ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​​ការពារជាតិ​បាន​ថ្លែង​ថា វិមាន​ឈ្នះ ឈ្នះ ជា​សំណង់​ប្រវត្តិសាស្ត្រ​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ​ និង​ជា​និមិត្តរូប​ដួងព្រលឹង​ជាតិ​ក្នុង​ការ​រួបរួម​សាមគ្គី ហើយ​បាន​បញ្ជាក់​ថា លោក​នាយករដ្ឋមន្ត្រី​ជា​និមិត្តរូប​នៃ​ការ​បង្រួបបង្រួម​ជាតិ ខណៈ​ពិធី​សម្ពោធ​ ៣ ​ថ្ងៃ​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​ ១,៥ លាន​នាក់​។

ការ​ថ្លែង​របស់​លោក ទៀ បាញ់ បែប​នេះ​បាន​ធ្វើ​ឡើង ខណៈ​លោក​កំពុង​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល​ដាច់​ឆ្នាំ​ ២០១៨ ឈាន​ចូល​ឆ្នាំ​ ២០១៩ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣១ ​ខែ​ធ្នូ ដែល​ជា​ថ្ងៃទី ​៣ ​នៃ​ពិធី​​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ដែល​ត្រូវ​បាន​រៀបចំ​ដើម្បី​អបអរសាទរ​ខួប​ ២០ ​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា​។

លោក​បាន​លើក​ឡើង​ថា​នយោបាយ​ឈ្នះ ឈ្នះ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំ​ប្រទេស​កម្ពុជា​ឲ្យ​ទទួល​បាន​សុខសន្តិភាព​ពេញលេញ​ និង​ថា លោក​នាយក​រដ្ឋមន្ត្រី​ជា​មគ្គុទ្ទេសក៍​ដ៏ឈ្លាសវៃ និង​ជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជាតិ​ដែល​ធ្វើឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​វិស័យ​។

លោក​បញ្ជាក់​ថា​៖ «​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ជា​កុលបុត្រ​ដ៏ឆ្នើម​មគ្គុទេ្ទសក៍​ដ៏ឈ្លាសវៃ និង​ជា​និមិត្តរូប​នៃ​ការឯកភាព​ជាតិ ការបង្រួបបង្រួម​ជាតិ​ដែល​ធ្វើឲ្យ​មាតុភូមិ​អង្គរ​ដ៏បវរ​នៃ​យើង​ទាំងអស់​គ្នា​មាន​អភិវឌ្ឍ​រីកចម្រើន​​យ៉ាង​ឆាប់រហ័ស​។ ​វិមាន​ឈ្នះ​ឈ្នះ​​នឹង​ក្លាយ​ទៅ​ជា​សំណង់​ប្រវត្តិសាស្ត្រ​តំណាង​ឲ្យ​អត្តសញ្ញាណ​​ជាតិ​ និង​បង្ហាញ​នូវ​តម្លៃ​វប្បធម៌​​ជាតិ​ពិសេស​ការរួបរួម​សាមគ្គី​»​។

លោក ទៀ បាញ់ បាន​លើកឡើង​ទៀត​ថា​វិមាន​ឈ្នះ ឈ្នះ​ក៏​ជា​កន្លែង​តម្កល់​ឯកសារ​ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​រំឭក​ដល់​វីរភាព​ស្នាដៃ និង​ភាពឈ្លាសវៃ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដើម្បី​បុព្វហេតុ​សន្តិភាព​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ប្រជាជន​ខ្មែរ​គ្រប់រូប​ចងចាំ និង​ដឹង​​គុណ​តម្លៃ​នៃ​ការលះបង់​ដ៏ធំធេង​នេះ​។ ​ជាក់ស្តែង​ការ​បង្រួបបង្រួម​ជាតិ​ និង​ឯកភាព​ទឹកដី​ជា​​ស្នាដៃឯក​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​...»​។

ទាក់ទង​នឹង​ពិធី​សម្ពោធ​វិមាន ឈ្នះ ឈ្នះ​នេះ​អ្នក​នាំពាក្យ​​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​អះអាង​ថា​នៅ​ថ្ងៃទី​ ១ មាន​ពលរដ្ឋ​ប្រមាណ​​ ១៥ ​ម៉ឺន​នាក់​បាន​ចូលរួម និង​ថ្ងៃទី ​២ មាន​ប្រមាណ​ ៣០ ​ម៉ឺន​នាក់​ហើយ​នៅ​ថ្ងៃ​ចុងក្រោយ​​មាន​រហូត​ដល់​ប្រមាណ​ ១ ​លាន​ ១ ​សែន​នាក់​មកពី​បណ្ដា​ខេត្ត-ក្រុង​របស់​កម្ពុជា ហើយ​នេះ​​មកពី​ពលរដ្ឋ​ចង់​ឃើញ​ពិធី​ប្រវត្តិសាស្ត្រ និង​បង្ហាញ​ពី​ការដឹងគុណ​ដល់​នយោបាយ​ឈ្នះ​ឈ្នះ​។

