
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ ហ៊ាន រង្សី
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដោយពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតបានឡើងវិញ ចាប់ពីថ្ងៃអាទិត្យ ទី ២៥ ខែមេសា នេះទៅ លើកលែងតែរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលកំពុងត្រូវបានបិទខ្ទប់។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ២៥ ខែមេសានេះ បានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។
លោក ហ៊ុន សែន បានលើកឡើងក្នុងសេចក្តីសម្រេចនេះថា៖ «សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្រ្តនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី-ខេត្ត ដែលមានជាធរមាន»។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់ឱ្យដឹងនៅថ្ងៃនេះថា ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រពីខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឡើងវិញ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ប៉ុន្តែការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ ត្រូវបានហាមឃាត់ដដែល។
ប៉ុន្តែលោកបានគូសបញ្ជាក់ថា៖ «ការធ្វើដំណើរឆ្លងកាត់ (ភ្នំពេញ និងក្រុងតាខ្មៅ) បានលើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកាលពីថ្ងៃទី ០៦ និងថ្ងៃទី ១៧ ខែមេសា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសផងដែរ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃវីរុសកូវីដ ១៩៕

