ភ្នំពេញៈ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែងថា នៅក្នុង​ខែមីនា​ខាង​មុខ​អាច​នឹងមាន​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា ព្យួរការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ពីព្រោះ​លែង​មាន​ការបញ្ជូន​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ចេញ​ពី​ប្រទេស​ចិន​ចាប់​តាំងពី​ប្រទេស​នេះ​បាន​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា​មក​គឺ​វា​មិនមែន​មកពី​ឥទ្ធិពល EBA​ នោះទេ​។

បើ​តាម​ការបញ្ជាក់​របស់​លោក ហេង សួរ ដែល​បាន​ចែកចាយ​នៅក្នុង​ប្រព័ន្ធ​តេឡេក្រាម​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បានបញ្ជាក់​ថា ការបិទ​រោងចក្រ ឬ​ការព្យួរ​ការងារ​របស់​និយោជិត​មួយ​ចំនួន​នាពេល​ខាងមុខ​ដ៏ខ្លី​នេះ​គឺ​មិនមែន​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ ប៉ុន្តែ​ដោយសារ​លែង​មាន​ក្រណាត់​ជា​វត្ថុ​ធាតុដើម​ទើប​បង្ខំ​ឱ្យ​រោងចក្រ​កាត់ដេរ​ទាំងនោះ​ត្រូវ​ផ្អាក​ចង្វាក់​ផលិតកម្ម​មួយរយៈ​។

លោក​បញ្ជាក់ថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​ដែល​ដំណើរការ​កន្លងមក គឺ​ភាគច្រើន​ពឹង​ផ្អែកលើ​ការនាំ​ចូល​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ពី​រោងចក្រ​នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ចាប់​តាំងពី​មាន​ការផ្ទុះ​វីរុស​កូរ៉ូណា​ បន្ទាប់​ពី​មុន​បុណ្យ​ចូលឆ្នាំ​ចិន​មក​បាន​ធ្វើឱ្យ​រោងចក្រ​នៅក្នុង​ប្រទេស​នេះ បិទទ្វារ ហើយ​មិនទាន់​ដឹងថា​ត្រូវ​ដំណើរការ​វិញ​នៅពេល​ណា​នោះទេ ទើប​ធ្វើឱ្យ​រោងចក្រ​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​ការខ្វះ​ក្រណាត់​នាពេល​ខាង​មុខ​។

លោក​ថា​៖ «​នៅក្នុង​ខែ​មីនា​ខាងមុខ​នេះ​អាច​មាន​ការបិទ​រោងចក្រ​មួយ​ចំនួន ឬ​ព្យួរ​ការងារ​កម្មករនិយោជិត​មួយ​ចំនួន​ថា មកពី​រឿង EBA តាម​ការពិត មិនមែន​ទេ​។ ចំពោះមុខ​អ្វីដែល​ជាការ​ជាក់ស្ដែង គឺ​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​រោងចក្រ​នៅក្នុង​ប្រទេស​ផ្សេងទៀត​ដែល​ពឹង​ផ្អែកលើ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ គឺ​ត្រូវការ​ពេល​ប្រហែល​ ៤០ ថ្ងៃ សម្រាប់​ទទួល​បាន​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ចិន ដើម្បី​យក​មក​ធ្វើ​ធាតុ​ចូល​សម្រាប់​សង្វាក់​ផលិតកម្ម​របស់ខ្លួន​»​។

លោក​ ហេង សួរ​បញ្ជាក់​ទៀត​ថា​៖ «​ដោយឡែក​សម្រាប់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​យើង​ភាគច្រើន​គឺ​យក​ក្រណាត់​ពី​ប្រទេស​ចិន ហើយ​ការដឹកជញ្ជូន​មក​នេះ​គឺ​ខែ​ ១២ ​និង​ខែ​ ១ ​នេះ​មាន​ការដឹកជញ្ជូន​មក​ច្រើន​នៅ​មុនពេល​ចូលឆ្នាំ​ចិន ដល់​ពេល​ក្រោយ​ចូលឆ្នាំ​ចិន​នេះ​គឺថា​រោងចក្រ​នៅ​ចិន​បាន​បិទ​ទាំងស្រុង​ហើយ​ បន្ទាប់ពី​មានការ​ផ្ទុះ​វីរុស​នេះ​គឺថា​រោងចក្រ​នៅ​ចិន​គឺ​មិនទាន់​ដំណើរការ​នៅឡើយ​ទេ​»​។

