពួកយើងរារាំងបានហើយដល់ពេលឥឡូវនេះគេលក់ម្ដងទៀតគេអត់មានឲ្យពលរដ្ឋ និងព្រះសង្ឃដឹងទេ គេធ្វើកិច្ចព្រមព្រៀងគ្នាពីថ្នាក់លើមកវិញទាំងស្ងាត់ៗ ហើយគេថាមិនបាច់នាំគ្នាតវ៉ាទេ អត់ប្រយោជន៍ គេព្រមព្រៀងគ្នារួចហើយ។ ពេលទទួលដំណឹងនេះពលរដ្ឋ និងព្រះសង្ឃផ្ទុះការតវ៉ាបែបនេះ»។
ព្រះតេជគុណ ទូច ពិសិដ្ឋ ព្រះចៅអធិការវត្តសារិកាកែវនៅភូមិពោធិ៍ធំមានសង្ឃដីកាថា ព្រះអង្គទើបតែមកគ្រប់គ្រងនៅវត្តនេះរយៈពេល ២ ឆ្នាំទេ ប៉ុន្ដែព្រះអង្គនឹងមិនអនុញ្ញាតឲ្យបាត់បង់ដីវត្តតាមរយៈឈ្មួញឃុបឃិតគ្នាយកដីវត្តទៅលក់ក្នុងតម្លៃ ១៥ ម៉ឺនដុល្លារអាមេរិកនោះទេ។
ព្រះតេជគុណបន្តថាអតីតព្រះចៅអធិការវត្តសារិកាកែវមុនៗបានផ្ដល់ដីឲ្យសាលាបឋមសិក្សាពោធិ៍ធំខ្ចីប្រើប្រាស់សម្រាប់ឲ្យសិស្សអនុវត្តមុខជំនាញកសិកម្ម ប៉ុន្ដែបែរជាលោកគ្រូ អ្នកគ្រូយកទៅលក់ឲ្យអ្នកផ្សេងទៅវិញ។ «កន្លងមកអាត្មាមិនបានគិតថា លោកគ្រូ អ្នកគ្រូគាត់មានគំនិតបែបនេះទេ ប៉ុន្ដែនៅពេលទទួលដំណឹងនេះ អាត្មាហួសចិត្ត អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋសុទ្ធតែដឹងថា វាជារបស់វត្តដែរ។ អាត្មាមិនទាន់មានគម្រោងដាក់ពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធបន្តទៀតទេ អាត្មាចាំមើលជំហររបស់ពលរដ្ឋ និងភាគីអ្នកលក់ដីហ្នឹង គេចូលខ្លួនដោះស្រាយគ្នាយ៉ាងណាសិន»។
លោក ឌុច ចាន់ មេឃុំអរិយក្សត្រថ្លែងថាលោកគ្រាន់តែបានទទួលព័ត៌មានថា ពលរដ្ឋ និងព្រះសង្ឃនាំគ្នាតវ៉ា ប៉ុន្ដែលោកជាប់រវល់ប្រជុំនៅសាលាស្រុកល្វាឯមនៅឡើយ។ លោកបញ្ជាក់ថា៖ «គេលក់ដីហ្នឹង គេអត់មានមកប្រាប់ខ្ញុំ ក្នុងនាមជាអាជ្ញាធរមូលដ្ឋានទេ គេទៅស៊ីញ៉េពីណាមក ខ្ញុំអត់ដឹងទេ»។
ចំណែកលោក អន ពេញ នាយប៉ុស្ដិ៍ឃុំអរិយក្សត្របានឲ្យដឹងដែរថា ពិតជាមានការតវ៉ាបែបនេះមែន ប៉ុន្ដែលោកមិនអាចប្រាប់ព័ត៌មានលម្អិតបានទេ។ លោកថ្លែងថា៖ «ហ្នឹងហើយពិតជាមានពលរដ្ឋនាំគ្នាតវ៉ាមែន ប៉ុន្ដែខ្ញុំអត់អាចនិយាយអ្វីលម្អិតជុំវិញបញ្ហានេះទេ។ ចំណែកបញ្ហាសន្ដិសុខក្នុងអំឡុងពេលតវ៉ានេះមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ»។
លោក ដា នី នាយកសាលាបឋមសិក្សាពោធិ៍ធំមិនទាន់អាចទាក់ទងសុំការបញ្ជាក់បានទេកាលពីម្សិលមិញ។
ចំណែកលោក គង់ សុភ័ណ្ឌ អភិបាលស្រុកល្វាឯមក៏នៅមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានដែរដោយទូរស័ព្ទមិនចូល៕