ភ្នំពេញ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិ​កម្ម រុក្ខាប្រ​មាញ់ និង​នេសាទ​ ស្នើ​ឲ្យ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​វៀត​ណាម ទប់​ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក​និង​ផលិត​ផល​សាច់​ជ្រូក​ខុស​ច្បាប់​ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ការផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​នេះ​ ខណៈ​សមក​ត្ថ​កិច្ច​ឃាត់​បាន​រថយន្ត​១គ្រឿងដែល​ដឹក​ជ្រូក​កណ្តុរ​ខុសច្បាប់​ជិត​ ១០​០ ក្បាល នៅ​ខេត្ត​ត្បូងឃ្មុំ។

លិខិត​មួយ​ច្បាប់​ផ្ញើជូន​អភិ​បាល​ខេត្ត​ព្រៃវែ​ង របស់​រដ្ឋមន្ត្រី​ក្រសួងក​សិក​ម្ម រុក្ខាប្រមា​ញ់និង​នេសាទ​ ចុះ​ថ្ងៃទី​ ១៩ ​ឧសភា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ កំពុង​បន្ត​ឆ្លង​រាល​ដាល​នៅក្នុង​ពិភព​លោក និង​បាន​ឆ្លង​រាល​ដាល​ចូល​ក្នុង​ប្រទេស​អាស៊ី​ ក្នុ​ង​នោះ​មាន​ប្រទេស​ចិន​និង​អាស៊ី​អាគ្នេ​យ៍ រួម​មាន​ ប្រទេស​វៀត​ណាម ​មី​យ៉ាន់​ម៉ា និង​ប្រទេស​កម្ពុជា​ផង​ដែរ​។

ក្រសួង ​បាន​បន្ត​ថា ជំងឺ​នេះ​បាន​ផ្ទុះ​នៅក្នុង​ប្រទេស​វៀត​ណាម​លើក​ដំបូង​ស្ទើរតែ​ពាស​ពេញ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃទី​ ១៩​ ខែ​ កុម្ភៈ ​ឆ្នាំ​ ២០១៩ ​និង​បន្ត​ផ្ទុះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​ថ្ងៃទី ៤ ​ខែ ឧសភា ​ឆ្នាំ​ ២០២១ បាន​ផ្ទុះ​នៅ​ក្នុង​ប្រទេស​នេះ​ម្ដង​ទៀត​ ដែល​អាច​នឹង​បន្ត​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ដល់​បណ្តា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ជា​មួយ​ប្រទេស​កម្ពុជា។

ក្រសួង​កសិ​កម្ម​បាន​បញ្ជាក់ថា ​«ដើម្បី​ចូល​រួមចំ​ណែក​ក្នុង​ការ​ទប់​ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ​ពី​ប្រទេស​ជិត​ខាង​ចូល​មក​កម្ពុជា និង​បង្ការ​ការ​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ ព្រម​ទាំង​ធានា​បាន​នូវ​គុណភាព​ សុវត្ថិភាព​សត្វ​ជ្រូក សាច់​ជ្រូក ផលិត​ផល​សាច់ ​និង​ការពារ​ដល់​សុខ​ភាព​សា​ធារណៈ​ ក្រសួង​កសិ​កម្ម រុក្ខា​ប្រមា​ញ់ និង​នេសា​ទ​ស្នើ​រដ្ឋ​បា​លខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀត​ណាម ​ជួយ​ទប់​ស្កាត់ ការនាំ​ចូល​សត្វ​ជ្រូក សា​ច់ជ្រូក​ និង​ផលិត​ផល​​សាច់ជ្រូក​ខុស​ច្បាប់​ពី​ប្រ​ទេស​វៀត​ណាម ដែល​អាច​បណ្តាល​ឱ្យ​ឆ្លង​រាលដា​ល​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក»​។

បើតាម​លិខិត​ក្រសួង​កសិក​ម្ម ខេត្ត​ដែល​ប្រឈម​នឹង​ការឆ្លង​រាល​ដាល​ជំងឺ​នេះ​រួម​មាន ​ខេត្ត​ដាក់​ណុង ជាប់​ខេត្ត​មណ្ឌល​គិរី ខេត្ត​យ៉ា​ឡាយ ជាប់​ខេត្តរ​តនគិ​រី ខេត្ត​ដុង​ថាប់ ជាប់​ខេត្ត​ព្រៃ​វែង ខេត្ត​កៀន​យ៉ាង ជា​ប់​ខេត្តកំ​ពត​ ខេត្ត​តៃនិញ ​ជាប់​ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្ត​ស្វាយរៀ​ង ខេត្ត​ឡុង​អាន ជាប់​ខេត្ត​ស្វាយរៀ​ង ខេត្ត​ប៊ិ​ញ​ភូ ជាប់​ខេត្ត​ក្រចេះ និង​ខេត្ត​អាន​យ៉ាង ជា​ប់​ខេត្តតា​កែវ និង​ខេត្តក​ណ្តាល​។

លោក​ វេង​ សា​ខុន ក៏​ស្នើ​ឲ្យ​បណ្តា​ខេត្ត​ទាំង​នោះ ត្រូវ​ជួយ​ទប់ស្កាត់​ការនាំ​ចូល​ជ្រូក ​សាច់ជ្រូ​ក និង​ផលិត​ផល​សាច់​ជ្រូក​ខុស​ច្បាប់​ពី​ប្រទេស​វៀត​ណាម​តាម​កា​រគួ​រ ដើម្បី​ចៀសវា​ង​មាន​ហានិភ័​យ​ខ្ពស់​នៃ​ការឆ្លង​រាល​ដាល​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​​ធំ និង​ធ្ងន់ធ្ងរ​ដល់​ប្រ​ទេស​កម្ពុជា​។

