ភ្នំពេញៈ រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនឹងបិទការនេសាទត្រីកាម៉ុង ឬត្រីប្លាធូក្នុងដែននេសាទសមុទ្រកម្ពុជារយៈពេល ២ ខែកន្លះ ដែលជាពេលត្រីត្រូវពងកូនគិតចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ។
តាមសេចក្ដីជូនដំណឹងនេះបានឱ្យដឹងថា មូលហេតុនៃការបិទនេសាទនេះ ព្រោះជារដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង។ នៅក្នុងអំឡុងពេលនេះ រដ្ឋបាលជលផលបានហាមដាច់ខាតចំពោះសកម្មភាពនេសាទត្រីកាម៉ុងក្នុងដែននេសាទសមុទ្រដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា សេចក្តីជូនដំណឹងគឺលោក និងមន្ត្រីជំនាញបានយកទៅផ្សព្វផ្សាយនៅតាមសហគមន៍នេសាទ និងតាមបណ្តាឃុំដែលនៅជាប់ដែនសមុទ្រដើម្បីឱ្យពួកគាត់មានការយល់ដឹង និងចូលរួមក្នុងកិច្ចការពារធនធានជលផលសមុទ្រទាំងអស់គ្នា។
លោក សូរិន បានបញ្ជាក់ថា៖ «យើងធ្វើការអប់រំណែនាំគាត់ឱ្យបានយល់ដឹងពីសារៈសំខាន់ថាមូលហេតុអីបានគេបិទ ដោយសារតែរដូវត្រីពងកូន មានកូន មានអ៊ីចឹងទៅ ហើយណែនាំឱ្យគាត់ផ្លាស់ប្តូរនូវឧបករណ៍នេសាទត្រីកាម៉ុងមកនេសាទត្រីចម្រុះ ឬត្រីផ្សេងៗ វាមានច្រើននៅសមុទ្រយើង»។
បើតាមលោក សូរិន ទិន្នផលសរុបពាក់ព័ន្ធផលនេសាទសមុទ្រក្នុងឆ្នាំ ២០២០ ខេត្តកំពតទទួលបានប្រហែល ២២ ០០០ តោន។
រីឯផលនេសាទតាមវាលស្រែ (ផលនេសាទទឹកសាប) ប្រមូលបានប្រហែល ៦ ៥០០ តោន ចំណែកវារីវប្បកម្មបានប្រហែល ៤ ០០០ តោន ហើយបើធៀបនឹងឆ្នាំ ២០១៩ មានការថយចុះប្រហែល ១០ ភាគរយ។
លោកថ្លែងថា៖ «មូលហេតុដែលថយចុះ ដោយសារទី១ គឺបញ្ហាអាកាសធាតុមិនអំណោយផលមានព្យុះច្រើន ទី២ ពាក់ព័ន្ធបញ្ហាកូវីដ ដោយសារពេលខ្លះគាត់មិនសូវបានទៅរក ឬរកបានមកហើយ អ៊ីចឹងទៅកំណើនភ្ញៀវទេសចរអត់សូវមកតម្រូវការ ដល់អ៊ីចឹងទៅគាត់កាត់បន្ថយការចុះនេសាទ»។
ដោយឡែកលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុបានឱ្យដឹងដែរថា ក្រោយពីបានផ្សព្វផ្សាយ ប្រជានេសាទដែលមានប្រភេទទូកធំៗលក្ខណៈសិប្បកម្មបានគោរពតាមគោលការណ៍ណែនាំ។
ក៏ប៉ុន្តែចំពោះអ្នកមានទូកនេសាទលក្ខណៈគ្រួសារមួយចំនួនបន្តលួចលាក់នេសាទ។
លោក ឯម ភា ថ្លែងថា៖ «ពេលគាត់យកផលមកហ្នឹងយើងត្រួតពិនិត្យ និងណែនាំគាត់ហើយបើឃើញថា គាត់បានផលមកជាត្រីកាម៉ុងយើងនឹងមានវិធានការឱ្យគាត់ធ្វើកិច្ចសន្យាណែនាំគាត់។ ប្រសិនបើនៅតែរឹងទទឹងទៀតយើងនឹងមានវិធានការផ្លូវច្បាប់»។
បើតាមលោក ឯម ភា ផលនេសាទសរុបសម្រាប់ខេត្តព្រះសីហនុមិនមានការថយចុះទេបើប្រៀបធៀបឆ្នាំ ២០១៩។ លោកបញ្ជាក់ថា នៅឆ្នាំ ២០១៩ ផលនេសាទទាំងអស់ទទួលបាន ៤៧ ៣២២ តោន។ ចំណែកនៅឆ្នាំ ២០២០ ទទួលបាន ៤៨ ៨១២ តោន ដែលមានការកើនឡើងប្រមាណ ២ ភាគរយ។
បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ ២០២០ កម្ពុជាផលិតបានផលិតផលជលផលចំនួន ៩៣៦ ៣០០ តោន ក្នុងនោះផលិតផលទឹកសាបជាង ៤១ ម៉ឺនតោន ផលិតផលសមុទ្រជាង ១២ ម៉ឺនតោន និងផលវារីវប្បកម្មជាង ៤០ ម៉ឺនតោន៕
វីដេអូ៖