ព្រះស៊ីហនុៈ អភិបាលខេត្ដព្រះសីហនុ លោក យន្ដ មីន បានប្រាប់ទៅឧកញ៉ាម្នាក់ដែលជាប្រធានក្រុមហ៊ុន អេចធីធីអេច អាយលែន អុិនវិសមេន ឲ្យបញ្ឈប់សកម្មភាពជីកយកអាចម៍ដីនិងការចាក់ដីបំពេញតាមដងព្រែកកោះខ្យង ស្ថិតក្នុងឧទ្យានជាតិព្រះសីហនុរាម ក្នុងភូមិ កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយសារតែការចាក់ដីនេះបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
តាមរយៈលិខិតរបស់រដ្ឋបាលខេត្ដព្រះសីហនុដែលចុះហត្ថលេខាដោយលោក យន្ដ មីន កាលពីថ្ងៃចន្ទ បានសរសេរដោយមិនបានបញ្ជាក់ពីឈ្មោះឧកញ៉ានោះ ដោយគ្រាន់តែឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន អេចធីធីអេច អាយលែន អុិនវិសមេន បានស្នើសុំសាងសង់កំពង់ចម្លងមួយជាលក្ខណៈបណ្ដោះអាសន្ន ដែលមានទីតាំងស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់។
រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ រដ្ឋបាលខេត្ដ បានឯកភាពយល់ព្រមឲ្យក្រុមហ៊ុននេះ ជីកយកដីសម្រាប់សាងសង់ផ្លូវលំក្រាលក្រួសក្រហម។
លិខិតនេះបន្ថែមថា ប៉ុន្តែ ទន្ទឹមនឹងនេះ ដើម្បីចៀសវាងនូវផលប៉ះពាល់ អវិជ្ជមាន ផ្សេងៗ ជាយថាហេតុ រដ្ឋបាលខេត្ដព្រះសីហនុ ក៏បានណែនាំទៅម្ចាស់ក្រុមហ៊ុនខាងលើ ឲ្យបំពេញនូវលក្ខខណ្ឌមួយចំនួនដូចជា ត្រូវទំនាក់ទំនង និងសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ និង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដោយស្របច្បាប់ ត្រូវរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដើម្បីតភ្ជាប់ពីទីតាំងកំពង់ចម្លងបណ្ដោះអាសន្នទៅផ្លូវក្នុងភូមិ ដែលមានស្រាប់ សម្រាប់បញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ និងក្នុងករណីរដ្ឋមានតម្រូវការចាំបាច់ដោយប្រការណាមួយ ម្ចាស់ក្រុមហ៊ុនខាងលើត្រូវប្រគល់ទីតាំងនោះជូនរដ្ឋវិញដោយគ្មានលក្ខខណ្ឌ។
លិខិតដដែលបានបញ្ជាក់ថា៖ «ប៉ុន្ដែករណីនេះ ក្រុមហ៊ុនរបស់លោក ឧកញ៉ា ពុំបានអនុវត្ដស្របតាមខ្លឹមសារលិខិតទាំង ២ នោះឡើយ។ ស្របជាមួយនឹងសកម្មភាពករណីការជីកយកអាចម៍ដី ទៅចាក់ធ្វើផ្លូវក្រាលក្រួសក្រហម របស់ក្រុមហ៊ុនលោកឧកញ៉ា ក្រសួងបរិស្ថានពិនិត្យឃើញថា បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឲ្យខូចទីជម្រាលប៉ះពាល់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ឆ្នេរ»។
