លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានស្នើដល់អង្គការស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលជប៉ុន បន្តជួយសាងសង់អគារទីទួលសុវត្ថិភាព នៅតាមបណ្តាខេត្តជាប់បឹង ទន្លេសាប និងខេត្តតាមដងទន្លេមេគង្គ។
យោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅថ្ងៃទី ២៨ ខែឧសភា ម្សិលមិញនេះ បានឱ្យដឹងថា លោក គន់ គីម បានអំពាវនាវ និងស្នើដល់អង្គការស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលជប៉ុនបន្តជួយសាងសង់អគារទីទួលសុវត្ថិភាព នៅតាមបណ្តាខេត្តជាប់ដងទន្លេបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលការជន់លិចដោយទឹកទន្លេមេគង្គ និងជំនន់ទឹក ភ្លៀងស្ទើរតែជារៀងរាល់ឆ្នាំ។
លោកបានថ្លែងថា៖ «នៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប និងខេត្តតាមដងទន្លេមេគង្គ សុទ្ធជាតំបន់ងាយរងគ្រោះដោយទឹកជំនន់ ដូចនេះការសង់អគារទីទួលសុវត្ថិភាពពិតជាសម្រួលដល់ការស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋពេលជម្លៀសពីទឹកជំនន់ ដោយសារនៅពេលមានទឹកជំនន់ម្តងៗ ប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព ប៉ុន្ដែបញ្ហាប្រឈមរបស់ពួកគេពេលជម្លៀសទៅទីទួលសុវត្ថិភាពនោះ គឺខ្វះទីជម្រក ខ្វះបង្គន់អនាម័យ និងខ្វះទឹកស្អាតប្រើប្រាស់ជាដើម»។
លោក គន់ គីម បានបន្ថែមថា ការបង្កើតឡើងនូវអគារទីទួលសុវត្ថិភាពនេះ គឺជាការគិតគូរ និងឆ្លើយតបមួយជំហានទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅពេលជួបទឹកជំនន់នោះ។
លោកស្រី ឃ្លែរ ខូណាន់ នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជាបានទទួលស្គាល់ថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺដើម្បីពង្រឹងការត្រៀម និងការឆ្លើយតបជា បន្ទាន់នៅក្នុងប្រទេស។
អង្គការស្បៀងអាហារពិភពលោក និង រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រដល់ការងារគ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយ ដូចជាការផ្តល់ថវិកាជួយសាងសង់អគារទីទួលសុវត្ថិភាពនេះជាដើម។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការស្បៀងអាហារពិភពលោក ក្រោមការជួយឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលជប៉ុន អគារទីទួលសុវត្ថិភាពចំនួន ៦ ហើយ ត្រូវបានសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការក្នុងខេត្ដកំពង់ធំ និងខេត្តពោធិ៍សាត់ ដោយចំណាយថវិកាជាង ១ លានដុល្លារអាមេរិក៕