លោក​ តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរ​ដ្ឋាភិបា​ល​កម្ពុជា និង​ជា​អគ្គនា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិត​កម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមា​ញ់ និង​នេ​សា​ទេ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ​ឧសភា​នេះ​ថា ស្រ​ប​ពេល​ដែល​ប្រ​ទេស​វៀតណា​ម កំពុង​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក គឺ​នឹង​នាំ​ឲ្យ​ជ្រូក​ក្នុង​ប្រទេស​នោះ ​ធ្លាក់​ចុះ​ថោក​ ដែល​នាំ​ឲ្យ​ជនខិ​លខូ​ចឆ្លៀ​ត​ឱកាស​នាំ​ចូល​មក​ចែក​ចាយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា។​

លោក​បញ្ជាក់​ថា៖ «និ​យាយ​ឲ្យ​ចំ​ទៅ​មិន​មានការ​នាំចូល​ជ្រូក​មកពី​វៀត​ណាម​នោះទេ ​កន្លង​មកនេះ​។ ក៏ប៉ុ​ន្តែ​នេះ​ជា​ការ​បារម្ភ​របស់​ឯក​ឧត្តម​រដ្ឋមន្ត្រី វេង ​សាខុន ក៏ដូចជា​អគ្គ​នាយ​កដ្ឋាន គឺមាន​តែ​ធ្វើការ​ទប់​ស្កាត់​មុន។ ព្រោះ​ដឹង​ថា ​នៅ​ប្រទេស​​វៀត​ណាម​ មាន​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ​ខ្លាំង​»។

លោក​បន្ត​ថា៖ «កាល​ណា​វា​ផ្ទុះ​ខ្លាំង​ កសិ​ដ្ឋាន​ធំៗនៅ​ប្រទេស​វៀត​ណាម ​នឹង​នាំគ្នា​លក់​ហើយ។ កាល​ណា​ល​ក់ ​នឹងធ្វើ​ឲ្យ​មាន​ធ្លាក់ចុះ​តម្លៃ​ក្នុង​ប្រទេស​វៀត​ណាម។ ​អ៊ីចឹង​គាត់​នឹង​អាច​នាំចូល​ក្នុង​ប្រទេស​យើង​ដោយ​ខុសច្បា​ប់។ នេះ​គឺ ជា​អ្វី​ដែល​យើង​ត្រូវ​ត្រៀម​ទុក​ជាមុ​ន»​។

បើតា​ម​លោក​លោក​ តាន់ ផាន់​ណា​រ៉ា​ កាល​ពី​ថ្ងៃទី ​១៦​ ខែឧសភា ​សមត្ថ​កិច្ច​ខេត្ត​ត្បូង​ឃ្មុំ​ក៏បាន​ចុះ​ស្ទាក់​ចាប់​ រថយន្ត​ ១ ​គ្រឿង​ ដោយ​បាន​ដឹក​សត្វ​ជ្រូក​ប្រភេទ​ជ្រូក​កណ្តុរ​ពី​ប្រទេស​វៀត​ណាម ​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​របៀង ​ដោយ​ខុស​ច្បាប់​ផង​ដែរ​។

លោក​បន្ត​ថា ​ជ្រូក​កណ្តុរ​នោះ ​គឺមាន​ចំនួន​ ៨៩ ​ក្បាល ហើយ​ជំនាញ​កំពុង​បន្តធ្វើ​តេស្ដសំណាកដើម្បី​ឲ្យ​ប្រាក​ដថា ជ្រូក​ទាំង​នេះ​មាន​ផ្ទុក​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​យ៉ាង​ណា ខ​ណៈ​សមត្ថ​កិច្ច​នឹង​ដុត​កម្ទេច​ចោល ​ក្នុងក​រណីរក​ឃើញថា​ មាន​ផ្ទុក​ជំងឺ។​

លោក ​ឈាង ​សុវ​ណ្ណារ៉ា នាយក​រដ្ឋបាល​ខេត្តព្រៃវែ​ង​ បាន​លើក​ឡើង​ថា ខេត្ត​លោក​នឹង​បន្ត​ពង្រឹង​ការ​ទប់​ស្កាត់​ការ​នាំ​ជ្រូក​គ្រប់​ប្រភេទ​នេះឲ្យ​បាន​កាន់តែ​តឹងរ៉ឹង​បន្ថែម​ទៀត ខណៈ​រហូតម​ក​ទល់ពេ​លនេះ ​ច្រកព្រំ​ដែន​ទាំង​ ៦ ​របស់​ខេត្ត​ ដែល​​​ជាប់​នឹង​ប្រទេ​ស​វៀត​ណាម ​គឺ​បាន​បិទ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​ដោយ​ខុស​ច្បាប់​នោះ​ទេ។​

លោ​ក​បញ្ជាក់​ថា៖ «ច្រក​ព្រំដែន​យើង​ទាំង ​៦ ​បិទ​យូរ​ហើយ មិន​ឲ្យ​មាន​ការ​ចេញ​ចូល​ទេ គឺ​បាន​បិទ​ជិត ​២ ឆ្នាំ​​ហើយ​ សូម្បីតែ​មនុស្ស ​ឆ្លង​មិន​ចង់​បាន​ផង។ មាន​ករណី​នាំ​ជ្រូក​ខុស​ច្បាប់​ឯណា​ កើត​មាន​ឡើង​នៅតា​ម​ព្រំដែន​យើង​នោះ។ ក្នុង​ករណី​ថ្មី​នេះ យើង​នឹង​បន្ត​ពង្រឹង និង​ទប់​ស្កាត់ តាម​សំណើ​របស់​ក្រសួង​បន្ត​ទៀត»​៕

វីដេអូ៖