ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានសម្រេចផ្ដន្ទាទោសមន្ត្រីអាដហុកទាំង ៥ នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ប៉ុន្តែបង្គាប់ឲ្យពួកគេជាប់ឃុំតែក្នុងចំនួនដែលពួកគេបានជាប់រួចហើយក្នុងអំឡុងពេលការឃុំខ្លួនមុនការជំនុំជម្រះ រីឯទោសដទៃទៀតដែលនៅសល់ត្រូវបានព្យួរពីបទសមគំនិត និងសូកប៉ាន់សាក្សីពាក់ព័ន្ធករណីស្នេហាលួចលាក់របស់លោក កឹម សុខា ជាមួយស្រីកំណាន់។
ប្រធានចៅក្រមជំនុំជម្រះលោក ឌុច សុខសារិន បានលើកឡើងនូវហេតុផលការងារសង្គមដែលបុគ្គលិកអង្គការអាដហុកទាំងនេះបានធ្វើកន្លងមកសម្រាប់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំថា៖ «តុលាការកាត់ទោស នី សុខា,ណៃ វង់ដា,យី សុខសាន្ត,លីម មុនី, និង នី ចរិយា ម្នាក់ៗឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ ប៉ុន្តែអនុវត្តទោសតែពីរយៈពេលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៦ រហូតដល់ពេលដែលចុងចោទត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ ចំនួនទោសនៅសល់ត្រូវព្យួរ»។
បុគ្គលិក ៤ នាក់របស់អង្គការសិទ្ធិមនុស្សអាដហុក និងបុគ្គលិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ដែលជាទូទៅត្រូវបានគេស្គាល់ថា Adhoc 5 ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីចុងខែមិថុនាឆ្នាំមុន បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ១៤ ខែក្នុងអំឡុងពេលការស៊ើបអង្កេត។ ពួកគេត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ដែលកាលនោះជាអនុប្រធានគណបក្សសង្គ្រោះជាតិឲ្យកុហកអំពីទំនាក់ទំនងផ្លូវភេទរបស់នាង។
ចៅក្រមបានថ្លែងថាបុគ្គលិកទាំង ៤ នាក់របស់អង្គការអាដហុកបានដាក់សម្ពាធទៅលើស្ត្រីជាងកាត់សក់ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រី មុំ ឲ្យកុហកមន្ត្រីនៅរាល់ដំណាក់កាលស៊ើបអង្កេតអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងលោក កឹម សុខា។
ចៅក្រមបានអះអាងថាមន្ត្រីអាដហុកទាំងនេះបានរៀបចំឯកសារឲ្យ ស្រីមុំ ទៅបរទេស ខណៈលោក នី ចរិយា (គជប) បានទាក់ទងបុគ្គលិកអង្គការសហប្រជាជាតិតាមទូរស័ព្ទអំពីលទ្ធភាពនៃការនាំយក ស្រីមុំ ទៅបរទេស។
បើយោងតាមចម្លើយរបស់ ស្រីមុំ នាងបាននិយាយថានាងបានមានទំនាក់ទំនងផ្លូវភេទជាមួយលោក កឹម សុខា ដោយមានការជួយពីក្រុមរៀបចំមួយ ហើយនាងត្រូវបានបញ្ជូនទៅប្រទេសថៃ។ នាងត្រូវបានប្រាប់ឲ្យច្រានចោលសំឡេងសន្ទនាដែលលេចធ្លាយរវាងនាង និងលោក កឹម សុខា។ ស្រីមុំ ត្រូវបានដាក់សម្ពាធដោយបុគ្គលិកអង្គការអាដហុក ៤ នាក់ឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាលដើម្បីធ្វើឲ្យនាងរក្សាជំហររបស់នាងក្នុងការកុហកនៅរាល់ដំណាក់កាលនៃនីតិវិធី។
ចៅក្រមបានច្រានចោលទឡ្ហីករណ៍របស់ភាគីចុងចោទដែលបាននិយាយថា ស្រីមុំ គឺជាជនសង្ស័យនៅក្នុងសំណុំរឿងនោះនៅពេលដែលនាងបានទៅសុំការជួយពីអង្គការអាដហុក។ ប៉ុន្តែចៅក្រម សុខ សារិន បានថ្លែងថានរណាក៏ដោយអាចជាសាក្សីនៃសំណុំរឿង ប្រសិនបើជននោះចាំបាច់ចំពោះសំណុំរឿងនោះ។
