ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់អំពីបញ្ហាសិទិ្ធមនុស្សមួយចំនួនដែលត្រូវបានលើកឡើងដោយអង្គការ UNHRC សម្រាប់ការពិនិត្យជាសកល ខណៈដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានចេញផ្សាយរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនចំនួន ៣ នៅក្នុងខេត្តពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី។
ដើម្បីត្រៀមរៀបចំសម្រាប់ការពិនិត្យជាសកលស្តីអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដែលគ្រោងនឹងធ្វើនៅថ្ងៃទី ៣០ មករាខាងមុខអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភជាច្រើនទាក់ទងទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ កង្វល់មួយក្នុងចំណោមកង្វល់ជាច្រើនដែលត្រូវបានលើកឡើងគឺឯករាជភាពរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអំពីការកំណត់ចំនួនបុគ្គលដែលត្រូវទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមគឺជាការជ្រៀតជ្រែកចូលក្នុងឯករាជភាពរបស់តុលាការមួយនេះ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ ECCC បានលើកឡើងកាលពីថ្ងៃចន្ទថា ECCC ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីការបង្កើត ECCC និង កិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់ទោសឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
«ចៅក្រម សហព្រះរាជអាជ្ញា មេធាវី និងមន្ត្រីច្បាប់ទាំងអស់នៅ ECCC ធ្វើការសម្រេចចិត្តដោយឯករាជ្យ មិនមានការជ្រៀតជ្រែកណាមួយនោះទេ។ ទាំងភាគីកម្ពុជា ឬអង្គការសហប្រជាជាតិមិនអាចធ្វើការសម្រេច ឬបញ្ចប់ការស៊ើបអង្កេតនីតិវិធីណាមួយបានទេគឺមានតែស្ថាប័នតុលាការតែ ១ ប៉ុណ្ណោះដែលអាចធ្វើការសម្រេចចិត្តបាន»។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាលាក្តីខ្មែរក្រហម កាលពីពេលថ្មីៗនេះបានជួបជាមួយលោក Miguel de Serpa Soares អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ។
លោក ភក្ត្រា ថា លោក ប៊ិន ឈិន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងចង់ឃើញ ECCC បំពេញ និងបញ្ចប់អាណត្តិរបស់ខ្លួនជាមួយនឹងដំណើរការនៃសេចក្តីថ្លៃថ្នូរ និងកិត្តិយស។
គណៈកម្មាធិការសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិក៏បានសម្តែងការព្រួយបារម្ភផងដែរ ចំពោះការយាយី និងការជ្រៀតជ្រែកលើអ្នកសារព័ត៌មានអ្នកការពារសិទ្ធិមនុស្ស សហជីព សកម្មជនសិទ្ធិដីធ្លី សកម្មជនបរិស្ថាន សកម្មជនសង្គមស៊ីវិល និងសមាជិកគណបក្សប្រឆាំង។ ពួកគេបាននិយាយថាអ្នកទាំងនោះនៅបន្តរងការបៀតបៀន ចំពោះសកម្មភាពរបស់ពួកគេជាពិសេសតាមរយៈការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋផ្សេងៗ។
អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ច្បាប់ថ្មីត្រូវបានអនុម័តជាមួយនឹងបទប្បញ្ញត្តិដែលអាចរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិ សិទ្ធិចូលរួម និងជួបជុំ ជាពិសេសច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលច្បាប់ស្តីពីសហជីព និងច្បាប់ទូរគមនាគមន៍។
ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានពន្យល់ថាច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ការគោរពសិទ្ធិសេរីភាពសម្រាប់អ្នកសារព័ត៌មានអង្គការសង្គមស៊ីវិល និងសហជីពមិនមែនធ្វើឡើងដើម្បីរឹតត្បិតសេរីភាពនោះទេ។
ទោះយ៉ាងណាលោកលើកឡើងថា សហជីព សង្គមស៊ីវិល និងអ្នកសារព័ត៌មានមួយចំនួនបែរជាមើលឃើញថាច្បាប់ទាំងនោះជាការរឹតត្បិតសេរីភាពរបស់ពួកគេទៅវិញ ពីព្រោះពួកគេធ្លាប់ប្រើប្រាស់សេរីភាពជាមួយរបៀបវារៈនយោបាយ។
លោកថ្លែងថា៖ «មុនពេលច្បាប់ទាំងនេះត្រូវបានអនុម័ត ពួកគេបានធ្វើសកម្មភាពដោយសេរីដែលវាហួសពីច្បាប់កំណត់ ហើយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។ ពេលខ្លះពួកគេបានប្រើប្រាស់សេរីភាពរបស់ពួកគេជាមួយរបៀបវារៈនយោបាយដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ»។
យ៉ាងណាក្តីលោក ម៉ាលីន បានលើកឡើងថារដ្ឋាភិបាលមានឆន្ទៈធ្វើវិសោធនកម្មច្បាប់ទាំងនោះ ប្រសិនបើចាំបាច់។
