កណ្ដាលៈ ក្រុមការងារគយ និងរដ្ឋាករចល័តប្រចាំច្រកអន្តរជាតិជ្រៃធំ បានសម្រេចហាមឃាត់ការនាំចូលបន្លែ ៦ មុខពីប្រទេសវៀតណាម បន្ទាប់ពីក្រុមមន្ត្រីជំនាញ សាខាកាំកុងត្រូលខេត្តកណ្ដាលបានរកឃើញកំណកសារធាតុថ្នាំពុលកសិកម្មមានផ្ទុកនៅក្នុងបន្លែទាំងនោះ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់អ្នកបរិភោគ។ សេចក្ដីសម្រេចនេះបានឲ្យដឹងថា ក្នុងបន្លែទាំង ៦ មុខនោះរួមមាន ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មារតូច (សម្រាប់ធ្វើតែជ្រក់) ផ្លែល្ពៅ និងផ្កាគូឆាយ។
លោក ម៉ួង ដារ៉ា ប្រធានក្រុមការងារគយចល័តប្រចាំច្រកទ្វារអន្តរជាតិជ្រៃធំ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ ក្រុមការងាររបស់លោកបានសហការជាមួយក្រុមមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តកណ្ដាល ចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពបន្លែផ្លែឈើ ដែលក្រុមអាជីវករខ្មែរនៅតាមព្រំដែនបាននាំចូលពីប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិជ្រៃធំ។
លោក ដារ៉ា ថ្លែងថា៖ «បន្លែ ៦ មុខ ដែលមានផ្ទុកសារធាតុគីមីពុលកសិកម្មនោះរួមមាន ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មារតូច ផ្លែល្ពៅ និងផ្កាគូឆាយ។ ក្រោយពីរកឃើញមានសារធាតុពុលនៃថ្នាំសម្លាប់សត្វល្អិត សមត្ថកិច្ចយើងបានរឹបអូសមកបំផ្លាញចោល និងអប់រំណែនាំដល់អាជីវករខ្មែយើងឲ្យបញ្ឈប់ការនាំចូលនូវកសិផលទាំងនោះពីប្រទេសវៀតណាមមកផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុកយើងទៀត»។
លោកបានឲ្យដឹងទៀតថា៖ «ដោយថ្ងៃបន្ទាប់យើងនៅតែពិនិត្យឃើញមានការនាំចូលបន្លែទាំង ៦ មុខនោះទៀត ហើយនៅតែមានផ្ទុកសារធាតុគីមីពុលកសិកម្ម សមត្ថកិច្ចយើងក៏បានសម្រេចធ្វើការហាមឃាត់ជាផ្លូវការនូវការនាំចូលប្រភេទបន្លែទាំង ៦ មុខពីប្រទេសវៀតណាមតែម្ដង»។
លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្ដាលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាទូទៅថ្នាំពុលកសិកម្មដែលត្រូវបានគេប្រើប្រាស់សម្រាប់សម្លាប់សត្វល្អិតចង្រៃគឺវាអាចជួយឲ្យដំណាំលូតលាស់បានល្អ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់អ្នកបរិភោគផងដែរ ប្រសិនបើថ្នាំពុលសម្លាប់សត្វល្អិតនោះនៅមិនទាន់រលាយ ឬ ធ្វើប្រតិកម្មសំយោគអស់កំណកជាតិពុលពីស្លឹកបន្លែ ឬផ្លែឈើនោះទេ។
លោក ម៉ានរិន ថ្លែងថា៖ «ថ្នាំសម្លាប់សត្វល្អិតដែលយើងរកឃើញលើបន្លែទាំង ៦ មុខនេះជាប្រភេទថ្នាំពុលសម្លាប់សត្វដង្កូវ ដែលស៊ីស្លឹក ដើម និងឫសរុក្ខជាតិ ដែលត្រូវបានគេប្រើដើម្បីភាពលូតលាស់នៃបន្លែផ្លែឈើ។ ប្រភេទថ្នាំពុលទាំងនោះជាទូទៅរលាយអស់ឥទ្ធិពលក្នុងរយៈពេលពី ៥ ថ្ងៃទៅ ១ សប្ដាហ៍ក្រោយពីមានប្រតិកម្មសំយោគជាមួយពន្លឺព្រះអាទិត្យ និង ជាតិខនិចផ្សេងទៀត។ ប៉ុន្តែបើក្រោយពីបាញ់វាទៅលើបន្លែផ្លែឈើបានត្រឹមតែ ២ ទៅ ៣ ថ្ងៃ កសិករកាត់បន្លែ ឬផ្លែឈើមកលក់នោះ កំណកជាតិពុលរបស់វា ដែលតោងជាប់នឹងស្លឹក ដើម ឬផ្លែ នៃបន្លែផ្លែឈើទាំងនោះនឹងបង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់អ្នកបរិភោគបាន»។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានសម្ដែងការសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចក្នុងការទប់ស្កាត់នូវលំហូរបន្លែផ្លែឈើ ដែលមានសារធាតុគីមីពុលពីក្រៅប្រទេស។
លោកថ្លែងថា នៅពេលនេះប្រជាកសិករនៅក្នុងស្រុកកំពុងបង្កើនការដាំដុះដោយប្រើប្រាស់ថ្នាំ និងជីធម្មជាតិ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពអ្នកបរិភោគ។
លោក សាវឿន បានថ្លែងថា៖ «យើងមិនអាចហាមឃាត់ការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសបានទេ ខណៈការផលិតរបស់យើងនៅក្នុងស្រុកនៅមិនទាន់ឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ តែយើងសូមឲ្យរដ្ឋាភិបាលទប់ស្កាត់ការនាំចូលនូវបន្លែផ្លែឈើណា ដែលកសិករយើងនៅក្នុងស្រុកផលិតបាន និងបន្លែផ្លែឈើដែលខូចគុណភាព និងមានសារធាតុគីមីពុល»។
ទន្ទឹមនឹងនេះលោក សាវឿន ក៏បានអំពាវនាវដល់ប្រជាកសិករខ្មែរដែលកំពុងបង្កើនការដាំដុះបន្លែផ្លែឈើតាមគោលការណ៍ណែនាំរបស់អ្នកជំនាញផ្នែកកសិកម្ម ដោយប្រើប្រាស់ជី និងថ្នាំផ្សំពីរុក្ខជាតិផ្សេងៗដែលធានាចំពោះសុវត្ថិភាពរបស់អ្នកបរិភោគ និងមិនត្រូវឆ្លៀតឱកាសនេះ បង្កើនតម្លៃដែលនាំឲ្យមានការរិះគន់ពីអ្នកបរិភោគទាំងអស់នៅក្នុងប្រទេសកម្ពុជា៕
វីដេអូ៖