ភ្នំពេញ៖ គិត​ចាប់​ពី​ឆ្នាំ ២០២០ អ្នក​ថែរក្សា​សន្តិភាព​កម្ពុជា​ជួប​ប្រទះ ដូច​ប្រជាជន​នៅ​ជុំវិញ​ពិភព​លោក​ដែរ គឺ​មាន​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់ មិន​ត្រឹមតែ​ត្រូវ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូវីដ ១៩ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​គាំទ្រ និង​ការពារ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ដែល​ពួក​គេ​បាន​និង​កំពុង​បន្ត​ប្រតិបត្តិការ​ឱ្យ​អស់​ពី​សមត្ថភាព។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បោស​សម្អាតមីន និង​កាក​សំណល់​សង្គ្រាម​ ក្នុង​ទិវា​អន្តរជាតិ អ្នក​ថែរក្សា​សន្តិភាព អង្គការ​សហប្រជាជាតិ ថ្ងៃ ២៩ ខែ​ឧសភា ក្រោម​ប្រធានបទ «មាគ៌ា​ឆ្ពោះ​ទៅ​រក​សន្តិភាព​យូរ​អង្វែង» ថាមពល​យុវជន​ដើម្បី​សន្តិភាព និង​សន្តិសុខ។

លោក​បាន​លើក​ឡើង​ក្នុង​សារលិខិត​ថា ទិវាអន្តរជាតិ​នៃ​អ្នក​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ថ្ងៃទី ២៩ ខែ​ឧសភា គឺ​ដើម្បី​ឧទ្ទិសកុសល​ដល់​ការ​ចូលរួម​ចំណែក​ដ៏​មាន​តម្លៃ​របស់​បុគ្គលិក​ក្នុង​ឯកសណ្ឋាន​យោធា និង​ស៊ីវិល ក្នុង​ការ​បំពេញ​បេសកកម្ម អ.ស.ប និង​គោរព​ដល់​កម្លាំង​ថែរក្សា​សន្តិភាព​ប្រមាណ​ជាង ៤ ០០០ នាក់ ដែល​បាន​បាត់បង់​ជីវិត ក្រោម​ទង់ អ.ស.ប តាំង​ពី​ឆ្នាំ ១៩៤៨។

លោក​ថា រយៈពេល ១ ឆ្នាំ​កន្លង​មក​នេះ អ្នក​ថែរក្សា​សន្តិភាព​រហូត​ចំនួន ១៣០ នាក់ បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​សន្តិភាព​នៅ​ពាសពេញ​ពិភព​លោក។

លោក សែម សុវណ្ណនី បាន​ឱ្យ​ដឹង​ថា៖ «រយៈពេល ១៥ ឆ្នាំ​នេះ កម្ពុជា​ដែល​ជា​សមាជិក​ដ៏​សកម្ម​មួយ​របស់ អ.ស.ប បាន​បញ្ជូន​កម្លាំង​ចូលរួម​បេសកកម្ម​សរុប​ចំនួន ៧ ៥២៣ នាក់ ក្នុង​នោះ​មាន​នារី​ចំនួន ៤៦៦ នាក់ ទៅ​កាន់​បេសកកម្ម​ចំនួន ១១ ក្នុង​ប្រទេស​ចំនួន ៩ មាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយក្រឹស ម៉ាលី អាហ្វ្រិក​កណ្តាល និង​យ៉េមែន»។

គិត​ចាប់​ពី​ឆ្នាំ ២០០៦ មក​ទល់​នឹង​បច្ចុប្បន្ន វីរយុទ្ធជន​កម្ពុជា​ចំនួន ១០ រូប បាន​ពលី​ជីវិត​លើ​សមរភូមិ​នៃ​តំបន់​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី និង​អាហ្វ្រិក​កណ្តាល។

លោក​បាន​ថ្លែង​ថា៖ «កម្ពុជា​សូម​សម្ដែង​នូវ​ការ​ដឹង​គុណ​ដ៏​ជ្រាលជ្រៅ ជូន​ចំពោះ​គ្រប់​កងកម្លាំង​រក្សា​សន្តិភាព និង​អតីត​កង​រក្សា​សន្តិភាព ពិសេស​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​ស្ម័គ្រចិត្ត​ចូល​រួម​ចំណែក​ក្នុង​បេសកកម្ម ដែល​បច្ចុប្បន្ន​ប្រឈម​នឹង​ភាព​ស្មុគស្មាញ​ព្រម​ទាំង​មាន​ហានិភ័យ​ខ្ពស់»។

អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រូប​នេះ​ថា ឆន្ទៈ​របស់​កម្ពុជា​មិន​រាថយ​ក្នុង​ការ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់ អ.ស.ប ​ជា​ដាច់​ខាត និង​បន្ត​គាំទ្រ​នូវ​ការ ដាក់​ចេញ​សកម្មភាព ដើម្បី​សន្តិភាព​របស់​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រសិទ្ធភាព​នៃ​ការ​ចូលរួម​បេសកកម្ម និង​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ឱ្យ​បាន​ជា​អតិបរមា៕