
កុមារសម្រាកព្យាបាលជំងឺគ្រុនឈាមនៅពេទ្យកុមារជាតិកាលពីឆ្នាំមុន។ ខណៈនៅខេត្តកំពង់ស្ពឺ កំពុងផ្ទុះជំងឺគ្រុនឈាម។ ហុង មិនា
កំពង់ស្ពឺៈ មន្ត្រីជំនាញបានសម្តែងការព្រួយបារម្ភចំពោះការផ្ទុះឡើងនូវជំងឺគ្រុនឈាម ខណៈដែលកុមារចំនួន ៧ នាក់ នៅក្នុងមណ្ឌលកុមារកំព្រាមួយ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចបានកើតជំងឺគ្រុនឈាមកម្រិតស្រាល ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយអស់ហើយក្តី។
លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺថ្លែងពីម្សិលមិញថា នៅមណ្ឌលកុមារកំព្រាមួយក្នុងឃុំត្រែងត្រយឹងមានកុមារកំព្រាស្នាក់នៅរួមគ្នាចំនួន ៧៥ នាក់ដែលមានអាយុក្រោម ១០ ឆ្នាំភាគច្រើនជាកុមារត្រូវបានឪពុកម្ដាយបោះបង់ចោល ដោយសារមានកាយសម្បទាមិនគ្រប់គ្រាន់ គឺនៅក្នុងខែមិថុនានេះមានកុមារ ៧ នាក់បានឆ្លងជំងឺគ្រុនឈាម។
លោកលើកឡើងថា នេះគឺជាការឆ្លងផ្តុំគ្នាច្រើនដែលធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺគ្រុនឈាម។ លោកបន្តថា មូលហេតុនាំឱ្យមានការឆ្លងលើកុមារទាំងនេះដោយសារមណ្ឌលស្ថិតនៅក្បែរព្រៃ និងពុំបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវដូចជាកំប៉ុង ឬដបជាដើម ដែលជាហេតុធ្វើឱ្យដក់ទឹកនៅក្នុងរបស់ទាំងនោះនារដូវវស្សានេះ ដែលធ្វើឱ្យដង្កូវទឹកពងបង្កើតទៅជាមូសខ្លា។
លោកថា៖ «នៅក្នុងខេត្តកំពង់ស្ពឺ វាជាករណីឆ្លងរប៉េះរប៉ោះដែរ គឺភូមិខ្លះមានត្រឹម ១ ទៅ ២ ករណីអីទេនៅតាមបណ្ដាស្រុក ប៉ុន្តែវាមិនបានកើតឡើង ផ្តុំច្រើនដូចនៅក្នុងភូមិហ្នឹងទេ ហើយនៅពេលវាកើតច្រើន វាធ្វើឱ្យយើងបារម្ភ និងត្រូវមានវិធានការបន្ទាន់ដើម្បីទប់ស្កាត់ (ការផ្ទុះឡើង)។ ឥឡូវនេះ (ថ្ងៃ ២៥ មិថុនា) យើងឱ្យក្រុមការងារចុះទៅបាញ់ថ្នាំនៅបរិវេណមណ្ឌលហ្នឹងនិងនៅក្នុងភូមិ»។
លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាមប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ដំបូងឡើយមន្ត្រីសុខាភិបាលនៅខេត្តកំពង់ស្ពឺបានរាយការណ៍ថា ករណីឆ្លងជំងឺគ្រុនឈាមទៅលើកុមារនៅក្នុងមណ្ឌលកុមារកំព្រា គឺជាករណីផ្ទុះឡើងជំងឺគ្រុនឈាម ប៉ុន្តែបន្ទាប់ពីលោកបានចុះទៅមើលផ្ទាល់ គឺឃើញថា គ្រាន់តែជាករណីកើតឡើងរាយប៉ាយប៉ុណ្ណោះ។ «ដោយសារឆ្នាំមុន យើងបានធ្វើសកម្មភាពបានល្អ ហើយធ្វើឱ្យប្រជាជនមានការយល់ដឹង និងមានការចូលរួម។ នៅក្នុងរយៈពេល ២៤ សប្ដាហ៍នេះមានករណីគ្រុនឈាមតែ ២ ៩០៧ ករណីទេ អ៊ីចឹងមានតិចជាងឆ្នាំមុន ៨៦% (ប្រៀបធៀបពេលដូចគ្នា)»។
លោកបន្តថា នៅទូទាំងប្រទេសគឺមិនទាន់មានខេត្តណាមួយផ្ទុះឡើងជំងឺនេះធ្វើឱ្យមានការព្រួយបារម្ភខ្លាំងនៅឡើយទេ។ កាលពីឆ្នាំ ២០១៩ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ៤៨ នាក់ ក្នុងចំណោមអ្នកជំងឺគ្រុនឈាមចំនួន ៦៨ ៥៩៧ ករណី ដែលជាចំនួនកើនឡើងប្រហែល ៣ ដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។
លោក ឫទ្ធា បញ្ជាក់ទៀតថានៅក្នុងឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបែតជាង ២៥០ តោន ថ្នាំបាញ់មូសជាង ៦ ពាន់លីត្រ និងថ្នាំសេរ៉ូមជិត ១០ ម៉ឺនកំប្លោក ដែលអាចប្រើប្រាស់គ្រប់គ្រាន់ក្នុងឆ្នាំនេះដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាម៕