ភ្នំពេញៈ មន្ត្រី​ក្រសួងបរិស្ថាន​បាន​ចាត់ទុក​របាយការណ៍​ចេញផ្សាយ​លើក​ចុងក្រោយ​មួយ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ថា បាន​ប្រើប្រាស់​ទិន្នន័យ​មិន​ពិត និង​មាន​បង្កប់​របៀបវារៈ​នយោបាយ ដោយ​របាយការណ៍​លើក​ទី ៨ ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​អះអាងថា ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ ព្រៃឡង់​ទំហំ​ជាង​ ៤ ​ម៉ឺន​ហិកតា​ត្រូវ​បាន​បាត់បង់​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ហៅ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ជា​បណ្ដាញ​ក្រៅច្បាប់ ហើយ​របាយការណ៍​ដែល​បណ្ដាញ​នេះ​បាន​ចេញ​ផ្សាយ គឺ​ធ្វើ​ឡើង​ដើម្បី​កៀរគរ​រក​ថវិកា​ប៉ុណ្ណោះ​។

លោក​ថា​៖ «​ក្រសួងបរិស្ថាន​មិន​អត្ថាធិប្បាយ​លើ​របាយការណ៍​ដែល​រៀបចំឡើង ដោយ​ឈរលើ​ទិន្នន័យ​របាយការណ៍​នៃ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ដែល​ជា​បណ្ដាញ​ក្រៅច្បាប់​មិន​បាន​ចុះឈ្មោះ​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​ទេ ហើយ​សកម្មភាព​របស់​ក្រុម​បណ្ដាញ​ព្រៃឡង់​នេះ​ដែល​បាន​ធ្វើឡើង​គឺ​បង្កប់​ដោយ​របៀបវារៈ​នយោបាយ ប្រើប្រាស់​ព័ត៌មាន​មិន​ពិត​ពី​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​ដែល​គ្មាន​ការទទួល​ស្គាល់​ផ្លូវការ​។ ពួកគេ​រៀបចំ​របាយការណ៍​នេះ គ្រាន់តែ​ដើម្បី​បន្ត​ស្វែងរក​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ រក្សា​ការងារ និង​ប្រាក់ខែ​របស់​ខ្លួន​ប៉ុណ្ណោះ​»​។

កាលពី​ថ្ងៃទី​ ៣ ​កុម្ភៈ​បណ្ដាញ​សហគមន៍​ព្រៃឡង់​បានចេញ​ផ្សាយ​របាយការណ៍​ជា​ផ្លូវការ​ស្ដីពី​ការត្រួតពិនិត្យ​លើក​ទី​ ៨ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ព្រៃឡង់​នៅ​កម្ពុជា​ដោយ​បាន​អះអាង​ថា ទំហំ​បាត់បង់​ព្រៃឈើ​សរុប​នៅក្នុង​តំបន់​ដែនជម្រក​សត្វ​ព្រៃឡង់​ពី​ឆ្នាំ​ ២០០១ ​ដល់​ឆ្នាំ​ ២០១៨ គឺមាន​ចំនួន​ជាង​ ៤ ​ម៉ឺន​ (៤១៧៥៨) ​ហិកតា ឬ​ជិត​ ១០% ​នៃ​តំបន់​ដែនជម្រក​សត្វ​ព្រៃឡង់​ទាំងមូល​។

របាយការណ៍​នេះ​សរសេរ​ដោយយោង​តាម​សាកលវិទ្យាល័យ​ Maryland ការបាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃឡង់​គឺ​មាន​ចំនួន​ ៤៥៦៣ ​ហិកតា​ក្នុង​ឆ្នាំ​ ២០១៨​។ នេះ​ស្មើនឹង​មធ្យមភាគ​ ១៣ ​ហិកតា​នៃ​ព្រៃ​ដែល​ត្រូវបាន​បាត់បង់​ជា​រៀងរាល់ថ្ងៃ ឬ​ស្មើនឹង​ទំហំ​ទីលាន​បាល់ទាត់​ក្នុង​ស្ដាតអូឡាំពិក​ (០.៧០៥ ​ហិកតា​) ​ចំនួន​ ១៨ ​ដង ដែល​ត្រូវគេ​កាប់​ជា​រៀងរាល់​ថ្ងៃ​»​។

របាយការណ៍​នេះ​ត្រូវបាន​ចងក្រង​ដោយ​សាកលវិទ្យាល័យ Copenhagen ក្នុងប្រទេស​ដាណឺម៉ាក​ដោយ​ប្រើប្រាស់​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ការចុះ​ល្បាត​ព្រៃ​របស់​បណ្ដាញ​​សហគមន៍​ព្រៃឡង់ និង​រូបភាព​ផ្កាយរណប​ពី​ប្រភព​ផ្សេងៗ​ទៀត​។

