ខេត្តព្រះសីហនុ: ប្រជាពលរដ្ឋប្រមាណ ៤០០ នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រចុងសប្ដាហ៍មុនតវ៉ាដោយទាមទារឲ្យសាលាដំបូងខេត្តទម្លាក់បទចោទ និងដោះលែងមនុស្ស ៤ នាក់ដែលបានជាប់ឃុំពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ាម្នាក់កាលពីចុងឆ្នាំ ២០១៧ ព្រមទាំងទាមទារយកដីទំហំ ៨៤ ហិកតាពីឧកញ៉ាមកវិញ។
ការផ្ទុះការតវ៉ាបានកើតឡើងក្រោយពីពលរដ្ឋទាំងនោះបានទទួលដំណឹងពីសាលាដំបូងខេត្តគ្រោងនឹងបើកសវនាការលើសំណុំរឿងប្រជាពលរដ្ឋចំនួន ៤ នាក់រួមមាន អ្នកស្រី ឡុច ទូច តំណាងសហគមន៍ លោក ម៉ែន ខេន លោក ញាញ់ ជាតិ និងលោក កៅ ហេង រស់នៅភូមិអូរខ្សាច់ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ត្រូវបានតុលាការសម្រេចឃុំខ្លួនចាប់តាំងពីថ្ងៃទី ៦ ខែឧសភាត្រូវចោទពីបទ «កាន់កាប់ទន្ទ្រានដីអ្នកដទៃ និងប្រើហិង្សាដោយចេតនា» បន្ទាប់ពីមានជម្លោះជាមួយឧកញ៉ា តាន់ តាប់ ដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីជាន់លើដីរបស់ពួកគាត់។
លោក យឹម ប៉ុណ្ណារ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានឲ្យដឹងកាលពីម្សិលមិញថាការសម្រេចចិត្តគឺស្ថិតនៅលើចៅក្រម។
លោក ប៉ុណ្ណារ៉េត ថ្លែងថា៖ «ខ្ញុំគ្មានតួនាទីអ្វីសម្រេចនោះទេគឺស្ថិតនៅលើចៅក្រមជាអ្នកសម្រេច។ ការដែលក្រុមពលរដ្ឋមកតវ៉ាបែបនេះវាគ្មានប្រយោជន៍អ្វីសម្រាប់អ្នកជាប់ឃុំនោះទេ ដោយថាការធ្វើនេះគឺខុសនីតិវិធីច្បាប់ «ពួកគាត់ត្រូវដាក់ពាក្យប្តឹងសុំនៅក្រៅឃុំទៅគេឲ្យមិនឲ្យយ៉ាងម៉េច? យើងដាក់ទៅសាលាឧទ្ធរណ៍ទៀតទៅ ហើយបើយើងមកឈរតវ៉ាអ៊ីចឹងដោះស្រាយម៉េចកើត?»។
លោក យូ វាសនា តំណាងសហគមន៍អូរខ្សាច់ជាង ៤០០ នាក់នោះបានឲ្យដឹងថា៖ «ពួកខ្ញុំចង់ឲ្យតុលាការបញ្ឈប់ការចោទប្រកាន់ដល់អ្នកទាំង ៤ នាក់នេះ ព្រោះពួកយើងមើលឃើញថាការឃុំខ្លួនរបស់តុលាការហ្នឹងមានភាពអយុត្តិធម៌ ដោយមិនបានមើលទៅលើឯកសាររបស់ក្រសួងកសិកម្មដែលចេញមកថា ដីនោះស្ថិតក្នុងតំបន់គម្របព្រៃឈើការពារ ប៉ុន្ដែត្រូវបានអាជ្ញាធរកាត់ឲ្យពលរដ្ឋ។ មិនយូរប៉ុន្មានបុគ្គលមានអំណាចហ្នឹងបែរជាមានប័ណ្ណកម្មសិទ្ធិដែរ ហើយបានមកចាប់ពលរដ្ឋចំនួន ៤ នាក់ដាក់ឃុំរយៈពេលជាង ៤ ខែទៀត តើឲ្យពួកខ្ញុំធ្វើយ៉ាងណាទៅវិញ?»។
លោក ថេង សាវឿន អគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានថ្លែងថាការឃុំខ្លួនពលរដ្ឋទាំងអយុត្តិធម៌តាមបណ្ដឹងរបស់ឧកញ៉ានេះគឺជាការលម្អៀងរបស់តុលាការដោយមិនបានធ្វើការស្រាវជ្រាវឲ្យគ្រប់ជ្រុងជ្រោយតាមអង្គហេតុនីមួយៗអំពីប្រវត្តិដីនៅតំបន់នោះឲ្យបានច្បាស់លាស់។
លោកថ្លែងថា៖ «ក្នុងអំឡុងពេលតវ៉ាហ្នឹងមន្ត្រីតុលាការហៅពលរដ្ឋទៅសួរនាំ ហើយប្រាប់ពួកគាត់វិញថាមិនអាចដោះលែងបានទេ ឆាប់ទៅរកឯកសារបន្ថែមមកដោះបន្ទុក។ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំគិតថាបើចង់បានឯកសារបន្ថែមត្រូវតែដោះលែងពួកគាត់សិន ដើម្បីឲ្យពួកគាត់មានសិទ្ធិប្រមូលឯកសារ និងអាចតតាំងក្ដីជាមួយឧកញ៉ា ហើយបើនៅឃុំខ្លួនគាត់អ៊ីចឹង តើឲ្យគាត់តតាំងក្ដីជាមួយឧកញ៉ាយ៉ាងម៉េចកើត?»។
លោក កែ ប៊ុនធឿន មេធាវីការពារក្តីធ្លាប់អះអាងថាបើតាមការស្រាវជ្រាវ និងភ័ស្ភុតាងដែលផ្អែកតាមនីតិវិធីច្បាប់គឺកូនក្តីរបស់លោកមិនត្រូវឃុំឃាំងនោះទេ។
ក្នុងសំណុំរឿងជម្លោះដីធ្លីនោះគឺស្ថិតក្នុងតំបន់គម្របព្រៃឈើដែលតាមផ្លូវច្បាប់មិនអាចភាគីណាមានសិទ្ធិធ្វើប័ណ្ណកម្មសិទ្ធិបានឡើយ ប៉ុន្តែសម្រាប់ភាគីដើមបណ្តឹងបែរជាមានប័ណ្ណកម្មសិទ្ធិដែលត្រូវមានទោស បើផ្អែកលើមាត្រា ២៥៩ នៃច្បាប់ភូមិបាល។
កាលពីខែកក្កដា សាលាឧទ្ធរណ៍ម្តងរួចមកហើយ បន្ទាប់ពីតុលាការមួយនេះប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំរបស់តំណាងពលរដ្ឋខេត្តព្រះសីហនុ ៤ នាក់ដោយសម្រេចបន្តឃុំខ្លួនតំណាងពលរដ្ឋទាំងនោះទៀតក្រោមហេតុផលថា ពួកគាត់គ្មានទីលំនៅច្បាស់លាស់ និងថាសាលាដំបូងខេត្តព្រះសីហនុមិនទាន់បិទការស៊ើបសួរនៅឡើយ៕