កំពតៈ រដ្ឋបាលខេត្តកំពតកំពុងពិនិត្យទីតាំងដីជាប់មាត់ព្រែកដែលប្រជាពលរដ្ឋ ១៣ គ្រួសារ កំពុងរស់នៅស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត បន្ទាប់ពីពួកគាត់បានស្នើសុំបណ្ណកម្មសិទ្ធិពីអាជ្ញាធរ ខណៈប្រជាពលរដ្ឋចំនួន ៧០០ គ្រួសារផ្សេងទៀត បានទទួលបណ្ណកម្មសិទ្ធិរួចហើយ។
លោក វិត វឌ្ឍនា អ្នកនាំពាក្យរដ្ឋបាលខេត្តកំពតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ ថា លោក ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៥ ខែឧសភា បានឱ្យគណៈកម្មការគ្រប់គ្រងដែនដីខេត្ត ចុះពិនិត្យសិក្សាពិគ្រោះយោបល់ឡើងវិញ នៅទីតាំងជាក់ស្ដែងនៃការស្នើសុំរបស់ប្រជាពលរដ្ឋទាំង ១៣ គ្រួសារនេះ។
លោកបន្តថា ការចុះពិនិត្យមើលទីតាំងនេះដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងដែនដី និងចំណីព្រែករួចយកកិច្ចការងារនេះមកដាក់ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋ ដើម្បីពិនិត្យផ្ដល់យោបល់ និងសម្រេច។
បើតាមលោក វឌ្ឍនា ប្រជាពលរដ្ឋទាំង ១៣ គ្រួសារនេះ បានតាំងលំនៅឋានរស់នៅទីនេះតាំងពីឆ្នាំ ១៩៧៩ និងខ្លះឆ្នាំ ១៩៨០ មកម្ល៉េះដោយសាងសង់ផ្ទះនៅលើមាត់ព្រែក រហូតមកដល់ពេលបច្ចុប្បន្នពួកគាត់បានចាក់ដី ចូលក្នុងព្រែកបន្តិចម្ដងៗនឹងធ្វើការស្នើសុំកម្មសិទ្ធិដីធ្លី ។
ទោះជាយ៉ាងណាជាគោលការណ៍ គឺអាជ្ញាធរបានសម្រេចចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋទាំង ១៣ គ្រួសារនេះរួចហើយ ព្រោះពួកគាត់រស់នៅទីតាំងនេះ តាំងពីយូរណាស់មកហើយ ប៉ុន្តែតាមលក្ខណៈបច្ចេកទេស គឺអាជ្ញាធរត្រូវតែមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងមានការសាងសង់ផ្លូវបេតុងនៅជាប់ព្រែក ព្រោះពួកគាត់បានរស់នៅលើមាត់ព្រែកដែលវាប៉ះពាល់ព្រែកសាធារណៈរបស់រដ្ឋ។
លោក វិត វឌ្ឍនា បញ្ជាក់ថា៖ «ពលរដ្ឋទាំង ១៣ គ្រួសារនេះ គាត់រស់នៅលើដីចំណីព្រែក និងដីចំណីផ្លូវ ដូច្នេះហើយបានជាអាជ្ញាធរមិនទាន់ចេញបណ្ណឱ្យ ប៉ុន្តែតាមពិតគាត់រស់នៅយូរហើយ ជាគោលការណ៍យើងនៅតែចេញឱ្យទេ»។
លោក យ៉យ ស៊ីថង ចៅសង្កាត់អណ្ដូងខ្មែរបានឱ្យដឹងថា ប្រជាពលទាំង ១៣ គ្រួសារនេះបានមកតវ៉ាដល់សង្កាត់ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិដូចប្រជាពលរដ្ឋចំនួន ៧០០ គ្រួសារទៀត ព្រោះពួកគាត់រស់នៅតាំងពីឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន។
លោក យ៉យ ស៊ីថង បានបញ្ជាក់ទៀតថា ពួកគាត់គួរតែទទួលបានបណ្ណកម្មសិទ្ធិដូចប្រជាពលរដ្ឋដទៃទៀត ព្រោះដីដែលពួកគាត់រស់នៅបច្ចុប្បន្ននៅជាប់មាត់ព្រែកនេះក្នុងម្នាក់ៗមានប្រហែល ១០ ម៉ែត្រ ឬ ១៥ ម៉ែត្រ។
លោក យន់ ផល្លី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តកំពតបានទទួលស្គាល់ដែរថា ប្រជាពលរដ្ឋដែលរស់នៅតាមព្រែកមួយចំនួន ក៏មានបណ្ណកម្មសិទ្ធិ និងអ្នកខ្លះទៀត ក៏មិនមាន ប៉ុន្តែបើពិនិត្យជាក់ស្តែងបានក្លាយទៅជាភូមិគ្រឹះស្ទើរតែអស់ទៅហើយ។ ដូច្នេះបើពលរដ្ឋទាំង ១៣ គ្រួសារនេះ រស់នៅយូរហើយនោះ គួរតែអាជ្ញាធរពិនិត្យ និងផ្តល់បណ្ណកម្មសិទ្ធិជូនពួកគាត់។
លោក យន់ ផល្លី ថ្លែងថា៖ «បើសិនពលរដ្ឋរស់នៅហ្នឹងយូរហើយ និងអាស្រ័យផលនៅលើទឹកដីហ្នឹងយូរហើយគួរតែពិចារណាចេញបណ្ណជូនពួកគាត់ទៅ បើយើងពិនិត្យ ពលរដ្ឋនៅតាមមាត់ព្រែកហ្នឹង ចង់រយគ្រួសារឯណោះ»៕