កាលពី​ឆ្នាំ​ ២០១៦ តំបន់​ព្រៃឡង់​ជាង​ ៤ ​សែន​ (៤៣១,៦៨៣) ​ហិកតា​ត្រូវ​រដ្ឋាភិបាល​បង្កើត​ទៅ​ជា​តំបន់​ដែនជម្រក​សត្វ​ព្រៃឡង់​ដែល​លាតសន្ធឹង​ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្តព្រះវិហារ​។ ព្រៃឡង់​គឺជា​ព្រៃ​ទឹកភ្លៀង​ដ៏ធំ​មួយ​ដែល​ទ្រទ្រង់​ដល់​ទន្លេមេគង្គ និង​ទន្លេសាប ខណៈ​ទន្លេ​ទាំង​ ២ ​នេះ​មាន​សារៈសំខាន់​សម្រាប់​ការនេសាទ​របស់​ពលរដ្ឋ សម្រាប់​សេដ្ឋកិច្ចជាតិ និង​សន្ដិសុខ​ស្បៀង​។

របាយការណ៍​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​បន្ថែមថា ថ្វី​ដ្បិត​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បង្កើន​ការយកចិត្ត​ទុកដាក់​ខ្លាំង​ជាង​មុន​ទៅ​លើ​ការកាប់​បំផ្លាញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃ​ដូចជា​ការបង្កើត​ស្ថាប័ន​មួយចំនួន ការចាប់ខ្លួន​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ប្រព្រឹត្ត​ពុករលួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឈើ ការដាក់ចេញ​វិធានការ​ថ្មីៗ និង​ការ​បំផ្លាញ​ចោល​ភ្លាមៗ​នូវ​មធ្យោបាយ​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ជាដើម​គឺ​នៅតែ​មិន​ទាន់​ប្រសិទ្ធភាព​នៅឡើយ​។

របាយការណ៍​បញ្ជាក់ថា វិធានការ​ថ្មីៗ​ទាំងនោះ​នៅ​តែ​មិនអាច​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ព្រៃឈើ ដែល​កើតឡើង​ដោយសារ​មាន​អំពើ​ពុករលួយ និង​ឈ្មួញ​រកស៊ី​ឈើ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​។ រដ្ឋាភិបាល​គួរ​ពង្រីក​ការបង្ក្រាប​ចាប់ពី​បុគ្គល​រហូត​ទៅ​ដល់​ក្រុមហ៊ុន​ដែល​តែង​ធ្វើ​សកម្ម​ភាពខុស​ច្បាប់​ប្រមូល​យក​ផល​អនុផល​ព្រៃឈើ​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក នេត្រ ភក្ត្រា បាន​អះអាង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ការងារ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជាប្រចាំ និង​បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​ឡើង​នៅក្នុង​តំបន់​ព្រៃឡង់​។

លោក​ថា​៖ «​ដោយសារ​តែ​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ និង​អភិរក្ស​បានល្អ​ប្រសើរ ក្រុម​ការងារ​បច្ចេកទេស​បាន និង​កំពុង​សិក្សា​វាយតម្លៃ​លើ​បរិមាណ​ឥណទាន​កាបូន REDD+ ដើម្បី​ឈាន​ទៅ​លក់​ឥណទាន​កាបូន​ក្នុង​ក្របខ័ណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​ដូច​ដែល​យើង​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ដែនជម្រក​សត្វព្រៃតាតៃ និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាង​ត្បូង​។ នេះ​បង្ហាញ​ថា​ការគ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​យើង​មាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​»​។

លោក ស្រី ថី បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្តព្រះវិហារ​បានលើកឡើង​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់​គឺ​បាន​បង្កើតឡើង​អស់​រយៈពេល​ប្រហែល​ ២០ ​ឆ្នាំ​មក​ហើយ ហើយ​ថ្វីដ្បិត​មិន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការការពារ​ព្រៃឡង់ និង​មិនបាន​បម្រើ​អ្នកនយោបាយ​ណាមួយ​ឡើយ​។

លោក​ថា របាយការណ៍​ដែល​ចេញ​ថ្មី​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ពី​ការរកឃើញ​ពិតៗ​របស់​សហគមន៍​អំពី​ការកាប់បំផ្លាញ​ព្រៃឈើ​ប្រចាំខែ និង​ប្រចាំឆ្នាំ​។

លោក​ថា​៖ «​អ្នកការពារ​ព្រៃឈើ​មិន​ខុសច្បាប់​ទេ អ្នក​ដែល​កាប់បំផ្លាញ​ព្រៃឈើ​ទេ ជា​អ្នក​ខុសច្បាប់​នោះ​»៕

វីដេអូ៖