ភ្នំពេញៈ ក្រុមការពារសម្បុកក្នុងសហគមន៍ និងមន្ត្រីជំនាញរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) រកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៤៩ ដែលមាន ១ ៧៥៦ ពងក្នុងរដូវពងកូនឆ្នាំនេះដែលជាចំនួនកើនលើសឆ្នាំមុនចំនួន ២ សម្បុក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការខាងលើក្នុងឱកាសទិវាអណ្ដើកពិភពលោក។
សេចក្តីប្រកាសព័ត៌មានរបស់ WCS ចុះថ្ងៃទី ២៣ ឧសភា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានម្សិលមិញឲ្យដឹងថា ក្នុងរដូវពងកូនឆ្នាំនេះ ក្រុមការពារសម្បុកនៅសហគមន៍បានរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៤៩ សម្បុក ដែលមាន ១ ៧៥៦ ពង។ ទោះបីជាចំនួននេះកើនលើសឆ្នាំ ២០១៩ តែ ២ សម្បុកក៏ដោយ ប៉ុន្តែបើគិតជាចំនួនពងសរុបប្រចាំឆ្នាំគឺមានការកើនឡើង បើធៀបនឹង ៣ ឆ្នាំកន្លងមក។
សេចក្តីប្រកាសបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២០ មានកូនកន្ធាយក្បាលកង្កែបចំនួន ៨២៤ កូនបានញាស់ចេញពីសម្បុកចំនួន ៤១ សម្បុក។ ក្នុងនោះកូនកន្ធាយចំនួន ៦៥៧ ក្បាលត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញ។ ចំណែកកូនកន្ធាយដែលនៅសល់ ក្រុមការងារកំពុងមើលថែទាំ និងគ្រោងលែងចូលក្នុងទីជម្រកធម្មជាតិវិញក្នុងពេលឆាប់ៗខាងមុខនេះ។
លោក កែន សេរីរដ្ឋា នាយកអង្គការ WCS ថ្លែងពីម្សិលមិញថា ដោយមានការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ជំនួយនានា និងមានកិច្ចសហប្រតិបត្តិការល្អពីរដ្ឋបាលជលផលកម្ពុជា ព្រមទាំងមានការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិកនៅទីវាលនោះ WCS និងក្រុមការពារសម្បុកនៅតាមសហគមន៍ WCS សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តគម្រោងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។
លោកថា៖ «កំណើននៃសម្បុក និងពងកន្ធាយបានជំរុញ និងលើកទឹកចិត្តយើងឲ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីអភិរក្សកន្ធាយក្បាលកង្កែប ដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុតនេះ»។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល សាទរចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ។ ជាពិសេសបុគ្គលិក WCS ដែលបាននិងកំពុងស្តារប្រភេទកន្ធាយដែលកំពុងរងគ្រោះថ្នាក់នេះឲ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។
លោកស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទកន្ធាយនេះ និងក្រើនរំឭកដល់ជនល្មើសមួយចំនួនដែលនៅបន្តជួញដូរប្រភេទ សត្វនេះនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាក់ជាមិនខាន។
អង្គការ WCS បានដកស្រង់សម្តីលោកស្រី Sonja Luz នាយកផ្នែកអភិរក្ស ស្រាវជ្រាវ និងសេវាពេទ្យសត្វនៃសួនសត្វសាំងហ្គាពួរ (Wildlife Reserves Singapore) ឲ្យដឹងថា៖ «ក្នុងនាមជាអង្គការធ្វើការងារផ្នែកអភិរក្សសត្វព្រៃ ក្រៅពីការមើលថែទាំសត្វព្រៃនៅក្នុងសួនសត្វព្រៃរបស់យើង យើងក៏នៅមានភារកិច្ច និងការទទួលខុសត្រូវជាច្រើនទៀតក្នុងការការពារប្រភេទសត្វនានាដែលកំពុងទទួលរងការគំរាមកំហែងនៅក្នុងធម្មជាតិ»។
លោកស្រីបន្តថា សួនសត្វព្រៃសាំងហ្គាពួរ (WRS) មានសេចក្តីរីករាយដោយអាចបំពេញតួនាទីរបស់ខ្លួនដើម្បីគាំទ្រដល់ការងារអភិរក្សរបស់ដៃគូនានានៅក្នុងតំបន់ដូចជាអង្គការ WCS ប្រចាំកម្ពុជាក្នុងការធានាឱ្យមានកំណើនឡើងវិញនៃប្រភេទកន្ធាយក្បាលកង្កែបនៅក្នុងទីជម្រកធម្មជាតិ។
តាមសេចក្តីប្រកាសរបស់ WCS បញ្ជាក់ថាកន្ធាយក្បាលកង្កែប ឬល្មិចជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុងប្រទេសឡាវ និងប្រទេសមួយចំនួនទៀត៕