ភ្នំពេញៈ លោក​ សាយ ​ឈុំ អនុប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ត្រូវបាន​សមា​ជិក​ព្រឹទ្ធ​សភា​ទាំង​៦២​រូប ​បោះ​ឆ្នោត​ជា​ឯក​ច្ឆន្ទ​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា​ជាថ្មី​ក្នុង​សម័យ​ប្រជុំ​ដំបូង​នីតិ​កាល​ទី​៤ ក្រោម​ព្រះ​រាជា​ធិបតី​ព្រះ​មហា​ក្សត្រ ​បន្ទាប់​ពី​គណ​បក្ស​កាន់​អំណាច​ឈ្នះ​បាន​អា​សនៈ​ទាំង​៥៨​របស់​ព្រឹទ្ធ​សភា​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​កាលពី​ខែកុម្ភៈ​ ដោយ​គ្មាន​វត្ត​មាន​គណ​បក្ស​ប្រ​ឆាំង​។

មុន​ប្រ​កាស​សុពល​ភាព​សមា​ជិក​ព្រឹទ្ធ​សភាថ្មី​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​ទាំង​ពីររូប​នៃ​ព្រឹទ្ធ​សភា នៅ​ម៉ោង​ប្រមាណ​៩​ ព្រឹក ព្រះ​មហា​-ក្សត្រ ​នរោត្តម​ សី​ហមុនី បាន​យាង​បើក​សម័យ​ប្រជុំ​ដំបូង ​និង​អាន​ព្រះ​រាជ​សារ​របស់​ព្រះអង្គ​សម្ដែង​នូវ​អំណរ​សា​ទរ​ជូន​សមា​ជិក ​សមា​ជិកា​ព្រឹទ្ធ​សភា​ថ្មី ​និង​អំពាវនាវ​ឲ្យ«រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ»​ធានា​ការ​ពារ​ឯក​រាជ្យ​ជាតិ អធិប​តេយ្យ និង​បូរ​ណ​ភាព​ដែន​ដី​។

ព្រះ​អង្គ​មានប​ន្ទូល​ថា៖​«ជា​មួយ​គ្នា​នេះ​ដែរ​ ព្រឹទ្ធ​សភា​ត្រូវ​ធានា​ការពារ​យុត្តិ​ធម៌​ និង​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​បង្កើត​ឡើង​នូវ​សុខ​ដុម​រមនា​យូ​រ​អង្វែង​ក្នុង​សង្គម​ជាតិ​យើង»​។

ក្រោយ​ការ​ប្រ​កាស​សុពលភា​ព​ស​មា​ជិ​ក​ទាំង​៦២​រូប ដែល​៥៨​រូប​ម​កពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ២រូប​ជ្រើស​តាំង​ដោយ​ព្រះ​មហា​ក្សត្រ ​និង​២រូប​ផ្សេង​ទៀត​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា​ជាតិ​រួច​មក​ ព្រឹទ្ធ​សភា​បាន​បោះ​ឆ្នោត​ដាច់​ដោយ​ឡែក​ពី​គ្នា​ជ្រើស​រើស​ប្រ​ធាន និង​អនុ​ប្រ​ធាន​២​រូប​ផ្សេង​ទៀត​ដោយ​គ្មាន​សំ​ឡេង​ជំ​ទាស់​។

លោក ​សាយ ​ឈុំ ​អតីត​ប្រធាន​ព្រឹទ្ធ​សភា ​លោក​ នៃ ប៉េ​ណា និង​លោក​ ទេព ង​ន ​ដែល​ជា​អតីត​អនុ​ប្រ​ធាន​ទី១​ និង​ទី២​នៃ​ព្រឹទ្ធ​សភា​នីតិ​កាល​ទី​៣ ​ត្រូវ​បា​ន​សមា​ជិក​ព្រឹទ្ធ​បោះ​ឆ្នោត​គាំទ្រ​ដោយ​សំឡេង​៦២​លើ​៦២​សំឡេង​។

លោក​ ម៉ុម ​ជឹម​ហុយ ​ប្រធាន​បណ្តោះ​អា​សន្ន​ព្រឹទ្ធ​សភា​នីតិ​កាល​ទី៤ ​ដែល​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ​បាន​ថ្លែង​អប​អរ​ដល់​ឥស្សរ​ជន​ទាំង​៣​ដែល​ជាប់​ជា​ប្រ​ធាន ​និង​អនុ​ប្រធាន​ព្រឹទ្ធ​សភា ​ខណៈ​សមាជិ​ក​ព្រឹទ្ធ​សភា​ថ្មី​នឹងត្រូវ​ធ្វើ​សច្ចា​ប្រណិ​ធាន​ក្នុង​ព្រះ​បរម​រាជ​វាំង​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​មុន​ចូល​កាន់​តំណែង​។

មុន​ប្រកាស​បិទ​សម័យ​ប្រជុំ​លោក ​សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​ថ្មី​ បាន​ថ្លែង​អំណរ​គុណ​ដល់​សមាជិ​ក​ព្រឺទ្ធស​ភា​ដែល​បាន​គាំទ្រ​រូប​លោក​ជា​ប្រធាន និង​ប្ដេជ្ញា​ក​សាង​នីតិ​រដ្ឋ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​​។

លោក​ថ្លែង​ថា៖«ខ្ញុំ​ក៏​ដូចជា​ឯក​ឧ ត្តម​អនុ​ប្រធាន​ទី១ និង​អនុ​ប្រធាន​ទី២ សូម​ស​ង្ឃឹម​ជឿជាក់​ថា​ព្រឹទ្ធ​សភា​យើង​នឹង​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​កសាង​ក​ម្ពុ​ជា​ជា​នីតិ​រដ្ឋ​ ក្នុង​បរិ​យា​កាស​សា​មគ្គី​ភាត​រភាព ​យោគ​យល់​អធ្យា​ស្រ័យ និង​សហ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះ​ស្ម័គ្រ​ដើម្បី​រួម​ចំណែក​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​គោល​នយោ​បាយ​វិមជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ​នៅ​កម្ពុជា»​៕