ភ្នំពេញៈ មន្ត្រីទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បានចាត់ទុកភាពរីករាយរបស់ក្រុមគ្រួសារនៃអ្នកស្វែងរកការងារធ្វើថាជាកម្លាំងជំរុញ ខណៈក្នុងឆ្នាំនេះបានជួយពលរដ្ឋខ្មែរឲ្យទទួលបានការងារធ្វើចំនួន ៥ ៤៦៤ នាក់ និងបានបញ្ជូនអ្នកផ្សេងទៅនិយោជកដែលត្រូវការកម្លាំងពលកម្មចំនួន ២២ ៨៥៤ នាក់ ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៨ និងលើកទិសការងារឆ្នាំ ២០១៩ កាលពីថ្ងៃទី១៤ខែធ្នូ លោក ហុង ជឿន ប្រធាន NEA បានលើកឡើងថាគ្រួសារនៃអ្នកដែលបានការងារធ្វើតាមរយៈ NEA តែងមានក្ដីរីករាយហើយនេះជាកម្លាំងចិត្តមួយដើម្បីឲ្យការបំពេញការងារឲ្យរឹតតែប្រសើរជាងមុនខណៈរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពមួយ។
លោកបានបញ្ជាក់នៅចំពោះមុខមន្ត្រី NEA មកពីបណ្តាខេត្តចំនួន ១១ ថា៖ «ស្នាមញញឹមរបស់អ្នកស្វែងរកការងារនិងក្រុមគ្រួសាររបស់ពួកគាត់បន្ទាប់ពីគាត់ទទួលបានការងារគឺជាកម្លាំងជំរុញទឹកចិត្តដល់មន្ត្រី NEA ទាំងអស់គ្នា»។«ការផ្តល់សេវាជួយស្វែងរកការងារជូនពលរដ្ឋគឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលដើម្បីបែងចែកឱកាសការងារជូនដល់ពលរដ្ឋស្មើៗគ្នា ជាពិសេសយុវជន ប្រកបដោយសមធម៌និងតម្លាភាព»។
លោក ហុង ជឿន បានឲ្យដឹងថា ដើម្បីផ្តល់សេវាការងារជូនពលរដ្ឋ កាន់តែមានប្រសិទ្ធភាពឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់សេវាការងារ NEA តែងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីជំនាញទន់និងភាពជាអ្នកដឹកនាំដល់មន្ត្រីរបស់ខ្លួនធ្វើយ៉ាងណាឲ្យពលរដ្ឋឆាប់ទទួលបានការងារធ្វើ។
លោកបន្ថែមថា៖«ចក្ខុវិស័យរបស់យើងគឺប្រែក្លាយជាទីភ្នាក់ងារផ្តល់សេវាការងារប្រកបដោយគុណភាពឈានមុខគេនៅកម្ពុជាដើម្បីឱ្យពលរដ្ឋនៅទូទាំងប្រទេសដែលមានបំណងចង់ស្វែងរកការងារអាចទទួលបានព័ត៌មានការងារក្នុងស្រុកនិងទទួលការជួយជ្រោមជ្រែងរហូតពួកគាត់ទទួលបានការងារនិងប្រាក់ចំណូលទៅតាមក្តីប្រាថ្នា»។
បើតាមរបាយការណ៍ NEA ក្នុងឆ្នាំនេះ អ្នកទទួលបានការងារធ្វើមានចំនួន ៥ ៤៦៤ នាក់, បញ្ជូនអ្នកស្វែងរកការងារធ្វើទៅឱ្យនិយោជកដែលត្រូវការកម្លាំងពលកម្មមានចំនួន២២ ៨៥៤ នាក់, បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើ ១៥ ៤៨៥ នាក់, ប្រមូលដំណឹងជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទ៨៣ ៤៦៦ កន្លែង និងផ្តល់ព័ត៌មានទីផ្សារការងារតាមរយៈទូរស័ព្ទទៅអ្នកស្វែងរកការងារធ្វើបាន ៣៥ ២៩៥ នាក់។
គួរបញ្ជាក់ថា NEA ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅកម្ពុជា។
ទីភ្នាក់ងារនេះកំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណជនទូទៅតាមរយៈគេហទំព័រ www.nea.gov.kh និងមជ្ឈ មណ្ឌលការ ងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន៖ រាជ ធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ ធំ ព្រៃវែង បន្ទាយ មាន ជ័យ និងព្រះសី ហនុ៕