លោកថ្លែងថា រដ្ឋាភិបាលបានរៀបចំវេទិកាសាធារណៈរួចហើយ ដើម្បីពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ដើម្បីធ្វើឱ្យច្បាប់ទាំងនោះកាន់តែមានលក្ខណៈប្រសើរឡើង។
«ប្រសិនបើពួកគេមានការព្រួយបារម្ភពួកគេអាចលើកឡើងបានហើយយើងអាចពិភាក្សាគ្នា ដើម្បីស្វែងរកលទ្ធភាពធ្វើវិសោធនកម្មច្បាប់ទាំងនោះសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិរបស់យើង...» ។
លោកបន្តថាការព្រួយបារម្ភមួយចំនួនដែលត្រូវបានលើកឡើងដោយអង្គការសហប្រជាជាតិគឺវាមិនបានឆ្លុះបញ្ចាំងអំពីការពិតនោះទេ។
ដោយលើកឡើងអំពីរបាយការណ៍របស់លោកស្រី រ៉ូណាស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អង្គការ OHCHR បញ្ជាក់ថា៖ «ការបោះឆ្នោតពីមុនៗរហូតមកដល់ការបោះឆ្នោតឆ្នាំ ២០១៨ គេឃើញមានលក្ខណៈប្រសើរឡើងជាលំដាប់ទាក់ទងទៅនឹងការគោរពតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា»។
ប៉ុន្តែនិន្នាការនេះបានធ្លាក់ចុះក្នុងអំឡុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ បន្ទាប់ពីការរំលាយអតីតគណបក្សប្រឆាំង។ លោកស្រី ស្ម៊ីត ថ្លែងថាភាពពិតប្រាកដនៃការបោះឆ្នោតនោះគឺត្រូវបានចោទសួរ។
ប៉ុន្តែលោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និយាយកាលពីថ្ងៃចន្ទថា គជប គោរពច្បាប់ ហើយមិនពាក់ព័ន្ធជាមួយនឹងការរំលាយគណបក្សនយោបាយណាមួយនោះទេ។
លោកបានពន្យល់ថា មានតែគណបក្សដែលបានចុះឈ្មោះជាមួយក្រសួងមហាផ្ទៃប៉ុណ្ណោះដែលអាចចុះឈ្មោះជាមួយ គជប ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតបាន។
លោកបញ្ជាក់ថា ច្បាប់បោះឆ្នោតមិនតម្រូវឱ្យមានវត្តមានគណបក្សប្រឆាំងថា គណបក្សនោះធំ ឬតូចទើបអាចចូលរួមបាននោះទេ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺភាពស្របច្បាប់។
លោកថា៖ «ដំណើរការនៃការរៀបចំការបោះឆ្នោតគឺមិនជាប់ទាក់ទងនឹងការរំលាយគណបក្សទេ...»។
ទន្ទឹមនឹងនេះដែរមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃព្រហស្បតិ៍បានចេញផ្សាយរបាយការណ៍មួយស្តីអំពីការរំលោភសិទ្ធិមនុស្សលើអ្នកភូមិដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននៅខេត្ត ៣ ផ្សេងគ្នា។
ក្រុមស្រាវជ្រាវរបស់ CCHR ដែលបានធ្វើការចុះទៅស្រាវជ្រាវករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចំនួន ៣ រួមមានក្រុមហ៊ុន Mitr Phol នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ក្រុមហ៊ុន Socfin-KCD នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងក្រុមហ៊ុន MDS នៅតំបន់សេដ្ឋកិច្ចពិសេសថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់។
ក្នុងរបាយការណ៍កម្រាស់ ៣៧ ទំព័ររបស់ខ្លួនដែលមានចំណងជើងថា «កំណត់ត្រាសង្ខេបស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស» CCHR បានរកឃើញថា ពលរដ្ឋជាង ៨០០ គ្រួសារបានរងផលប៉ះពាល់ដោយសារក្រុមហ៊ុន Socfin-KCD ដែលភាគច្រើនគឺជាសហគមន៍ជនជាតិភាគតិចព្នង។
របាយការណ៍ បញ្ជាក់ថាសព្វថ្ងៃនេះយ៉ាងហោចណាស់មាន ៦៤០ គ្រួសារពាក់ព័ន្ធនៅក្នុងដំណើរការដោះស្រាយវិវាទដីធ្លី។ ក្រុមហ៊ុនបានឱ្យដឹងថាក្រុមហ៊ុន KCD កំពុងដាំដើមកៅស៊ូ និងដំណាំផ្សេងទៀតនៅលើដីសម្បទានសេដ្ឋកិច្ចចំនួន ២៣៨៦ ហិកតាសម្រាប់រយៈពេល ៧០ ឆ្នាំ។
ប៉ុន្តែលោក មើល សឿន អភិបាលស្រុកពេជ្រាដានៃខេត្តមណ្ឌលគិរីបានឲ្យដឹងកាលពីថ្ងៃចន្ទថា ជម្លោះដីធ្លីរវាងអ្នកភូមិ និងក្រុមហ៊ុន Socfin-KCD ត្រូវបានដោះស្រាយរួចហើយ។
លោកថ្លែងថា៖ «ពួកគេមានគណៈកម្មាធិការ ដើម្បីធ្វើការដោះស្រាយបញ្ហានោះ។ បញ្ហាទាំងអស់ត្រូវបានដោះស្រាយគ្មានអ្វីនៅសល់នោះទេ»។
ដូចគ្នានេះដែរលោក គឹម គាវីន ប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លីនៃខេត្តឧត្តរមានជ័យបានថ្លែងកាលពីថ្ងៃចន្ទថា ជម្លោះដីធ្លីរវាងក្រុមហ៊ុន Mitr Phol ត្រូវបានដោះស្រាយរួចហើយ។
លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងកាលពីថ្ងៃចន្ទថា របាយការណ៍របស់ CCHR គឺមិនបានបង្ហាញអំពីស្ថានភាពជាក់ស្តែងទាំងស្រុងនោះទេ។ លោកបានថ្លែងថា៖ «វិវាទដីធ្លីនៅតំបន់ដីសម្បទានសេដ្ឋកិច្ចត្រូវបានដោះស្រាយដោយមានតម្លាភាព ហើយភាគីដែលពាក់ព័ន្ធសប្បាយរីករាយជាមួយនឹងដំណោះស្រាយនោះ»៕ NS