ភ្នំពេញៈ ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទទួលព្រះរាជសវនាការជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានពិភាក្សាពីចំណងមិត្តភាពរវាងប្រទេសទាំង ២ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
ស្ថានទូតចិនប្រចាំកម្ពុជាឲ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃសុក្របានទទួលស្វាគម៍លោក Wang Yi នៅទីក្រុងប៉េកាំង ខណៈដែលព្រះអង្គកំពុងគង់ពិនិត្យសុខភាព។ ក្នុងជំនួបនោះលោក Wang Yi បាននាំពាក្យសួរសុខទុក្ខរបស់ប្រធានធិបតីចិនស៊ី ជីនភីង និងភរិយាថ្វាយព្រះមហាក្សត្រ។
លោក Wang Yi ថ្លែងថា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់បានបន្តរក្សាមិត្តភាពប្រពៃណីជាមួយចិន បន្ទាប់ពីសម្ដេចព្រះបរមរតនកោដ្ឋ ពោលគឺព្រះអង្គបានរួមចំណែកជាថ្មីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមិត្តភាពរវាងចិន និងកម្ពុជា។ លោកក៏បានបង្ហាញការត្រេកអររបស់ភាគីចិនដែលបានឃើញកម្ពុជាធ្វើបានយ៉ាងល្អក្នុងការទប់ស្កាត់នឹងជំងឺកូវីដ១៩ ក្នុងប្រទេសឲ្យទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ ហើយលោកជឿជាក់ថា ប្រជាជនកម្ពុជាប្រាកដជាអាចយកឈ្នះជាមួយនឹងជំងឺកូវីដ១៩នេះជាមិនខាន។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនសរសេរថា៖ «ខណៈពេលនេះ ចិន និងកម្ពុជា នៅតែអាចប្រឈមជាមួយហានិភ័យ និងបញ្ហាប្រឈមមួយចំនួនក្នុងកិច្ចទប់ស្កាត់ការផ្ទុះឡើងសាជាថ្មីនូវជំងឺកូវីដក្នុងប្រទេស និងកិច្ចទប់ស្កាត់នឹងជំងឺនេះដែលឆ្លងពីក្រៅប្រទេស។ ភាគីទាំង ២ គួរពង្រឹងកិច្ចសហការសាមគ្គីគ្នា និងការពិភាក្សាបទពិសោធទប់ស្កាត់នឹងវីរុសមួយនេះដើម្បីដំណើរការសេដ្ឋកិច្ចសង្គម និងសណ្ដាប់ធ្នាប់ជីវភាពសាជាថ្មីដោយស្ថិតក្រោមការទប់ស្កាត់យ៉ាងមោះមុតក្នុងភាពធម្មតានេះ»។
ស្ថានទូតចិនបានលើកឡើងនូវសម្ដីរបស់លោក Wang Yi ដែលថ្លែងថា ខណៈពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដ៏ចាំបាច់នេះភាគីកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងមុតមាំជូនដល់ភាគីចិន។
ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ មក ភាគីចិនក៏បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្ររដ្ឋចិនដំបូងគេក្នុងកិច្ចទប់ស្កាត់ជំងឺកូវីដ ១៩ ក្នុងបណ្ដាប្រទេសជិតខាងនៃចិន និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រយោធាចិនមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានផ្តល់សម្ភារទប់ស្កាត់ចាំបាច់ជាច្រើន ជូនដល់កម្ពុជា។ «ទាំងនេះបានបង្ហាញឲ្យឃើញពីមិត្តភាពប្រពៃណីដែលគាំទ្រគ្នា និងជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា»។
បើតាមទូតចិនដដែល ព្រះមហាក្សត្រ នរោត្តម សីហមុនី បានផ្ដាំសួរសុខទុក្ខប្រធានាធិបតី ស៊ី និងភរិយា និងបានមានបន្ទូលថានឹងបន្តរក្សា និងអភិវឌ្ឍមិត្តភាពរវាងចិន និងកម្ពុជា និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំង ២។ ព្រះអង្គបានសាទរដល់ចិនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងថ្លែងអំណរគុណចំពោះចិនដែលបានផ្ដល់ជំនួយដល់កម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ព្រះអង្គបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចពិភាក្សាជាមួយចិនអំពីបទពិសោធក្នុងកិច្ចទប់ស្កាត់នឹងជំងឺនេះដើម្បីរក្សាសុខសុវត្ថិភាពអាយុជីវិតប្រជាជន។