តាមរយៈលិខិតរបស់លោក យន្ដ មីន ដដែលនេះបញ្ជាក់ថា៖ «ក្នុងន័យនេះ រដ្ឋបាលខេត្ដព្រះសីហនុ ស្នើលោកឧកញ៉ាបញ្ឈប់សកម្មភាពជីកយកអាចម៍ ដី និងការចាក់ដីបំពេញតាមដងព្រែកកោះខ្យង ក្នុងឧទ្យានជាតិព្រះសីហនុរាម ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ជាបន្ទាន់»។
លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរ បរិស្ថានខេត្តព្រះសីហនុ បានឲ្យដឹងកាលពីម្សិលមិញថា តាមរយៈការដឹកនាំរបស់លោក អភិបាលខេត្ដ ពេលនេះអាជ្ញាធរបានសម្រេចឲ្យម្ចាស់ក្រុមហ៊ុនខាងលើ បញ្ឈប់សកម្មភាពរបស់ខ្លួនបណ្ដោះអាសន្នហើយ ដើម្បីបន្ដសុំច្បាប់ឡើងទៅក្រសួងពាក់ពន្ធសិន។
លោកបន្ដថា៖ «ពេលនេះសកម្មភាពរបស់ក្រុមហ៊ុននោះបានផ្អាកហើយៗ ឥឡូវយើងកំពុងបន្ដធ្វើការងារហ្នឹងដែរ ដើម្បីឲ្យក្រុមហ៊ុនទៅសុំច្បាប់នៅក្រសួងឡើងវិញសិន»។
លោក សុធារិទ្ធិ ឲ្យដឹងទៀតថា ក្រុមហ៊ុននេះ ដំបូងឡើយបានស្នើសុំទៅខេត្ដព្រះសីហនុ ក្នុងការអភិវឌ្ឍផ្នែកទេសចរណ៍ ដោយមានការចាក់ដីធ្វើកំពង់ផែ និងធ្វើផ្លូវពីកំពង់ផែមកកាន់ផ្លូវរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ។
ភ្នំពេញបុស្ដិ៍ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក យន្ត មីន បានទេកាលពីថ្ងៃម្សិលមិញ ខណៈអ្នកនាំពាក្យខេត្ដ លោក ឱ សារឿន បានថ្លែងថា លោកមិនទាន់អាចធ្វើអធិប្បាយលើបញ្ហានេះបានទេ ព្រោះលោកមិនទាន់បានចុះទៅទីតាំងកើតហេតុផ្ទាល់។
បន្ទាប់ពីលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានបញ្ជាឲ្យអាជ្ញាធរស្តារមុខមាត់ខេត្តព្រះសីហនុឡើងវិញ លោក យន្ដ មីន អភិបាលខេត្តជាប់មាត់សមុទ្រមួយនេះ បានព្រមានថា៖ «ខេត្ដលែងយល់មុខ យល់មាត់អីទៀតហើយ ខេត្ដត្រូវតែខិតខំប្រឹងប្រែងអនុវត្ដនូវប្រសាសន៍របស់សម្ដេច ដូចដែលបានលើកឡើង (គឺត្រូវ)លើកមុខលើកមាត់និងសណ្ដាប់ធ្នាប់ខេត្ដ»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានលើកឡើងថា បន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលបែបនេះ អាជ្ញាធរខេត្ដព្រះសីហនុ គួរតែអនុវត្ដឡើងវិញ ចំពោះទីតាំងដែលគេរំលោភយក ដូចជាមានការចាក់ដីលុបឆ្នេរសមុទ្រជាដើម។
លោកបញ្ជាក់ថា អាជ្ញាធរត្រូវតែអនុវត្ដវិធានការតឹងរុឹងតាមផ្លូវច្បាប់ឡើងវិញទាំងអស់ ចំពោះការចាក់ដី នៅចំណុច ពយកំពេញ ចំណុចឆ្នេរព្រែកត្រែង ចំណុចឃុំទំនប់រលក ស្ថិតក្នុងស្រុកស្ទឹងហាវ ជាដើម ដែលសុទ្ធតែជាកន្លែងចាក់ដី និងធ្វើសំណង់រំលោភចូលឆ្នេរដោយអត់មានច្បាប់ អនុញ្ញាតពីរាជរដ្ឋាភិបាល៕