ភ្នំពេញ: អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន កាលពីម្សិលមិញបានថ្លែងថា ខេត្តព្រះសីហនុនឹងក្លាយជាសាំងហ្គាពួ [សិង្ហបុរី] ទី២ បើទោះណា ជាខេត្តជាប់មាត់សមុទ្រមួយនេះរងការរិះគន់ពីការអភិវឌ្ឍដោយជនជាតិចិនដែលអ្នកខ្លះថា កំពុងធ្វើឲ្យពលរដ្ឋកម្ពុជាប្រឈម នឹងការប្រកួតប្រជែងលើមុខរបរ និងការបាត់បង់ការងារក៏ដោយ។
ការថ្លែងរបស់លោក ផៃ ស៊ីផាន បែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីអំពីលទ្ធផលសម្រេចបាននៃអង្គសិក្ខាសាលាស្ដីពី «អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយស ខេត្ត-ក្រុង រួមជាមួយនឹងកិច្ចថែរក្សា លើកតម្កើងអធិបតេយ្យ ឯកភាព និងមោទកភាពនៃជាតិរស់ឡើងវិញ» ដែលបានប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ និងគំហើញថ្មីៗនៃការអភិវឌ្ឍនៅខេត្តមួយនេះ។
លោក ផៃ ស៊ីផាន បានថ្លែងថា ខេត្តព្រះសីហនុជាទិសដៅនៃការអភិវឌ្ឍ និងជាគោលដៅ ទីក្រុងទំនើបនៅពេលខាងមុខនេះដែលហៅថា ជាទីក្រុងអច្ឆរិយ ព្រោះនៅទីក្រុងធំរបស់កម្ពុជា មួយនេះនឹងក្លាយជាសាំងហ្គាពួទី២។ វឌ្ឍនភាពក្រុងព្រះសីហនុ មិនត្រឹមតែជាវឌ្ឍនភាពដែលជា ដៃគូជាមួយចិននោះទេប៉ុន្តែថែម ទាំងជាថាមពលដ៏លេចធ្លោ និងរស់រវើករបស់អាស៊ានផងដែរ។
លោកបញ្ជាក់ថា៖ «ក្រុង និងខេត្តព្រះសីហនុ រួមជាមួយនឹងបណ្តាខេត្តនានានៅតាមឆ្នេរសមុទ្រ គឺជាទិសដៅពិតប្រាកដ មិត្តភាព សន្ដិភាព សហប្រតិបត្តិការអភិវឌ្ឍន៍ ដូច្នេះអ្នកដែលវាយតម្លៃ និងលាបពណ៌ខេត្តទាំងមូលហ្នឹង ខេត្តកោះកុង កំពង់សោម ដូចជា ថ្មីៗហ្នឹងជាទិសដៅនៃភូមិសាស្ត្រនយោបាយ បំភ្លៃ ដោយការយល់ច្រឡំ និងច្រណែននិន្ទាជាមួយកម្ពុជាដែលឃើញកម្ពុជាមានការវិវឌ្ឍខ្លួនឲ្យស្មើភាពជាមួយប្រទេសជិតខាងក៏ដូចជាការប្រកួតប្រជែងលើឆាកពាណិជ្ជកម្មសេរីពិភពលោក»។
លោកបន្ថែមថា សព្វថ្ងៃនេះ អ្នកនយោបាយមួយចំនួនបានយកក្រុងព្រះសីហនុជាទិសដៅវាយប្រហារផ្នែកនយោបាយ ប៉ុន្ដែអ្វីដែលជាការពិតនោះ គឺការអភិវឌ្ឍគ្រប់វិស័យទាំងផ្លូវថ្នល់ អគារពាណិជ្ជកម្មតូចធំ កាស៊ីណូ និងវិស័យសេវាកម្មផ្សេងៗទៀត ដែលជាហេតុធ្វើឲ្យមានជនជាតិចិនមករកការងារយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។
លោក គី សេរីវឌ្ឍន៍ ប្រធានមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា លំហូរជនជាតិចិនទាំងនេះ មិនមែនជារឿងអាក្រក់ទេ ព្រោះកម្ពុជាបានចំណេញពីចិនទ្វេដង «ខ្ញុំបានធ្វើការគណនាការនាំចេញទំនិញពីកម្ពុជាទៅចិនក្នុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ គណនាជាមធ្យមប្រចាំឆ្នាំ គឺមានកំណើនជាង ២៧ ភាគរយ ហើយចិននាំចូលមកកម្ពុជាវិញក្នុងឆ្នាំដូចគ្នានេះ គឺមានតែ ១៦ ភាគរយទេ»។
លោកបន្ថែមថា ដូច្នេះការភ្ជាប់ទំនាក់ទំនងជាមួយចិនអាចជំរុញឲ្យកម្ពុជាមានការចំណេញច្រើន ព្រោះការនាំចេញរបស់កម្ពុជាមានការកើនឡើងជាង ២៧ ភាគរយ ហើយកម្ពុជាក៏អាចនាំចេញទៅប្រទេសផ្សេងៗទៀតដូចនៅតំបន់អឺរ៉ុប និងក្នុងតំបន់អាស៊ានបានដែរ។
អ្នកស្រី ជាប សុធារី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុបានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន គេឃើញមាននៅសល់ដីមាត់ឆ្នេរ និងដីសំខាន់ៗជាច្រើនទៀត ប៉ុន្ដែខណៈនេះមិនមានសល់ដីសម្រាប់ដើរមើលទេសភាពដូចមុនទៀតទេ។
អ្នកស្រីបន្តថា ការរីកចម្រើននៅខេត្តព្រះសីហនុ អ្នកស្រីពិតជាសប្បាយរីករាយ ប៉ុន្ដែទន្ទឹមនឹងការអភិវឌ្ឍនេះបានធ្វើឲ្យពលរដ្ឋមានការលំបាកច្រើនគឺបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពលរដ្ឋខ្មែរមួយចំនួនបាត់បង់ការងារ ទំនិញភាគច្រើនឡើងថ្លៃ តម្លៃផ្ទះជួល និងផ្ទះសំណាក់ឡើងថ្លៃ និងចរាចរណ៍ចាប់ផ្ដើមស្ទះបណ្ដើរ។
អ្នកស្រីបញ្ជាក់ថា៖ «ការអភិវឌ្ឍនៅខេត្តព្រះសីហនុពិតជាមានការប្លែកខ្លាំង ប៉ុន្ដែខ្ញុំសូមឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាសំរាម សណ្ដាប់ធ្នាប់ សន្ដិសុខ គ្មានទឹកស្អាតប្រើ និង បញ្ហាដាច់ភ្លើង។ យើងទទួលស្គាល់ថាប្រទេសយើងទីផ្សារសេរី ប៉ុន្ដែសូមជួយសម្រួលការងារជួយជនជាតិខ្មែរផង ព្រោះពេលនេះចិន បានមកបើក មុខរបរតូចៗដូចខ្មែរ ខ្លះលក់ចេកចៀន ខ្លះលក់ពោតអាំង និងខ្លះលក់បបរជាដើម»៕