ប្រទេស​ ចិន​ បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​បន្ត​ឈប់សម្រាក​ដោយ​មិនទាន់​កំណត់ពេល​ចាប់តាំងពី​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​មក​ដោយ​ឱ្យ​ក្រុមហ៊ុន​ធំៗ​ត្រូវ​បន្ត​បិទទ្វារ​ ឬ​ឱ្យ​បុគ្គលិក​ធ្វើ​ការងារ​នៅ​តាម​ផ្ទះ ដើម្បី​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​ដែល​បាន​សម្លាប់​មនុស្ស​កើនឡើង​ជាង​ ៨០០ ​នាក់ និង​ឆ្លង​ជាង​ ៣​ ម៉ឺន​ (៣៧ ១៩៨) ​នាក់​គិត​ត្រឹម​ថ្ងៃទី​ ៨ ​ខែ​កុម្ភៈ​ចាប់តាំងពី​ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូហាន​ភាគ​កណ្ដាល​ប្រទេស​ចិន​តាំងពី​ខែធ្នូ​ឆ្នាំ​ ២០១៩​។

លោក ហេង សួរ បាន​បន្តថា រោងចក្រ​កាត់ដេរ ១០០% គឺ​សល់​ក្រណាត់​ក្នុង​ស្ដុក​សម្រាប់​សង្វាក់​ផលិតកម្ម​រហូត​ដល់​ខែកុម្ភៈ​នេះ រោងចក្រ ៩៥ ​ភាគរយ​អាច​សល់​ត្រឹម​សប្ដាហ៍​ទី​ ២ ​នៃ​ខែ​មីនា និង​ ៩០% ​អាច​ដល់​ដំណាច់​ខែ​មីនា​។

លោក​ថា​៖ «​អ៊ីចឹង​!​ឥឡូវនេះ គាត់​ (​រោងចក្រ​) ​បាន​ព្យាយាម​កុម្ម៉ង់​ក្រណាត់​បន្ថែម​ពី​ប្រទេស​ចិន ក៏ប៉ុន្តែ​រោងចក្រ​នៅ​ប្រទេស​ចិន​អត់​ទាន់​ហ៊ាន​ឆ្លើយថា យ៉ាងម៉េច ដោយសារ​តែ​មិនទាន់​ដឹងថា តើ​ពេលណា​រោងចក្រ​របស់​ខ្លួន​អាច​ដំណើរការ​បាន​។ អ៊ីចឹង​ហើយ​បាន​ជា​នៅក្នុង​ខែ​ ៣ ​ខាងមុខ​នេះ​ វា​អាច​មាន​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ស្នើសុំ​ព្យួរ​ការងារ​កម្មករ​យើង​មួយចំនួន អ៊ីចឹង​នេះ​គឺជា​អង្គហេតុ​ពិត​នៃ​ករណី​បើ​មាន​ការបិទ​ ឬ​ក៏​ការព្យួរ​រោងចក្រ​នៅក្នុង​ខែ​ ៣ ​ឬ​ក៏​ខែ​ ៤ ​ខាងមុខនេះ​។ ដូច្នេះ​អ្វី​ដែល​បិទ ឬ​ក៏​ព្យួរ​នេះ​វា​មិនមែន​មកពី​ឥទ្ធិពល EBA ឬមួយ​ឥទ្ធិពល​ស្អី​នោះទេ គឺ​ឥទ្ធិពល​នៃ​កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ​តែម្តង​»​។

លោក​ ហេង សួរ ស្នើឱ្យ​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ឱ្យ​បាន​ទូលំទូលាយ​ដោយសារ​លោក​ព្រួយបារម្ភ​ថា ខ្លាច​ក្រុម​អ្នកប្រឆាំង​យក​រឿង​បិទ​រោងចក្រ ឬ​ព្យួរការងារ​កម្មករ​ទាំង​នោះ​ភ្ជាប់​ទៅនឹង​ឥទ្ធិពល​របស់ EBA ដែល​ព័ត៌មាន​ពី​សហភាព​អឺរ៉ុប​ជុំវិញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។

គណៈកម្មការ​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ខាន​ស្អែក​នេះ ថា​តើ​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​ ឬ​មិន​ដក ហើយ​បើ​មាន​ការដក តើ​ដក​ទាំងស្រុង​ ឬ​ដក​ផ្នែក​ណាមួយ​។

ធនាគារ​ពិភពលោក​បាន​លើកឡើងថា ផលិតផល​នាំចេញ​ដោយសារ​វិស័យ​រោងចក្រ និង​វិស័យ​ទេសចរណ៍​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រាកំណើន​ជា​មធ្យម ៨ ​ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩៨ និង ២០១៨ ​ដែល​ធ្វើឱ្យ​ប្រទេស​នេះ ក្លាយជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​នៅលើ​ពិភពលោក​ថ្វីដ្បិត​មាន​ការថមថយ​តិចតួច​នូវ​កំណើន​នេះ​មក​ត្រឹម​ ៧ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ ​ក្ដី​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩៦ ដែលមាន​រោងចក្រ​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​ប្រហែល​ចំនួន ៦០ ​និង​កម្មករ​ ៨ ​ម៉ឺន​នាក់ ​បាន​កើន​ដល់​ជិត​ ១ ​ពាន់​រោងចក្រ និង​កម្មករ​ជិត​ ៨១ ​ម៉ឺន​នាក់​នាពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​កាលពី​ខែមករា​។

