ព្រះសីហនុៈ មន្ត្រីអង្គការមួយបានអះអាងកាលពីម្សិលមិញថា ករណីចាក់ដីរំលោភឆ្នេរសមុទ្រក្នុងខេត្ដព្រះសីហនុនៅតែកើតមាន ខណៈវិធានការរបស់អាជ្ញាធរមានត្រឹមធ្វើកិច្ចសន្យាហាមឃាត់ បើទោះបីលោកនាយករដ្ឋមន្ដ្រីធ្លាប់បានបញ្ជាឲ្យចាត់វិធានការករណីនេះ និងបានឲ្យអភិបាលខេត្ដនេះស្ដារមុខមាត់ខេត្ដឡើងវិញក៏ដោយ។
ដោយផ្អែកលើរបាយការណ៍ដែលទទួលបានលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលធ្លាប់ចុះទៅពិនិត្យជាមួយអាជ្ញាធរខេត្តពាក់ព័ន្ធលើករណីចាក់ដីលុបឆ្នេរសមុទ្រនៅចំណុច អ៊ូទូក ក្នុងឃុំទំនប់រលក ស្រុក ស្ទឹងហាវ កាលពីខែវិច្ឆិកាបានសម្ដែងការសោកស្ដាយបន្ទាប់ពីលោកបានដឹងពីប្រជាពលរដ្ឋថា នៅតែមានករណីចាក់ដីលុបចូលឆ្នេរកើតឡើងជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយលោកថាលោកមិនទាន់បានចុះទៅពិនិត្យផ្ទាល់នៅឡើយទេ។
លោកបានថ្លែងថា៖ «ខ្ញុំទទួលបានរបាយការណ៍ជុំវិញការចាក់ដីលុបឆ្នេរនេះពីប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយប្រហែលថ្ងៃសុក្រស្អែកនេះខ្ញុំនឹងចុះទៅពិនិត្យផ្ទាល់បន្ថែមទៀតជុំវិញករណីនេះ»។
លោក សុខុម បានឲ្យដឹងថាករណីចាក់ដីលុបឆ្នេរនៅចំណុចអ៊ូទូកក្នុងស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុនេះម្ចាស់បានសុំច្បាប់ទៅខាងស្រុកត្រឹមជួសជុលអ៊ូទូកប៉ុណ្ណោះ ប៉ុន្ដែបែរជាទៅចាក់ដីរំលោភចូលឆ្នេរក្នុងជម្រៅទឹកសមុទ្រជាង ៣ ម៉ែត្រ ទទឹង ៥០ ម៉ែត្រ និងបណ្ដោយជាង ៦០ ម៉ែត្រថែមទៀត។
តាមកំណត់ហេតុរបស់រដ្ឋបាលស្រុកស្ទឹងហាវដែលបានចុះទៅពិនិត្យទីតាំងចាក់ដីលុបឆ្នេរក្នុងស្រុកស្ទឹងហាវកាលពីថ្ងៃទី ២១ ខែវិច្ឆិកាបង្ហាញថាម្ចាស់ទីតាំងអ៊ូទូកនៅពុំទាន់មានច្បាប់អនុញ្ញាតសាងសង់នោះនៅឡើយទេ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុដែលធ្លាប់បានបញ្ជាឲ្យក្រុមការងារឲ្យចុះទៅឃាត់ការចាក់ដីចូលសមុទ្រក្នុងតំបន់អ៊ូទូកកាលពីខែវិច្ឆិកាឆ្នាំមុនបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាបន្ទាប់ពីអាជ្ញាធរខេត្ដបានចុះទៅផ្អាកទីតាំងនោះក៏បានប្រាប់ម្ចាស់ឲ្យស្នើសុំទៅខេត្ដ ហើយខេត្ដបានប្រជុំធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ដដើម្បីសម្រេចរួចហើយ។
លោកបានបន្ដថា៖ «កាលពីមុនមានចាក់ដីដល់ពេលយើងប្រាប់ឲ្យស្រុកចុះទៅហាមឃាត់គាត់ឈប់...ប៉ុន្ដែបើថាឥឡូវមានការចាក់ដីថែមទៀតទាល់តែយើងទៅមើលឲ្យច្បាស់សិន ព្រោះស្រុកបានហាមឃាត់លែងឲ្យមានសកម្មភាពហើយទាល់តែមានការអនុញ្ញាតពីរដ្ឋអំណាច និងមានការអនុញ្ញាតឲ្យធ្វើយ៉ាងម៉េចៗ អាហ្នឹងគឺអនុវត្ដតាមហ្នឹងទៅ»។
លោកបន្ថែមថា៖ «ករណីដែលថាមានចាក់ដីថ្មីនេះ ខ្ញុំដូចអត់ដឹងទេ ប៉ុន្ដែកាលពីមុនឆ្លងឆ្នាំ ខ្ញុំបានសួរគាត់ថាឮគេថាមានកាយដីទៀត គាត់ប្រាប់ថាមិនមែនកាយទេ អាហ្នឹងគាត់គ្រាន់តែកាយកម្ទេចឈើដែលធ្លាក់ចូលដីគាត់នៅកន្លែងអ៊ូទូកចាស់ដែលត្រូវកាយដីស្អុយនោះដឹកចេញ ហើយចាក់ដីថ្មីជំនួសវិញ ប៉ុន្ដែបើថាមានគេចាក់ដីថ្មីចាំមើលខ្ញុំឲ្យគេសួរមើល។ សំខាន់អត់ឃើញរាយការណ៍មកតាមធម្មតាសកម្មភាពអ៊ីចឹងខាងឃុំ ខាងស្រុក គេរាយការណ៍មកអភិបាលខេត្ដហើយតែអត់ឃើញរាយការណ៍មក»។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវបដិសេធបកស្រាយដោយប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ម្សិលមិញថា កំពុងបើករថយន្ត និងស្ទះចរាចរណ៍។
គួរបញ្ជាក់ថាកាលពីពាក់កណ្ដាលខែធ្នូថ្មីៗនេះលោកនាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាឲ្យលោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុស្ដារមុខមាត់ឡើងវិញ បន្ទាប់ពីខេត្ដនេះកើតមានរឿងមិនល្អជាបន្ដបន្ទាប់ ហើយកាលពីថ្ងៃទី ១៨ ខែកញ្ញាឆ្នាំមុនលោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បានបញ្ជាឲ្យលោក ជាសុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រាប់ឲ្យក្រុមហ៊ុនមួយកាយដីចេញពីឆ្នេរនៅភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវផងដែរ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននោះបានចាក់ដីលុបឆ្នេរសមុទ្រប៉ុន្តែរហូតមកទល់ពេលនេះនៅមិនទាន់ឃើញមានការកាយចេញវិញនៅឡើយទេ៕