លោក​បញ្ជាក់​ថា​៖ «​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​។ ​យើង​មិន​ដែល​មាន​ពិធី​បែប​នេះ​ទេ​។ វិមាន​អនុស្សាវរីយ៍ វិមាន​ឈ្នះ-ឈ្នះ​ជា​តំណាង​ការដាក់​ចេញ​នូវ​​នយោបាយ​ឈ្នះ ឈ្នះ ដើម្បី​ឲ្យ​​ប្រទេស​របស់​យើង​មាន​សុខសន្តិភាព​ពេញលេញ​រយៈពេល​ ២០ ​ឆ្នាំ​មក​ហើយ​...​វា​ជា​ការដឹងគុណ​ដែល​ប្រជាពលរដ្ឋ​របស់​យើង​បាន​ដឹងគុណ​អំពី​នយោបាយ​ដែល​សម្តេច​តេជោ​លោក​បាន​ដាក់ចេញ​...»​។

លោក ម៉ៃ ស្សឺឌី អាយុ​ ២៤ ​ឆ្នាំ​ដែល​បាន​នាំ​គ្រួសារ​ទៅ​អបអរ​ឆ្នាំ​ថ្មី​សកល​នៅ​វិមាន​ឈ្នះ​ឈ្នះ​​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​​លោក​ និង​គ្រួសារ​មាន​ការ​រីករាយ​ដែល​បាន​ចូលរួម​ទស្សនា​វិមាន​ឈ្នះ​ឈ្នះ​ហើយ​ថា ពលរដ្ឋ​ចូល​​រួម​ច្រើន​គឺ​បង្ហាញ​ពី​ប្រទេស​មាន​​សន្តិភាព​ និង​ការអភិវឌ្ឍ ហើយ​ថា វិមាន​ឈ្នះ​ឈ្នះ​នេះ​ជា​កន្លែង​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​យប់មិញ​នេះ​មាន​មនុស្ស​យ៉ាងច្រើន​។ ​យើង​ទៅ​មើល​ដោយសារ​វិមាន​​ឈ្នះ​ឈ្នះ ទើប​តែ​បង្កើត​ថ្មី វា​ប្លែក​​ភ្នែក និង​ស្រស់ស្អាត​។ វា​បាន​​ឆ្លុះបញ្ចាំង​ពី​សន្តិភាព​ និង​ការរីកចម្រើន​ក្នុង​ប្រទេស​បច្ចុប្បន្ន​។

វា​សំខាន់​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​សិក្សា​ និង​បាន​យល់ដឹង​។

សមទ្ធិផល​នេះ​ដោយសារ​​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​»​។

វិមាន​ឈ្នះ ឈ្នះ​នេះ​ត្រូវ​បាន​សាងសង់​ចាប់ពី​ថ្ងៃ​ ២៥ កុម្ភៈ​ឆ្នាំ​ ២០១៦ ​លើ​ផ្ទៃដី​ ៨ ​ហិកតា​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ដោយ​ចំណាយ​ថវិកា​ជាង​ ១២ ​លាន​ដុល្លារ​មាន​រាង​ ៤ ​ជ្រុង​ស្មើ​ដោយ​ជ្រុង​នីមួយៗ​មាន​ប្រវែង ១១៧ ម៉ែត្រ និង​កម្ពស់​​ ៥៤ ម៉ែត្រ​រំលេច​ដោយ​រចនាប័ទ្ម​ខែ្មរ និង​សម័យ​ទំនើប​ជាច្រើន​។

តាម​របាយការណ៍​របស់​គណៈកម្មការ​សាងសង់​ឲ្យ​ដឹង​ថា កំពូល​វិមាន​ឈ្នះ​ឈ្នះ​ដែល​មាន​ជ្រុង ៣ តំណាង​ឲ្យ​នយោបាយ​សំខាន់ៗ​ចំនួន​ ៣ ទី​ ១ ​ការធានា​រូប​កាយ​ និង​អាយុជីវិត​​ទី​ ២ ​ធានា​អាជីព​ និង​មុខរបរ និង​ទី​ ៣ ការធានា​កម្មសិទ្ធិ​ និង​ទ្រព្យសម្បត្តិ​ទាំង​ចលនទ្រព្យ​ និង​អចលនទ្រព្យ​។ រីឯ​តួ​វិមាន​ជ្រុង​ ៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ DIFID បំបែក ឯកោ បញ្ចប់​ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍ​ដែល​ជា​យុទ្ធសាស្ដ្រ​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ​ និង​យោធា​ខ្មែរក្រហម​៕