ថ្លែងនៅក្រៅតុលាការ បន្ទាប់ពីសវនាការលោក នី សុខា បានថ្លែងថា សាលក្រមនេះមិនយុត្តិធម៌សម្រាប់លោកទេ។
លោកថា៖ «មូលហេតុដែលខ្ញុំថាវាជាសេចក្តីសម្រេចអយុត្តិធម៌គឺដោយសារដូចដែលយើងដឹងហើយ នៅថ្ងៃសវនាការ សាក្សីសំខាន់បំផុតទាំង ២ នាក់អវត្តមាន។ នេះមានន័យថាវាខ្វះទឡ្ហីករណ៍ និងការពិនិត្យប្រៀបធៀបនៅក្នុងសវនាការដែលសំខាន់ណាស់ ហើយនេះមិនអាចទទួលយកបាន»។ លោកបានបន្ថែមថា ស្រីមុំ មិនមែនជាសាក្សីទេ។
លោកស្រី លីម មុនី ដែលជាបុគ្គលិកម្នាក់ទៀតរបស់អង្គការអាដហុកបានថ្លែងថា វាអយុត្តិធម៌ចំពោះលោកស្រីដោយសារលោកស្រីបានដាក់ទឡ្ហីករណ៍ការពារដោយមានហេតុផល។
«ប៉ុន្តែតុលាការមិនពិចារណា។ ផ្ទុយទៅវិញតុលាការយកចម្លើយ [របស់ស្រីមុំ] ដែលអះអាងថានាងជាសាក្សីម្នាក់។ ជាងនេះទៀតពួកគេ [សាក្សីទាំង ២] មិនគោរពនីតិវិធីតុលាការ។ ចំពោះយើងវិញ យើងបានចូលរួមនៅរាល់នីតិវិធីដែលតុលាការតម្រូវ»។
បុគ្គលិកអង្គការអាដហុកទាំងនេះបានថ្លែងថា ពួកគេនឹងពិភាក្សាជាមួយមេធាវីរបស់ពួកគេអំពីជំហានបន្ទាប់។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានតាមដានសំណុំរឿងនេះបានថ្លែងថា សេចក្តីសម្រេចរបស់តុលាការមានលក្ខណៈបំបាក់ទឹកចិត្ត និងបន្សល់នូវផលប៉ះពាល់អាក្រក់ទៅលើអង្គការក្រៅរដ្ឋាភិបាលដែលកំពុងធ្វើការងារនៅក្នុងវិស័យសិទ្ធិមនុស្ស។
លោក សំអាត បានបន្តថា៖ «ខ្ញុំសោកស្តាយចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះដែលកាត់ទោសមន្ត្រីការពារសិទ្ធិមនុស្សទាំង ៥ នាក់»។
លោកថា៖ «នេះជាករណីទីមួយដែលអ្នកការពារសិទ្ធិមនុស្សដែលបំពេញអាណត្តិរបស់ខ្លួនដើម្បីការពារសិទ្ធិមនុស្សនៅទីបំផុតត្រូវជាប់ពន្ធនាគារ និងផ្តន្ទាទោស។ ប្រសិនបើយើងក្រឡេកមើលលើទឡ្ហីករណ៍ក្នុងតុលាការមិនមានភ័ស្តុតាងដាក់បន្ទុកលើពួកគេ។ នេះជាមេរៀនមួយសម្រាប់អ្នកការពារសិទ្ធិមនុស្សដទៃៗទៀត។ ខ្ញុំជឿថា ការកាត់ទោសនេះនឹងមានផលប៉ះពាល់លើអ្នកការពារសិទ្ធិមនុស្សដទៃធ្វើឲ្យពួកគេភ័យខ្លាច និងស្ទាក់ស្ទើរនៅក្នុងការបំពេញការងាររបស់ពួកគេជាអ្នកការពារសិទ្ធិមនុស្ស»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវឲ្យមានការទម្លាក់បទចោទប្រកាន់ទៅលើមន្ត្រីអង្គការអាដហុកទាំង ៥ នាក់ និងបានថ្លែងថាសំណុំរឿងពាក់ព័ន្ធនឹងរឿងនយោបាយ។
លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ីបានថ្លែងថា៖ «ការកាត់ទោសគ្មានមូលដ្ឋានទាំងនេះបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងកាត់ទោសអ្នកការពារសិទ្ធិមនុស្ស បើសូម្បីតែបន្ទាប់ពីការពង្រឹងអំណាចរបស់គាត់តាមរយៈការបោះឆ្នោតគួរឲ្យអាម៉ាស់កាលពីខែកក្កដាក៏ដោយ»។ «វាច្បាស់ណាស់ថា ការលើកទោសអ្នកទោសនយោបាយបន្ទាប់ពីការបោះឆ្នោតគ្រាន់តែជាកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងសាធារណៈដើម្បីទទួលបានភាពស្របច្បាប់ពីអន្តរជាតិថ្មីប៉ុណ្ណោះ»៕ PS