ភ្នំពេញៈ យ៉ាងហោចណាស់មានយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកជិត ១ ពាន់គ្រាប់ ត្រូវបានក្រុមប្រតិបត្តិករនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមសហការជាមួយបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោករកឃើញក្នុងទឹកកន្លែងនាវាចម្បាំងលិចក្នុងអំឡុងសង្គ្រាម នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គិតពីចុងខែកញ្ញា ឆ្នាំមុនមក។
នៅក្នុងកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពនៃកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងតំបន់នាវាចម្បាំងលិចពីម្សិលមិញលោក នាង ផាត ប្រធានប្រតិបត្តិការក្នុងការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការ ៣ ខែកន្លងមក កម្លាំងជំនាញបានបោសសម្អាតគ្រាប់ក្រោមទឹក និងនៅតាមភូមិឋានពលរដ្ឋរស់នៅជុំវិញតំបន់ប្រតិបត្តិការបាន ៩១២ គ្រាប់។
លោកបន្តថា គ្រាប់ទាំងនេះត្រូវបានស្តុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជនជាប់មាត់ទន្លេ និងមានការយាមការពារ ២៤/២៤ ម៉ោង។ កិច្ចសហប្រតិបត្តិការនេះនឹងរកគ្រប់មធ្យោបាយដើម្បីឱ្យទទួលបានជោគជ័យទាំងស្រុងនៅដើមខែឧសភាមុនរដូវវស្សាចូលមកដល់។
លោកបន្ថែមថា ដើម្បីអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាលកម្ពុជាពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំមុន កិច្ចសហការនេះបានបង្កើតកងអនុសេនាធំបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកចំនួន ៥៥ រូប ដើម្បីចុះអនុវត្តកិច្ចសហប្រតិបត្តិការរុករកនាវាចម្បាំងដែលលិច និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមបានច្រើនតោន។
បើតាមលោក នាង ផាត កិច្ចសហប្រតិបត្តិការនេះ កងអនុសេនាធំបានស្រាវជ្រាវរុករកក្នុងនាវាលិចក្នុងទន្លេលើវិសាលភាពផ្ទៃទន្លេបណ្តោយ ១៥ ០០ ម៉ែត្រ និងទទឹង ១០០០ ម៉ែត្រ ស្មើនឹង ១៥០ ហិកតា និងបានបែងចែកជា ៣ តំបន់ រួមមាន តំបន់ហានិភ័យខ្ពស់ទំហំ ២០០ ម៉ែត្រ x២០០ ម៉ែត្រ, ចំណុចនាវាលិចតំបន់ហានិភ័យមធ្យមទំហំ ៥០០ ម៉ែត្រ x ១ ០០០ ម៉ែត្រ និងតំបន់នៅសល់មានហានិភ័យទាប។
លោក នាង ផាត បានបន្តថា រហូតមកទល់ពេលនេះដំណើរការប្រតិបត្តិការបានរុករកឃើញទីតាំងនាវាលិច ហើយកំពុងប្រតិបត្តិការបូមខ្សាច់បណ្តើរ រុករក និងស្រង់យកគ្រាប់ពីនាវាបណ្ដើរ ព្រមទាំងស្តារស្រង់យកគល់ឈើ និងគល់ឫស្សីដែលជាប់គាំងជុំវិញនាវាដែលរាំងស្ទះដល់ប្រតិបត្តិការស្រង់យកគ្រាប់ចេញពីនាវានោះ។
លោកឧត្តមសេនីយ៍ទោ ម៉ីសុភា មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកបានឱ្យដឹងពីម្សិលមិញថា ក្រុមមន្ត្រីជំនាញកំពុងតែសម្រុកចូលយកគ្រាប់មិនទាន់ផ្ទុះពីនាវាចម្បាំងដែលលិចក្នុងទន្លេកាលពីសម័យសង្គ្រាម។ នាវាលិចនេះ មានចំនួន ២ គ្រឿងគឺ ១ មានទំហំតូច និង ១ ទៀតទំហំធំ ដែលមានគ្រាប់ប្រមាណពី ១០០ ទៅ ២០០ តោន ប៉ុន្តែនាវាតូចត្រូវបានពលរដ្ឋពុះច្រៀកលក់អេតចាយ បន្សល់តែគ្រាប់នៅរាយប៉ាយ។
លោកថ្លែងថា៖ «ចំពោះការចុះទៅយកគ្រាប់នេះ មានការលំបាក និងគ្រោះថ្នាក់យ៉ាងខ្លាំងដែលទាមទារឱ្យមានសម្ភារទំនើប និងជំនាញពិតប្រាកដ បើមិនដូច្នោះវាប្រឈមនឹងគ្រោះថ្នាក់។ យើងគ្រោះថ្នាក់ច្រើនណាស់ ព្រោះទឹកមានជម្រៅប្រមាណ ៣០ ម៉ែត្រ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងវត្ថុរារាំង ដែលជាវត្ថុផ្ទុះដែលត្រូវបានផ្សំ និងផលិតឡើង ហើយមកដល់បច្ចុប្បន្ននេះ វាមានប្រតិកម្មខ្លាំង នៅពេលយើងប៉ះពាល់វានឹងអាចនាំឱ្យកើតដំបៅ និងរមាស់ជាដើម »។
លោកបន្តថា៖ ក្រៅពីនេះ ក៏មានគល់ឈើធំៗ និងខ្សាច់ដែលហូរជាប់នឹងកប៉ាល់ដែលធ្វើឱ្យលំបាកក្នុងការយកគ្រាប់ និងកប៉ាល់ចេញពីក្នុងទឹក»។
លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំមុន បានចេញសេចក្តីសម្រេចមួយដើម្បីសិក្សាស្រាវជ្រាវលម្អិត ស្តីពីប្រវត្តិសង្គ្រាមនៅតំបន់នោះ មូលហេតុនៃការលិចនាវា ការគំរាមកំហែងដោយគ្រាប់មិនទាន់ផ្ទុះ និងបញ្ហាផ្សេងៗនៅភូមិសាស្ត្រ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាទីតាំងមាននាវាចម្បាំងលិច និងបន្សល់ទុកគ្រាប់យុទ្ធភណ្ដមិនទាន់ពីអំឡុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥៕
វីដេអូ៖