កំពង់ធំៈ លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាកាលពីថ្ងៃទី ២២ ខែឧសភា បានចែកដីសម្បទានសង្គមកិច្ច ដល់អតីតយុទ្ធជនចំនួន ១៤០ គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយ ១ គ្រួសារ ទទួលបានផ្ទះ ១ ខ្នង និងដីសម្រាប់បង្កបង្កើនផលជាង ១ ហិកតា តាមរយៈការចាប់ឆ្នោត យកក្បាលដី និងផ្ទះ។
លោក គន់ គីម បានថ្លែងថា៖ «ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដែលត្រូវកត់ត្រាទុកសម្រាប់អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលត្រូវបានទទួលសម្បទានដីសង្គមកិច្ច និងផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»។
លោក សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថា ថ្នាក់ខេត្តបានរៀបចំដីសង្គមកិច្ចជិត ២ ពាន់ហិកតា សម្រាប់ចែកជូនដល់អតីតយុទ្ធជនដែលខ្វះខាតជាក់ស្តែង ខណៈផ្ទះចំនួន ៧៤ ខ្នងត្រូវបានសាងសង់រួចរាល់ហើយ ក្នុងចំណោម ១៤០ ខ្នង និងបានធ្វើផ្លូវចំនួន ១២ គីឡូម៉ែត្រផងដែរ។
លោក លូ ថ្លែងថា៖ «អ្នកខ្លះគាត់ចាប់ឆ្នោតចំផ្ទះសង់ហើយ គាត់ចូលទៅនៅបណ្តើរៗ ចំណែកអ្នកផ្សេងទៀតគាត់រង់ចាំសិន ព្រោះជាងកំពុងសម្រុកសាងសង់ផ្ទះ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅរយៈពេល ២ ខែទៀតយ៉ាងយូរបំផុត»។ លោកឱ្យដឹងដែរថា អតីតយុទ្ធជន ១ គ្រួសារទទួលបានផ្ទះ ១ ខ្នងទំហំទទឹង ៥ ម៉ែត្រ និងបណ្តោយ ៧ ម៉ែត្រ រួមនឹងដីសម្រាប់ធ្វើស្រែចម្ការ ១ ហិកតាកន្លះ។
លោក សុក រដ្ឋា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ខេត្តកំពង់ធំបានឱ្យដឹងថា គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជាកត្តាមួយដ៏ល្អប្រសើរដែលរដ្ឋាភិបាលធ្វើការដោយយកចិត្តទុកដាក់ក្នុងការដោះស្រាយចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ជាការចូលរួមអភិវឌ្ឍនៅមូលដ្ឋានផងដែរ។
លោកបានថ្លែងថា៖ «យើងក៏មានការបារម្ភដែរថាក្រែងមុខសញ្ញាពលរដ្ឋក្រីក្រពិតប្រាកដ មិនទទួលបានដីសម្បទានសង្គមកិច្ចនោះ»។
លោក សុខ លូ ថ្លែងថា លក្ខខណ្ឌអ្នកដែលទទួលបានដីសម្បទានសង្គមកិច្ចនឹងទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ លុះត្រាតែបងប្អូនប្រជាពលរដ្ឋទាំងនោះចូលទៅរស់នៅ និងអាស្រ័យផលលើដីនោះជាប់ក្នុងរយៈពេល ៥ ឆ្នាំឡើង នេះគឺជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ៕