ព្រះវិហារៈ មន្ត្រីបានដាក់ការសង្ស័យថា ភ្លើងឆេះព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប នៅស្រុកឆែប ខេត្តព្រះវិហារ អស់ប្រមាណ ២០០ ហិកតា នៃផ្ទៃដីកាលពីថ្ងៃទី ១៣ ខែមីនា គឺមានគេលួចចូលទៅដុតបំផ្លាញ ដែលអាចជាប់ពាក់ព័ន្ធនឹងការគុំកួន។
លោក ជា សម្បតិ្ត អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ភ្លើងឆេះព្រៃនៅក្នុងឧទ្យានតេជោសែន ឫស្សីត្រឹបនេះអស់ប្រមាណ ២០០ ហិកតា។ ក្នុងនោះស្មៅសម្រាប់ឱ្យគោស៊ីប្រមាណ ៧ ហិកតានៃផ្ទៃដី និងសល់ពីនេះ កូនឈើ និងដើមឈើ ដែលត្រូវបានដាំ ដោយរាជបណ្ឌិត្យសភាកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៨ សរុបទាំងអស់ប្រមាណ ៧ ម៉ឺនដើម។
ឈើដែលបានឆេះនេះជាប្រភេទឈើបេង សុក្រំ គ្រញូង ដែលត្រូវបានដាំរយៈពេលជាង ២ ឆ្នាំ និងខ្លះទៀត ១ ឆ្នាំ។ ក្រៅពីនេះ ជាដើមឈើដែលដុះយូរហើយ [ប្រភេទដើមឈើចាស់ និងធំៗ] ដែលមានមុខកាត់ចាប់ពី ២០ រហូតដល់ ៨០ សង់ទីម៉ែត្រអស់ជាច្រើនដើម។ នេះបើតាមការបញ្ជាក់របស់លោកជាសម្បត្តិ។
មន្ត្រីរូបនេះថ្លែងថា លោកមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការឆេះបណ្តាលមកពីអ្វីនៅឡើយទេ ប៉ុន្តែលោកបានដាក់ការសង្ស័យជំហានដំបូងថា មានគេលួចចូលទៅដុតបំផ្លាញ។ លោកបានអះអាងថា នៅសុខៗវាមិនអាចឆេះបានទេ ហើយបើទោះបី វាឆេះ វានឹងរាលចេញពីចំណុចខាងណាមួយ ប៉ុន្តែនេះវាឆេះនៅត្រង់ចំណុចកណ្តាលចម្ការស្មៅគោ។
លោកថ្លែងថា៖ «យើងបានដាក់ការសង្ស័យទៅលើពួកដើរបាញ់សត្វ អ្នកដើរទាក់សត្វដែលអាចនឹងជក់បារី ហើយបោះបារីចោល។ ប៉ុន្តែមួយទៀត គឺអ្នកត្រូវបាន ឯកឧត្តមប្រធាន សុខ ទូច ចាប់គោយន្តគាត់ ប្រហែលពួកគាត់គុំកួន និងមានការស្អប់យើង ដោយកន្លងមកនេះយើងបានចាប់គោយន្តគាត់ដែលបានចូលទៅកាប់ឈើនៅក្នុងឧទ្យាននេះ»។
បើតាមលោក ជា សម្បត្តិ ការចាប់គោយន្តនោះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច គ្មានចេតនាក្នុងការចាប់យកគោយន្តទាំងនោះយកមកធ្វើកម្មសិទ្ធិនោះទេ។ ការចាប់នោះគ្រាន់តែយកមករក្សាទុកមួយរយៈពេលកុំឱ្យពួកគាត់យកចូលទៅកាប់ឈើធ្វើអាជីវកម្មបន្តទៀត ហើយនៅពេលសមស្របណាមួយនោះនឹងប្រគល់ឱ្យពួកគាត់វិញ។
ទោះជាយ៉ាងណាលោក ជា សម្បត្តិ បញ្ជាក់ថារហូតមកដល់ពេលនេះ លោក សុខ ទូច មិនទាន់មានផែនការណាមួយក្នុងការចុះស៊ើបអង្កេតស្វែងរកជនសង្ស័យដែលលួចចូលទៅដុតព្រៃនេះនៅឡើយទេ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាពីម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោកមិនអាចហៅចូលបាន។
