ភ្នំពេញៈ ព្រះរាជក្រឹត្យចុះថ្ងៃទី ៤ ឧសភាកាលម្សិលមិញដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រមុខរដ្ឋស្ដីទីបានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកពីសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានថ្លែងថា លោកមិនបានដឹងអំពីមូលហេតុដែលលោក ហ៊ុន សែន បានស្នើឱ្យដកតំណែងលោកពីសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នេះទេ ហើយមានតែលោក ហ៊ុន សែន ប៉ុណ្ណោះដែលអាចប្រាប់ពីមូលហេតុនេះបាន។
លោក វឌ្ឍនាសាប៊ុង បានបន្តថា ការដកតំណែងនេះគឺកើតឡើងបន្ទាប់ពីលោកចុះទៅសិក្សាស្រាវជ្រាវអំពីវិវាទដីធ្លីមួយកន្លែងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ហើយបានកើតមានបញ្ហាប្រទាំងប្រទើសជាមួយមន្ត្រីនៅខេត្តនោះ។
លោកថា៖ «នេះគឺជាសិទ្ធិរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គាត់ឃើញថា ខ្ញុំអត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ហើយគាត់ជាអ្នកស្នើឱ្យតែងតាំងខ្ញុំ អ៊ីចឹងគាត់ឃើញយ៉ាងម៉េច អាហ្នឹងគាត់ក៏អាចស្នើឱ្យបញ្ចប់មុខតំណែងខ្ញុំ ប៉ុន្តែខ្ញុំបានធ្វើការងារតាមតែតួនាទី និងភារកិច្ចរបស់ខ្ញុំ»។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ផៃ ស៊ីផាន បានទេ។
កាលពីថ្ងៃអាទិត្យលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានចាត់ទុកតំបន់មួយក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុថា តំបន់អបគមន៍ បន្ទាប់ពីលោកបានបញ្ជាក់ថា មានមន្ត្រីបរិស្ថាន និងសន្ដិសុខឯកជនបានរារាំងលោកមិនឱ្យចុះទៅដល់ទីតាំងផ្ទាល់ដែលមានសេចក្ដីរាយការណ៍បានអះអាងថា មានការបង្ខាំងពលរដ្ឋ។
ប៉ុន្តែមន្ត្រីខេត្តព្រះសីហនុបានបដិសេធថា គ្មានករណីបង្ខាំងមនុស្សឡើយ ចំណែកក្រសួងបរិស្ថានបានចេញសេចក្ដីប្រកាសព័ត៌មានមួយចាត់ទុកសកម្មភាពរបស់លោក វឌ្ឍនាសារប៊ុង ថាមិនយល់អំពីរបៀបរបប និងនីធិវិធីធ្វើការងារ ហើយបានបង្ហាញពីចរិតក្រអឺតក្រទម និងពាក្យសម្ដីប្រមាថដោយគ្មានភ័ស្ដុតាង។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់បានថ្លែងថា លោកមិនមានយោបល់ចំពោះការដកតំណែងរបស់លោក វឌ្ឍនាសាប៊ុង ឡើយដោយសារតែការដកតំណែងនេះ គឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រីមានឆន្ទានុសិទ្ធិដកតំណែង ដែលអាចយល់ថា មានសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់បានប្រព្រឹត្តកំហុស ឬអសីលធម៌។
លោក ស្រស់ បន្តថា ការដកតំណែងនេះមិនមែនជាសារព្រមានទៅដល់សមាជិកទេ៕