ទំព័រហ្វេសប៊ុក Royal du Cambogde ក៏បានលើកឡើងនូវសម្ដីលោក Wang Yi ដែលលោកថា៖ «មិត្តភាពចិន-កម្ពុជាគឺជាមិត្តភាពដែលមិនអាចបំបែកបាន និងបានទប់ទល់ទៅនឹងការសាកល្បងនៃការផ្លាស់ប្តូរអន្តរជាតិ ហើយវាអាចត្រូវបានគេហៅថា ជាគំរូនៃការផ្លាស់ប្តូររវាងប្រទេសនិងរដ្ឋ»។
លោក Wang Yi ត្រូវបានស្រង់សម្ដីថា៖ «ភាគីទាំង ២ គួរតែពង្រឹងថែមទៀតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការព្រមទាំងការផ្លាស់ប្តូរបទពិសោធក្នុងការការពារ និងគ្រប់គ្រង ហើយស្ដារឡើងវិញនូវជីវិតសេដ្ឋកិច្ច និងសង្គមក្នុងខណៈដែលប្រកាន់ខ្ជាប់នូវការការពារ និងការត្រួតពិនិត្យ ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩»។
ព្រះមហាក្សត្រក៏បានចូលរួមរំលែកទុក្ខចំពោះអ្នកដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ដោយព្រះអង្គបង្ហូតទង់ព្រះមហាក្សត្រត្រឹមពាក់កណ្តាលដង នៅមុខព្រះរាជដំណាក់ចំណែកសម្តេចព្រះមហាក្សត្រី ព្រះអង្គបានប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានៅព្រះបរមរាជវាំងនៃប្រទេស កម្ពុជា ដើម្បីបួងសួងដល់ប្រជាជនចិន។ នេះបើតាម Royal du Cambodge។
ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនងកម្ពុជា-ចិននឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយមិត្តភាពប្រជាជននឹងបន្តកាន់តែស៊ីជម្រៅថែមទៀតផងដែរ»។
ក្នុងករណីដាច់ដោយឡែកលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃសុក្របានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Wei Fenghe ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនអំពីការរួមគ្នារវាងរដ្ឋាភិបាល និងប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ នេះបើតាមព័ត៌មានពីស្ថានទូតចិន។
ស្ថានទូតចិនបញ្ជាក់ថា៖ «ភាគីចិន សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជាដែលទទួលបានពីកិច្ចទប់ស្កាត់នឹងជំងឺកូវីដហើយចិននឹងបន្តជំរុញកិច្ចទំនាក់ទំនងជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃយោធារវាងប្រទេសទាំង ២»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បើនិយាយពីទំនាក់ទំនងកម្ពុជា និងចិនគឺថ្នាក់ដឹកនាំកម្ពុជា និងព្រះមហាក្សត្រមានទំនាក់ទំនងជិតស្និទ្ធទាំងកម្រិតឯកជន និងផ្លូវរដ្ឋ។ លោកថា ប្រទេសទាំង ២ មានទំនាក់ទំនងជិតស្និទ្ធលើវិស័យ ៤ រួមមានវិស័យនយោបាយ សេដ្ឋកិច្ចសង្គមវប្បធម៌ និងទំនាក់ទំនងជាឯកជនរវាងថ្នាក់ដឹកនាំចិន និងអតីតព្រះមហាក្សត្រ ព្រះមហាក្សត្របច្ចុប្បន្ន និងថ្នាក់ដឹកនាំកំពូលបច្ចុប្បន្ន។ «ក្នុងវិស័យយោធាទំនាក់ទំនងរវាងប្រទេសទាំង ២ គឺដល់កម្រិតកំពូលរហូតដល់មានការសង្ស័យថា កម្ពុជាបានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនផ្ដល់ឲ្យចិនប្រើប្រាស់ផ្ដាច់មុខនូវមូលដ្ឋានយោធាដែនសមុទ្រ។ ទាំងអស់នេះមានន័យថា មានភាពស៊ីជម្រៅនៃទំនាក់ទំនង»៕