លោក ហុង វណ្ណៈ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​លើកឡើងថា ការបិទ​រោងចក្រ​ និង​ព្យួរការងារ​កម្មករ​ដែ​លអាច​កើតឡើង​ខាងមុខ​នេះ​អាច​ត្រូវបាន​គេ​ចាត់ទុកថា បណ្ដាល​មកពី EBA ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ការសម្របសម្រួល​ណាមួយ ដើម្បី​នាំយក​វត្ថុធាតុ​ដើម​កុំឱ្យ​រោងចក្រ​ទាំងនោះ​ផ្អាក​ដំណើរការ​ផលិត​ក្នុង​រយៈពេល​យូរ​។

លោក​ថា​៖ «​ព្រោះ​ការដឹកជញ្ជូន​វត្ថុធាតុដើម​មិនមែន​មានតែ​មកពី​តំបន់​គោលដៅ​កូរ៉ូណា​នៅ​ទីក្រុង​វូហាន​ទេ ព្រោះ​វត្ថុធាតុដើម​ខ្លះ​វា​អាច​នៅក្រៅ​តំបន់​វូហាន​»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​លើកឡើង​ថា​ការព្យួរ​ការងារ​នឹង​ធ្វើឱ្យ​កម្មករ​បាត់បង់​ប្រាក់ចំណូល ហើយ​លោក​ថា ការដោះស្រាយ​ដើម្បី​កុំឱ្យ​កម្មករ​ត្រូវ​បាត់បង់​ចំណូល​នេះ គឺ​អាច​ជា​រឿង​ដ៏លំបាក​មួយ​សម្រាប់​រដ្ឋាភិបាល​។

លោក​ថា​៖ «​ស្ថានភាព​បែបនេះ រោងចក្រ​ខ្លះ​មិនអាច​ទទួល​យក​កម្មករ​បន្ថែម​ឡើយ ប្រសិន​បើ​រោងចក្រ​របស់​ពួកគាត់​ត្រូវបាន​ផ្អាក​ដោយសារ​ខ្វះ​វត្ថុធាតុដើម​ហ្នឹង​។ គាត់​នឹង​មាន​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ដែល​ត្រូវមាន​កាតព្វកិច្ច​បង់​ធនាគារ​ជាដើម​ផង​។ ជម្រើស​មួយ​ដែល​ធ្វើបាន តែ​ខ្ញុំ​គិតថា រដ្ឋ​យើង​មិន​ដើរ​ច្រក​ហ្នឹង​បានទេ គឺ​ផ្ដល់​ថវិកា​របស់​រដ្ឋ​ណាមួយ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​ពួកគាត់ នៅពេល​ដែល​រោងចក្រ​ត្រូវ​បាន​ផ្អាក​ផលិតកម្ម​ក្នុង​រយៈពេល​ណាមួយ​»​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​បាន​ទេ ដោយសារ​ទូរស័ព្ទ​លោក​មិនមាន​អ្នក​ទទួល​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ហេង សួរ បាន​ឆ្លើយតប​យ៉ាងខ្លី​មក​ភ្នំពេញ​ប៉ុស្ដិ៍​ដោយ​សម្តែង​ក្តី​សង្ឃឹមថា ស្ថានភាព​ប្រទេស​ចិន​ដែល​កំពុង​រង​ការវាយប្រហារ​ដោយ​វីរុស​កូរ៉ូណា​នឹង​វិល​មក​រក​ភាពប្រក្រតី​វិញ​នៅក្នុង​រយៈពេល​ ២ ​សប្ដាហ៍​ខាងមុខ​។ ទោះជា​យ៉ាងណា​លោក​បញ្ជាក់ថា រោងចក្រ​ផលិត​សម្លៀកបំពាក់ គឺ​ប្រឈម​ខ្លាំង​ជាង​គេ​ទៅ​នឹង​ការព្យួរ​ការងារ​កម្មករ ខណៈ​រោងចក្រ​ផលិត​ស្បែកជើង​ហាក់​មិនទាន់​មាន​សញ្ញា​ណាមួយ​ប្រឈម​ទៅនឹង​បញ្ហា​នេះ​នៅឡើយ​ទេ​៕

វីដេអូ៖