ប៉ុន្តែកាលពីថ្ងៃទី ១៣ ខែមីនា លោក សុខ ទូច បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយចោទជាចម្ងល់ និង អមជាមួយវីដេអូភ្លើងកំពុងឆេះព្រៃយ៉ាងសន្ធោសន្ធៅថា៖ «តើពេលណាយើងត្រូវទាត់ចោលទម្លាប់អាក្រក់នេះបាន កូនឈើដាំនៅរដូវវស្សា ពេលរដូវប្រាំងឆេះអស់ ព្រោះតែសត្វជ្រូក ១ ក្បាល»។
ដោយឡែកហ្វេសប៊ុករបស់ឧទ្យានឫស្សីត្រឹបនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២១ បានសរសេរថា ព្រៃក្នុងតំបន់ឧទ្យាន និងកូនឈើដែលបានដាំក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៨ ត្រូវបានជនខិលខូចដុតក្នុងពេលថ្មីៗនេះ។
ហ្វេសប៊ុកនេះបន្តថា៖ «ផ្ទះឆេះអាចសង់ឡើងវិញបាន តែព្រៃឈើដែលឆេះមិនអាចដាំឡើងវិញភ្លាមបានទេ មានតែពាក្យសោកស្តាយប៉ុណ្ណោះ»។
លោក ឈួន ម៉ារឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារបានថ្លែងពីម្សិលមិញថា លោកមិនទទួលបានព័ត៌មានពីភ្លើងឆេះព្រៃនៅក្នុងឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹបនេះទេ ព្រោះអាជ្ញាធរថ្នាក់ក្រោមមិនបានរាយការណ៍ជូនលោក។
លោកថ្លែងថា៖ «បើសិនជាមានអ្នកផ្តល់ព័ត៌មានឱ្យខ្ញុំបានដឹង ខ្ញុំនឹងបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយពន្លត់ហើយ ព្រោះខ្ញុំតែងតែចុះទៅពន្លត់រហូតមក ប៉ុន្តែនេះខ្ញុំអត់បានដឹង»។
ទោះជាយ៉ាងណាក៏ដោយទាក់ទងនឹងមន្ត្រីឧទ្យានជាតិ ដែលបានសន្និដ្ឋានថា មានគេលួចចូលទៅដុតនោះ លោកនឹងរៀបចំបញ្ជូនមន្ត្រីទៅពិនិត្យមើល និងធ្វើការស៊ើបអង្កេតជាក់ស្តែង។
លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានថ្លែងថា ជាទូទៅ នៅក្នុងខេត្តព្រះវិហារនារដូវប្រាំងតែងតែមានភ្លើងឆេះព្រៃ មិនថានៅកន្លែងឧទ្យានជាតិតេជោសែនឫស្សីត្រឹបនេះទេ។ ដូច្នេះបានជាខាងក្រសួងក៏ដូចខាងមន្ទីរខេត្តតែងតែត្រៀមធ្វើការការពារភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ។
បើតាមលោក មាស ញឹម ដើម្បីការពារភ្លើងឆេះព្រៃ និងកុំឱ្យមានការលួចចូលទៅដុតបានខាងឧទ្យានជាតិតេជោសែន ឫស្សីត្រឹប គួរតែមានកម្លាំងការពារគ្រប់ច្រកសំខាន់ៗដើម្បីទប់ស្កាត់។ បើមិនមានទេ វាអាចនឹងបណ្តាលឱ្យឆេះកាន់តែច្រើន ព្រោះភ្លើងឆេះព្រៃនៅប្រទេសកម្ពុជាគឺកើតឡើងដោយសកម្មភាពរបស់មនុស្ស មិនដូចនៅស្រុកគេទេ។
លោក មាស ញឹម ថ្លែងថា៖ «បើមិនមានមនុស្សដុត វាមិនឆេះទេ វាមិនដូចធ្លាក់ថ្មមកឆេះដូចនៅអាមេរិកទេ»៕
វីដេអូ៖