ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញសេចក្ដីសង្ឃឹមថា ការផ្តល់ជំនួយសម្ភារការពារជំងឺកូវីដ ១៩ របស់ក្រសួងសន្តិសុខសាធារណៈចិនមកឱ្យក្រសួងមហាផ្ទៃកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋាភិបាលទាំង ២ កាន់តែរឹងមាំ ហើយលោកត្រៀមខ្លួនជានិច្ច ដើម្បីសហការជាមួយភាគីចិនលើកិច្ចការផ្សេងៗ។
លោកថ្លែងបែបនេះ ខណៈលោកជួបជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានប្រគល់ជំនួយឧបត្ថម្ភសម្ភារការពារជំងឺកូវីដ ១៩ របស់ក្រសួងសន្តិសុខសាធារណៈចិន ដល់ក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី ២២ ខែមិថុនា។
គេហទំព័រក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២២ ខែមិថុនា បញ្ជាក់ថា៖ «សម្ដេចបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈស្មារតីជួយគាំទ្រគ្នាទៅវិញទៅមកនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ ក៏ដូចជារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២ ដែរ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការជាមួយភាគីចិន និងស្ថានទូតចិន ក្នុងការគាំទ្រលើកិច្ចការផ្សេងៗដែលនៅក្រោមសមត្ថកិច្ចក្រសួង»។
បើតាមគេហទំព័រដដែល សម្ភារការពារជំងឺកូវីដ ១៩ ដែលចិនបានផ្តល់ឱ្យនេះ រួមមាន វែនតាវេជ្ជសាស្រ្តចំនួន ៥០០ ឈុត ស្រោមដៃពេទ្យចំនួន ១០ ០០០ គូ ម៉ាស់ KN95 ចំនួន ១០ ០០០ ម៉ាស់ ម៉ាស់វេជ្ជសាស្រ្តចំនួន ៥០ ០០០ ម៉ាស់ និងសម្លៀកបំពាក់ការពារវេជ្ជសាស្រ្តពេទ្យចំនួន ៥០០ ឈុត។
គេហទំព័រក្រសួងមហាផ្ទៃបញ្ជាក់ថា ការផ្តល់ជំនួយនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពដល់មន្រ្តីរាជការសាធារណៈផងដែរ។
លោក ស ខេង ថ្លែងថា សម្ភារដែលចិនបានប្រគល់ជូនពេលនេះ ពិតជាបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរមកដល់ប្រទេសកម្ពុជា ដែលជាមិត្តដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ។
លោកថា លោកនឹងបន្តលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំង ២ និងបន្តលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ទោះបីក្នុងស្ថានភាពនេះ ប្រទេសទាំង ២ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដោយ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃអង្គារថា ក្រសួងមហាផ្ទៃនឹងប្រើប្រាស់ម៉ាស់ទាំងអស់នេះសម្រាប់ចែកទៅដល់កងកម្លាំងនគរបាលដែលជាកម្លាំងប្រតិបត្តិការជួយប្រជាពលរដ្ឋដើម្បីបង្ការជំងឺឆ្លងកូវីដ ១៩ នេះ។
លោកថ្លែងថា៖ «ខ្ញុំបាទជឿជាក់ថា ជំនួយរបស់ចិនកន្លងមកនេះ មកដល់ក្រសួងមហាផ្ទៃ ជាពិសេសក្រសួងសន្តិសុខសាធារណៈចិនតាមរយៈលោកឯកអគ្គរដ្ឋទូតចិន ពិតជាបានរួមចំណែកដល់ក្រសួងមហាផ្ទៃយើង។ ជាពិសេសកម្លាំងនគរបាលរបស់យើងដែលគាត់រ៉ាប់រងប្រតិបត្តិការប្រចាំថ្ងៃដែលអាចទប់ស្កាត់ជំងឺបាន»។
លោក សក់ សេដ្ឋា ថ្លែងថា ទោះបីមានជំងឺកូវីដ ១៩ ក៏ដោយកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់របស់ប្រទេសទាំង ២ នៅតែធ្វើការជាធម្មតា ហើយមានលទ្ធផលល្អ។
លោកបញ្ជាក់ថា៖ «ហើយទៅមុខទៀត យើងនឹងបន្តពង្រឹងសហប្រតិបត្តិការជាបន្តទៅទៀត ដើម្បីសន្តិសុខក៏ដូចជាសុវត្ថិភាពរបស់ប្រទេស ក៏ដូចជាប្រជាជននៃប្រទេសទាំង ២ នេះ»។
ហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជាបានដកស្រង់សម្តីលោក វ៉ាង វិនធាន ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវី ១៩ ចិន និងកម្ពុជា បានជួយយកអាសារគ្នាទៅវិញទៅមក។ រួមគ្នាពុះពាររាល់ការលំបាក យកសកម្មភាពជាក់ស្តែងមកបង្ហាញឲ្យឃើញពីអត្ថន័យស្នូលដ៏ចាំបាច់នៃសហគមន៍ជោគវាសនារួម រវាងចិន និងកម្ពុជា និងមនោសញ្ចេតនាបងប្អូនដែលប្រៀបដូចដៃ និងជើង។
លោកថ្លែងថា ចាប់តាំងពីដំណើរការនៃឆ្នាំកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំង ២ កាលពីខែមីនា ឆ្នាំមុនមក ភាគីទាំង ២ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងល្បែងស៊ីសងលើបណ្ដាញអ៊ីនធើណិត ការឆបោកលើបណ្ដាញទូរស័ព្ទ ការអន្តរាគមន៍ចាប់អ្នករត់គេច និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។
លោក វ៉ាង វិនធាន ថ្លែងថា៖ «ភាគីចិនរីករាយបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយភាគីកម្ពុជា ដែលនេះបានបង្កើតបានជាប្រព័ន្ធការពារសម្រាប់សហគមន៍ជោគវាសនារួមរវាងប្រទេសទាំង ២»។
ប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានដកស្រង់សម្តីដោយគេហទំព័រក្រសួងការបរទេសចិន ខណៈលោកជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ នៅទីក្រុងប៉េកាំងថា ប្រទេសចិន នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយប្រទេសកម្ពុជា និងប្រទេសដទៃទៀតក្នុងស្មារតីមានការបើកចំហ និងមានតម្លាភាព ដើម្បីឆ្លើយតបជារួម និងប្រកបដោយប្រសិទ្ធភាពចំពោះការរាតត្បាតជំងឺកូវីដ ១៩ និងលើកកម្ពស់សន្តិសុខសុខភាពសាធារណៈនៅក្នុងតំបន់ និងក្រៅតំបន់៕