កោះកុងៈ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុងកំពុងបន្តនីតិវិធីត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសការលួចទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប។ នេះបើតាមលោក ម៉ម ផល្លារ ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងកាលពីម្សិលមិញ។
លោក ផល្លារ បាននិយាយថាថ្វីបើបទល្មើសព្រៃឈើ និងសត្វព្រៃនៅខេត្តកោះកុងស្ទើរតែពុំមានកើតឡើងក្ដី ប៉ុន្តែការងារបង្ក្រាបបទល្មើសនៅតែបន្តអនុវត្តយ៉ាងសកម្ម និង ទៀងទាត់តាមកាលវិភាគដែលបានកំណត់ដោយក្រុមឧទ្យានុរក្សក្នុងតំបន់ ជាពិសេសចាប់តាំងពីរដ្ឋបាលខេត្តកោះកុងបានចេញសេចក្ដីជូនដំណឹងស្ដីពីការដកហូតប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ខុសច្បាប់) និង ការចូលទន្ទ្រានកាន់កាប់ដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបកាលពីប៉ុន្មានខែមុននេះមកក្រុមមន្ត្រីឧទ្យានុរក្សបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាសហគមន៍ការពារព្រៃឈើបានបង្កើនការចុះល្បាតព្រៃដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់នេះ។
លោក ផល្លារ បានថ្លែងថា៖ «ជាមួយគ្នានេះក្រុមមន្ត្រីជំនាញយើងក៏កំពុងធ្វើការស្រាវជ្រាវអំពីទីតាំងដីព្រៃដែលមានប្លង់កម្មសិទ្ធិ តែមិនទាន់កែច្នៃ ឬអភិវឌ្ឍអ្វីទាំងអស់នៅក្នុងតំបន់ដែនជម្រក សត្វព្រៃពាមក្រសោប យើងផងដែរ ដើម្បីឲ្យប្រាកដថាប្លង់កម្មសិទ្ធិទាំងនោះត្រឹមត្រូវតាមទម្រង់ច្បាប់ ឬមួយយ៉ាងណា? បើមិនត្រឹមត្រូវ យើងនឹងរៀបចំកសាងសំណុំឯកសារតាមនីតិវិធីច្បាប់ដាក់ស្នើទៅក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីមោឃភាពទៅលើប្លង់កម្មសិទ្ធិទាំងនោះដើម្បីដកហូតយកដីទាំងនោះមកដាក់ទុកជាសម្បត្តិរដ្ឋវិញ»។
ទោះជាបែបណាក្ដីលោក ផល្លារ ពុំបានប្រាប់លម្អិតថា តើមានដីព្រៃដែលមានប្លង់កម្មសិទ្ធិដែលមិនទាន់កាប់ឆ្ការឬ អភិឌ្ឍអ្វីសោះនៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបនោះមានចំនួនប៉ុន្មានទីតាំងនោះទេ។
ប៉ុន្តែលោកបានអះអាងថាមានមួយចំនួនកំពុងស្ថិតក្រោមយន្តការតាមដាន ស្រាវជ្រាវ និងត្រួតពិនិត្យផ្ទៀងផ្ទាត់ដោយក្រុមមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន។
លោក មាន ព្រហ្មនី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តកោះកុងបានថ្លែងកាលពីម្សិលមិញដោយទទួលស្គាល់ថាក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងបានអនុវត្តច្បាប់ ដើម្បីការពារធនធានធម្មជាតិបានល្អប្រសើរ។
ទន្ទឹមនឹងនេះ លោក ព្រហ្មនី បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធពិនិត្យផងដែរ ចំពោះករណីប្រជាសហគមន៍មួយចំនួនដែលពួកគាត់បានស្នាក់នៅ និងអាស្រ័យផលនៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបនោះតាំងពីយូរណាស់មកហើយ ប៉ុន្តែពួកគាត់គ្មានប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីនៅឡើយទេ។
លោកថ្លែងថា៖ «ពលរដ្ឋមួយចំនួនបានរស់នៅ និងអាស្រ័យផលនៅក្នុងតំបន់ដែនជម្រកខាងលើនេះដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានជាយូរមកហើយ ប៉ុន្តែពួកគាត់ពុំមានប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយទេ ករណីនេះអាជ្ញាធរពាក់ព័ន្ធគប្បីគិតគូរពីសុវត្ថិភាពនៃការរស់នៅរបស់ពួកគាត់ផងដែរ»។
លោកស្រី នាង គុណ មេឃុំពាមក្រសោបបានថ្លែងកាលពីម្សិលមិញថា ពលរដ្ឋនៅក្នុងឃុំរបស់លោកស្រីមានចំនួន ៣៥២ គ្រួសាររស់នៅដោយចងក្រងគ្នាជាសហគមន៍ ការពារធនធានធម្មជាតិ និងជលផល។ ពួកគេជារឿយៗតែងតែចូលរួមជាមួយនឹងក្រុមមន្ត្រីជំនាញខាងបរិស្ថាន រដ្ឋបាលព្រៃឈើ និងជលផលចុះបង្ក្រាបបទល្មើស និងដាំដើមឈើ (ដើមកោងកាង) ដើម្បីស្ដារព្រៃឈើឡើងវិញ។
លោកស្រីបន្តថា៖ «ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំពាមក្រសោបយើងខ្ញុំពុំមានប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈឯកជនឡើយ ប៉ុន្តែពួកគាត់មានដីសហគមន៍ដែលទទួលស្គាល់ដោយក្រសួងបរិស្ថានសរុប ៣១៦៥ ហិកតាសម្រាប់ស្នាក់នៅ ការពារ អភិរក្ស និងអាស្រ័យផលនៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបនោះ ដូច្នេះវាពុំមានផលប៉ះពាល់អ្វីទេ»៕