ភ្នំពេញ: រដ្ឋសភាកាលពីម្សិលមិញបានបើកសម័យប្រជុំពេញអង្គលើកទី ៥ នីតិកាលទី ៦ ហើយបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ខណៈដែលព្រះមហាក្សត្របានចេញព្រះរាជសារមួយច្បាប់ដោយព្រះអង្គមានបន្ទូលថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់ សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការប្រើប្រាស់ជាឧត្តមប្រយោជន៍។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាថ្លែងពីម្សិលមិញថា ការបើកសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី ៥ នីតិកាលទី ៦ នេះរដ្ឋសភាបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម រួចរាល់ជាស្ថាពរហើយដោយគ្រោងនឹងដាក់ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្តទៀត។
លោកបញ្ជាក់ថា៖ «នៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភារបស់យើងនាថ្ងៃទី ៥ តុលានេះគឺគណៈកម្មការជំនាញនៃរដ្ឋសភាបានសម្រេចអនុម័តច្បាប់ហ្នឹងរួចរាល់ហើយ បន្ទាប់ពីមានការបកស្រាយពីមន្ត្រីជំនាញយើងអស់រយៈពេលជាច្រើនម៉ោង។ កិច្ចការបន្ទាប់ទៀតគឺយើងគ្រោងដាក់ជូនទៅព្រឹទ្ធសភាពិនិត្យបន្តទៀត ប៉ុន្ដែខ្ញុំមិនទាន់ដឹងបញ្ជូនទៅពេលណាទេ»។
ជាមួយគ្នានេះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះបន្ទូល តាមរយៈព្រះរាជសារមួយច្បាប់ដែលព្រះអង្គបានប្រទានសម្រាប់ការបើកសម័យប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃទី ៥ ខែតុលាម្សិលមិញថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តគឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។
ព្រះរាជសារបន្តថាក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំរដ្ឋសភាគណៈកម្មការជំនាញទី ១០ នៃរដ្ឋសភា ព្រមទាំងសមាជិកសមាជិការដ្ឋសភាត្រូវបំពេញភារកិច្ចស្នូលរបស់ខ្លួនតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវ ដើម្បីពិនិត្យតាមដាននូវប្រសិទ្ធភាពក្នុងការប្រតិបត្តិតួនាទីរបស់រាជរដ្ឋាភិបាល។ ក្នុងនោះសកម្មភាពសហការគ្នាយ៉ាងស្អិតល្មួតរវាងរដ្ឋសភា និងរាជរដ្ឋាភិបាលលើកិច្ចគាំពារសុខភាពសង្គមកំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឱ្យកត់សម្គាល់ ដោយបានបង្កើតឱ្យមានកម្មវិធីជំនួយសង្គមជាច្រើនសំដៅផ្ដល់ជូនប្រជាពលរដ្ឋនូវអត្ថប្រយោជន៍ប្រកបដោយសមធម៌ និងប្រសិទ្ធភាព។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងកាលពីម្សិលមិញថា លោកមិនយល់ស្របចំពោះការបង្កើតឱ្យមានអាជីវកម្មល្បែងស៊ីសងនៅក្នុងប្រទេសកម្ពុជានោះទេ។
លោកបញ្ជាក់ថា៖ «ប្រទេសជាតិមួយដែលសមនឹងឈ្មោះរបស់ខ្លួន ហើយមានអំណោយទានដោយសម្បូរមានធនធានធម្មជាតិច្រើនគួរសមគួរតែអាចរកប្រកបរបររស់នៅល្អតាមរយៈការខំប្រឹងធ្វើការជាជាងពីកម្រៃនៃពាណិជ្ជកម្មគ្មានក្រមសីលធម៌នេះ។ ខ្ញុំជំទាស់ខ្លាំងទៅនឹង [ល្បែងនេះ]»។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២០ ឱ្យដឹងថា ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនឹងជួយរក្សាស្ថិរភាពនយោបាយ លើកកម្ពស់សន្ដិសុខ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិ និងបានផ្ដល់អំណោយផលដល់ការកើនឡើងជាលំដាប់នូវវិនិយោគលើវិស័យកាស៊ីណូ។
សេចក្ដីប្រកាសព័ត៌មានបន្តថា ច្បាប់នេះនឹងជួយជំរុញការអភិវឌ្ឍតំបន់ព្រំដែន ដែលជាតំបន់អតីតសមរភូមិ តំបន់ពោរពេញទៅដោយគ្រាប់មីន តំបន់គ្រុនចាញ់ តំបន់គ្មានការអភិវឌ្ឍ និងគ្មានប្រជាជនរស់នៅ។ លើសពីនេះ ការពារខ្សែក្រវាត់ព្រំដែនតាមរយៈការកសាងសំណង់អគារដ៏រឹងមាំ មានលក្ខណៈយូរអង្វែង និងការលើកទឹកចិត្តការមកតាំងទីលំនៅថ្មីៗរបស់ប្រជាពលរដ្ឋក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាពិសេសបង្កើតប្រភពចំណូលថវិកាជាតិ៕
វីដេអូ៖