ព្រះសីហនុៈ មន្ត្រីយោធាស័ក្តិ ២ ម្នាក់ ដែលបានប្រើហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លី ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីខែមករា ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិន័យផ្នែករដ្ឋបាល តាមច្បាប់យោធា ដោយពុំទាន់ទទួលទោសទណ្ឌផ្នែកព្រហ្មទណ្ឌណាមួយឡើយ ដោយរង់ចាំការស៊ើបអង្កេតបន្ថែម ខណៈគណៈកម្មការចំពោះកិច្ចដែលបង្កើតដើម្បីស៊ើបករណីនេះ នៅមិនទាន់បានបិទបញ្ចប់។
មេបញ្ជាការរងយោធភូមិភាគ ៣ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ លោក សាវិន វិបុល បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា មន្ត្រីយោធាស័ក្តិ ២ មានឈ្មោះចាន់ ម៉ៅ អាយុជាង ៤០ ឆ្នាំ ត្រូវបានព្យួរការងារឲ្យស្ថិតនៅក្នុងបន្ទាយដើម្បីទទួលទណ្ឌកម្មផ្នែកយោធា ក្រោយរកឃើញថា រូបគេបានធ្វើខុសនឹងបទបញ្ជា ដោយបានប្រើហិង្សាទៅលើពលរដ្ឋ ស្របពេលមន្ត្រីរូបនោះ ក៏យល់ព្រមទទួលកំហុសរបស់ខ្លួនដែរ។
លោកបន្តថា៖ «គាត់ធ្វើត្រូវបទបញ្ជាហើយ តែខុសត្រង់ថា គាត់ប្រើហិង្សាលើពលរដ្ឋ ដែលខ្ញុំអត់បានបញ្ជា ហើយពេលគាត់ចុះទៅហ្នឹងគាត់នៅក្រោយ តែប្រជាជនគប់ត្រូវចំឆ្អឹងជំនីរគាត់ ដល់អ៊ឹចឹងទៅគាត់ចេញពីក្រោយមក គាត់ឃើញជនរងគ្រោះក៏លើកកាំភ្លើងវាយទៅ ដាក់តែបន្តិចទេតែមើលទៅដូចធ្ងន់។
មេបញ្ជាការរងរូបនេះបន្តទៀតថា៖ «យើងដាក់ទោសផ្នែករដ្ឋបាលសិន រង់ចាំបញ្ជាពីលើ ព្រោះគាត់មន្ត្រីស័ក្តិ ២ អ៊ីចឹងយើងមិនអាចធ្វើអីគាត់បានទេ ទាល់តែថ្នាក់លើបញ្ជា ព្រោះតាមច្បាប់ បើគាត់ជាយុទ្ធជន នោះខ្ញុំអាចសម្រេចបាន។ ម្យ៉ាងទៀត បើថ្នាក់លើថា បញ្ជូនឲ្យខាងណាៗ អីទៅ គឺយើងបញ្ជូនតាមហើយ តែនេះមិនទាន់មានបញ្ជាទេ»។
កាលពីដើមខែកុម្ភៈ ក្រោយហេតុការប៉ះទង្គិចអាជ្ញាធរបានអះអាងថា មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុម្នាក់ ក៏ត្រូវបានផ្អាកការងារបណ្តោះអាសន្នឲ្យស្ថិតក្រោមការស៊ើបអង្កេតផងដែរ។
វីដេអូខ្លីជាច្រើនឃ្លីប ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមបង្ហាញពីមន្ត្រីយោធាខេត្តព្រះសីហនុម្នាក់បានវាយជនរងគ្រោះនឹងកាំភ្លើង AK និងមានមន្ត្រីម្នាក់ទៀត ក្នុងឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថ បានយកជើងជាន់ពីលើជនរងគ្រោះដែលកំពុងដេកដួលនឹងដី ខណៈដៃរបស់គាត់កំពុងជាប់ចំណងចងទៅក្រោយ។
ដើម្បីស្វែងរកការពិតពីការបង្ក្រាបដោយហិង្សានេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតគណៈកម្មការចំពោះកិច្ចមួយ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩ ដើម្បីស៊ើបអង្កេត ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេលជាង ២០ ថ្ងៃហើយ ដែលគណៈកម្មការនោះមិនទាន់បានបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនបានប្រាប់លម្អិតអំពីរឿងវិវឌ្ឍយ៉ាងណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា រហូតមកដល់ពេលនេះ គណៈកម្មការមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតក្នុងករណីនេះទេ។ លោកបន្ថែមថា ក្នុងករណីបិទបញ្ចប់រឿងនោះ គណៈកម្មការនឹងធ្វើសន្និសីទកាសែតបង្ហាញពីលទ្ធផលដែលខ្លួនបានរកឃើញ។
ចំពោះដំណើរការ និងនីតិវិធីក្នុងការដាក់ទោសទណ្ឌ ក្រៅតែពីការពិន័យទៅតាមផ្នែករដ្ឋបាលចំពោះមន្ត្រីទាំងនោះ ឬក៏បង្ហាញពីលទ្ធផលបណ្តោះអាសន្នដែលខ្លួនបានរកឃើញយ៉ាងណានោះ លោក អេង ហ៊ី នៅតែមិនអាចបញ្ជាក់ប្រាប់ ដោយលោកគ្រាន់តែអះអាងខ្លីថា «តែចប់គេនឹងបង្ហាញនៅក្នុងសន្និសីទកាសែតហ្នឹងហើយ»។
កាលពីថ្ងៃទី ២៤ ខែមករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុជាង ២០០ នាក់បានចុះអនុវត្តសាលដីការបស់តុលាការកំពូល ដើម្បីវាស់វែងដីជូនពលរដ្ឋដែលឈ្នះក្តីចំនួន ៩ គ្រួសារ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រមាណ ៣០០ នាក់អះអាងថា ជាដីរបស់ខ្លួន ហើយបានតវ៉ាប្រឆាំងនឹងការចុះអនុវត្តនោះ ដោយនាំគ្នាដុតកង់ឡានបិទផ្លូវ និងគប់ដបសាំងរហូតផ្ទុះអំពើហិង្សាដែលបណ្តាលឲ្យពលរដ្ឋម្នាក់ជាកម្មករសំណង់បានត្រូវគ្រាប់កាំភ្លើងចំត្រង់ស្មាពីខាងឆ្វេងបៀមជាប់ឆ្អឹងខ្នង ហើយពលរដ្ឋ ៦ នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ហើយដោះលែងវិញនៅយប់ថ្ងៃដដែល៕